ខេត្តព្រះសីហនុ ៖ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី២៥ ខែ មករា ឆ្នាំ២០១៩ នាបរិវេណសាកលវិទ្យាល័យឡាយ (Life) ក្រុងព្រះសីហនុ បានប្រារព្ធកម្មវិធីយុទ្ធនាការឆ្លើយតបជាបន្ទាន់ និងជំងឺគ្រុនឈាម នៅក្នុងមូលដ្ឋានក្រុងព្រះសីហនុទាំងមូល ដោយបានបង្កើតឲ្យមានក្រុមការងារចុះធ្វើការអប់រំសុខភាព ដាក់អាបែត និងបាញ់ថ្នាំសំលាប់ភ្នាក់ងារចំលងជំងឺគុនឈាន ឬបាញ់ថ្នាំសម្លាប់សត្វមូសជាដើម។
នាយិកាមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន មានប្រសាសន៍ថា យុទ្ធនាការនេះ ធ្វើឡើងដើម្បីឆ្លើយតបបន្ទាន់ និងឲ្យបានទាន់ពេល ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុងក្រុងព្រះសីហនុ ដោយមន្ត្រីជំនាញបានចុះធ្វើការអប់រំសុខភាព ដាក់អាបែត និងបាញ់ថ្នាំសំលាប់ភ្នាក់ងារចំលងជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឬតាមផ្ទះ ឲ្យមានការយល់ដឹងអំពីបញ្ហាថែរក្សាសុខភាពរៀងៗខ្លួន ឲ្យបានអប្រសើរថែមទៀត។
លោកស្រី លឹម សាមាន ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្ថែមថា ក្រុមឆ្លើយតបបន្ទាន់ នៃកម្មវិធីប្រយុទ្ធ និងជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុ គឺមានការចូលរួមគាំទ្រពី ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ព្រមទាំងលោកស្រីប្រធានមន្ទីរសុខាភិបាល ចៅសង្កាត់ មេភូមិ ក្រុមអ្នកស្ម័គ្រចិត្តតាមភូមិ និងនិសិត្ស-សិស្សានុសិស្ស នៅទូទាំងក្រុងព្រះសីហនុក៏បានចូលរួមផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងមកខេត្តព្រះសីហនុ មានករណីជំងឺគ្រុនឈាមសរុបចំនួន២០៣នាក់ និងមិនមានមនុស្សស្លាប់ទេ។ យ៉ាងនេះក្តី អ្នកស្រី លឹម សាមៀន នាយិកាមន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា នៅក្នុង៣សប្តាហ៏ នៃដើមឆ្នាំ២០១៩នេះ ជងឺគ្រុនឈាមទាំងមនុស្សចាស់ និងកូនក្មេង បានកើនដល់ជាង ៥០នាក់ ដែលជាសញ្ញា ឬជាកំណើនគួរអោយព្រួយបារម្មណ៏បំផុតមួយសម្រាប់សុខភាព របស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុទាំងមូល។
ផ្តើមពីបញ្ហានេះ លោកស្រី លឹម សាមាន បានសង្កត់ធ្ងន់ថា មន្ត្រីជំនាញស្ថាប័ននេះ កំពុងយកចិត្តទុកដាក់តាមដាន និងពិនិត្យព្យាបាល ជំងឺគ្រុនឈាមនេះ ឲ្យយកចិត្តទុកដាក់ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ប្រយោជន៍ឈានទៅការពារទប់ស្កាត់ ការរីករាលដាលជំងឺគ្រុនឈាមនេះ ឲ្យមានប្រសិទ្ធភាព។ ក្នុងនោះមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានប្រកាសប្រមូលផ្តុំកំលាំងមកពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនឲ្យចូលរួមទាំងអស់គ្នា ក្នុងន័យប្រយុទ្ធប្រឆាំង កាពារ ទប់ស្កាត់ ជំងឺគ្រុនឈាម នៅមូលដ្ឋានខេត្តព្រះសីហនុ ឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីរួមចំណកថែរក្សាសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឲ្យបានល្អប្រសើរថែមទៀត៕ ដោយ ដែន សីមា