Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ល្បាត​គយ ចំនួន​២​គ្រឿង​នឹង​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព ក្នុង​ការបង្ការ​ទប់ស្កាត់ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ​

​ព្រះសីហនុ ​៖ អគ្គនាយក​គយ​និង​រដ្ឋាករ បាន​បញ្ជាក់ថា ការបំពាក់​នាវា​ល្បាត​គយ ចំនួន​២​គ្រឿង ដែលជា​ជំនួយ របស់​រដ្ឋាភិបាល​ជប៉ុន ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​បន្ថែមទៀត ក្នុងការ​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធិភាព ក្នុង​ការបង្ការ​ទប់ស្កាត់ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្រ និង​តំបន់ឆ្នេរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​អាច​ចូលរួម​ក្នុងការ ពង្រឹង​សន្តិសុខ​លំហរ​សមុទ្ទ​កម្ពុជា​ផងដែរ ។

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​វត្តមាន​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា គណៈប្រតិភូ​ជប៉ុន ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ និង​រដ្ឋាករ ព្រមទាំង ស្ថាប័ន និង​អាជ្ញា​ធរមាន សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​សរុប​ប្រមាណ​ជាង​៥០០​នាក់ នា​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​អញ្ជើញ​សម្ពោធ​ដាក់ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នាវា​ល្បាត​គយ ២ គ្រឿង និង​ពិធី​អបអរសាទរ​ទិវា​គយ​អន្តរជាតិ​។​

​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​គូសបញ្ជាក់ថា ទន្ទឹមនឹង​ការអនុវត្ត​តួនាទី និង​ភារកិច្ច​ស្នូល ក្នុងការ​ប្រមូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា កំពុង​បន្តសកម្មភាព​កែទម្រង់ និង​ទំនើបកម្ម ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ និង​ការអភិវឌ្ឍ​កាន់តែ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​វិនិយោគ និង​ពាណិជ្ជកម្ម ជាពិសេស ក្នុង​បរិបទ​ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចកម្ពុជា ក្នុង​តំបន់ និង​សកលលោក​។ ការបំពាក់​នាវា​ល្បាត​គយ ចំនួន​២​គ្រឿង ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម នា​ថ្ងៃនេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​បន្ថែមទៀត​ក្នុងការ​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធិភាព ក្នុង​ការបង្ការ​ទប់ស្កាត់ និង បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅក្នុង​ភូមិសាស្ត្រ​សមុទ្ទ និង​តំបន់ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​អាច​ចូលរួម​ក្នុងការ ពង្រឹង​សន្តិសុខ​លំហរ​សមុទ្ទ​កម្ពុជា​ផងដែរ ។ នាវា​ល្បាត​នីមួយៗ​មាន​បំពាក់​ប្រព័ន្ធ​រ៉ា​ដា វិទ្យុទាក់ទង កែវ​យឺត និង​បរិក្ខារ ទំនើបៗ ដែល​អាច​បម្រើ​ដល់​ប្រតិបត្តិការ​លើ​ផ្ទៃសមុទ្រ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​ក្នុងឱកាស​នោះដែរ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា បាន​លើកឡើងថា អនុវត្តន៍​តាម​កិច្ចពិភាក្សា ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ដែល​បាន​ចុះ ហត្ថលេខា​ដោយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​កម្ពុជា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នា​ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ​។ នេះ​ជា​លើកដំបូង ដែល​អាជ្ញាធរ​គយ​ជប៉ុន បានផ្តល់​ជំនួយ​ជានា​វា​ល្បាត គយ មាន​ទឹកប្រាក់​សរុប ៤​លាន​៥​សែន​ដុល្លា​អាមេរិក ជូន​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ជាមួយគ្នានេះ លោ​កឯ​អគ្គរដ្ឋទូត​រំពឹងថា ការបំពាក់​នាវា​ល្បាត​គយ ចំនួន ២ គ្រឿង​នេះ នឹងចូលរួម​ចំណែក ក្នុងការ​បង្ក្រាប​កា​ររ​ត់​ពន្ធ​នៅតាម​ដែន សមុទ្រ របស់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា និង​ការគ្រប់គ្រង​ច្បាប់​នាវាចរ​នៅ​កម្ពុជា កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែម ទៀត​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ចំពោះ​ការផ្តល់​ជំនួយ​ដ៏​សំខាន់​នេះ​។ លោក​បាន​គូសបញ្ជាក់​ថា ប្រទេស​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ដែល​តែងតែ​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ការស្ដារ និង អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច រួមទាំង ការចូលរួមចំណែក​នាំមក​នូវ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​ដល់​កម្ពុជា​ផងដែរ ។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា នយោបាយ ឈ្នះ​-​ឈ្នះ ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​នាំមក​ជូន​ប្រទេសជាតិ​នូវ​សុខសន្តិភាព ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី ដែលជា​មូលដ្ឋានគ្រឹះ និង​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស​។ កត្តា​ទាំងនេះ​បាន​នាំឱ្យ​កម្ពុជា សម្រេចបាន​នូវ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដោយ​ជោគជ័យ ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ ៧​ភាគរយ ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លងមក​នេះ ហើយ​ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប កាលពី​ឆ្នាំ ២០១៥ កន្លងមក​។​

​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​រដ្ឋា​បាល​គយ និង​រដ្ឋាករ​កម្ពុជា ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ក្នុងការ​អនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ពិសេស​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល រយៈពេល​មធ្យម ២០១៤-២០១៨ និង​កម្មវិធី កែទម្រង់ និង​ទំនើបកម្ម​គយ ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ចំណូល​ប្រមូល​ដោយ​រដ្ឋា​បាល​គយ និង​រដ្ឋាករ​កម្ពុជា បាន​កើនឡើង​ទ្វេដង​។​

​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា រដ្ឋា​បាល​គយ និង​រដ្ឋាករ​កម្ពុជា ត្រូវ​បន្ត​កំណែទម្រង់ និង​ទំនើបកម្ម​បន្ថែមទៀត សំដៅ​ពង្រឹងសមត្ថភាព និង​តួនាទី​របស់ខ្លួន តាមរយៈ​ការកសាង​ធនធាន មនុស្ស បំពាក់​បរិក្ខារ និង​ម​​ធ្យោ​បាយ​ការងារ រួមទាំង ប្រព័ន្ធ​ពត៌មាន​វិទ្យា​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង ការផ្លាស់ប្ដូរ​ទម្រង់ និង​អភិវឌ្ឍ​ឥតឈប់ឈរ​នៃ​សេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​។​

​ក្នុង​ពិធី​នោះ ក៏មាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គយ​អន្តរជាតិ ក្រោម​ប្រធានបទ និង​ពាក្យស្លោក ព្រំដែន វៃឆ្លាត​សម្រាប់ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការដឹកជញ្ជូន (SMART Borders for Seamless Trade, Travel and Transport) ផងដែរ​ ៕ ដោយ ​៖ ​ស្រីនាថ​

×