សៀមរាប៖ គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អង្គរត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក អស់រយ:ពេល ២៥ឆ្នាំហើយ។ រយៈពេល២៥ឆ្នាំ មកនេះ អង្គរត្រូវបានសង្គ្រោះ ឲ្យរួចផុតពីភាពគ្រោះថ្នាក់ផ្សេងៗ ហើយកិត្តិស័ព្ទអង្គរ ក៏បានខ្ចរខ្ចារ ទៅកាន់ពិភពលោក គ្រប់ទិសទីទាំងអស់។
រសៀលថ្ងៃ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៧ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូល រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅលើទឹកដីសៀមរាប។
ជាមួយនឹងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការអភិរក្សបេតិកភណ្ឌ បច្ចុប្បន្ន អង្គរ ក្លាយជាគោលដៅទេសចរណ៍លេខ១ នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ បានចាត់ទុកអង្គរ ជាគោលដៅទស្សនា ក្នុងក្តីស្រមៃរបស់ខ្លួន។
ពិធីនេះនឹងប្រារព្ធឡើង ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ អ្នកជំនាញការជាន់ខ្ពស់ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ការប្រារព្ធពិធីនេះឡើង គឺដើម្បីរំឭកស្មារតីកូនខ្មែរ គ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿង របស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិ បេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
លោកស្រី ម៉ែន សំអន បានមានប្រសាន៍ថា ៖ ព្រឹត្តិការណ៍នេះ ធ្វើឡើងមិនត្រឹមតែ ដើម្បីអបអរសាទរ ខួបលើកទី២៥ ឆ្នាំ នៃការដាក់បញ្ចូល រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ប៉ុណ្ណោះទេ គឺបានបង្ហាញពីមោទនភាពជាតិ និងកិត្យានុភាព និងការលើកតម្កើង តម្លៃសម្បតិ្តបេតិកភណ្ឌ វប្បធម៌កម្ពុជា នៅលើឆាកអន្តរជាតិ និងសកលលោកទាំងមូល ផងដែរ។ ជោគជ័យដ៏ធំធេងនេះ មិនមែនជាការចៃដន្យនោះទេ គឺពិតជាបានមកពីការ ខិតខំប្រឹងប្រែងថែរក្សា និងអភិរក្ស ពីរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវប្បធម៌ និងបេតិកភណ្ឌជាតិ។ លើសពីនេះទៀត នេះក៏ជាការបញ្ជាក់យ៉ាងច្បាស់ ពីការសម្តែងនូវកត្តញ្ញុតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់ កម្លាំងកាយចិត្ត និងស្មារតី ក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង។
លោកស្រី ក៏បានក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋ និងវិស័យឯកជន មេត្តាគោរពទៅតាមបទដ្ឋាននានា កុំឲ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ត្រូវយកវប្បធម៌ ពង្រីកវិស័យ ទេសចរណ៍ ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាព៕ដោយ៖បញ្ញាស័ក្តិ