រាជធានីភ្នំពេញ ៖ សាធារណជនទូទៅ និងប្រជាពលរដ្ឋ មានចម្ងល់ថា តើពិតដែរឬទេ ចំពោះព័ត៌មានមួយចំនួន ដែលលេចឮមកថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដើម្បីចុះធ្វើអធិការកិច្ចស្រាវជ្រាវ លើករណីក្រុមមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រើហិង្សា ទៅលើប្រជាពលរដ្ឋទាំងដៃជាប់ចំណង នៅក្នុងអំឡុងពេល បានចុះបំពេញការងារ អនុវត្តសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធរឿងជម្លោះដីធ្លី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្បែរវត្តអូរត្រេះ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទោះជាបែបនេះក្តី គេហទំព័រយើង នៅមិនទាន់មានប្រភព ដើម្បីទាក់ទង លោក សៅ សុខា និងមន្ត្រីនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នើការបំភ្លឺជុំវិញករណីខាងលើបានទេ តាមទូរស័ព្ទ នៅថ្ងៃអង្គារ៍ ទី២៩ ខែមករា ឆ្នាំ២០១៩។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មានបណ្តាញសង្គមមួយចំនួន បានបង្ហោះវីដេអូឃ្លីប ដែលបង្ហាញឲ្យឃើញសកម្មភាពរបស់មន្ត្រីកងរាជអាវុធហត្ថ ឬប៉េអឹមខេត្តព្រះសីហនុ ចាប់ប្រជាពលរដ្ឋចងស្លាបសេក រួចយកជើងជាន់ធាក់ពីលើឲ្យដេកពោបក្រាបដល់ដីយ៉ាងហឹង្សានោះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកសារព័ត៌មាន បានយកទៅបង្ហោះ ឬយកទៅចុះផ្សាយនៅតាមគេហទំព័រមួយចំនួន។
រូបវីដេអូឃ្លីបនោះ បន្ទាប់ពីបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័រព័ត៌មានមួយចំនួន បានធ្វើឲ្យមានមតិរិះគន់យ៉ាងខ្លាំង ពីសាធារណជនទូទៅ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន…។
ងាកមកព័ត៌មានក្រៅផ្លូវការដែលថា លោក សៅ សុខា បានបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ច ចុះធ្វើអធិការកិច្ច ករណីប៉េអឹម បានប្រើហឹង្សាយ៉ាងកំរោលទៅលើពលរដ្ឋទាំងដៃទាំងពីរ ត្រូវចងស្លាបសេកខាងលើនេះ ប្រភពបញ្ជាក់ថា សមាសភាពនោះ ដឹកនាំដោយ លោក សៅ ចន្ទគ្រឹស្នា នាយការិយាល័យអធិការកិច្ចស្តីទី នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ចំណែកចំពោះសកម្មភាពចុះអនុវត្តសាលដីកា របស់តុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រភពពីកម្លាំងសមត្ថកិច្ចស្នើមិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានកម្លាំងសមត្ថកិច្ចចម្រុះច្រើនជាង ៣០០នាក់ ក្រោមការដឹកនាំបញ្ជា ដោយ លោក សៀង សុខ ព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រះសីហនុ បានចុះអនុវត្តសាលដីកា ចូលជាស្ថាពរលេខ ៣៤៨ “ឈ” ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ការចុះអនុវត្តសាលដីកាខាងលើនេះ បានឈានដល់ក្រុមប្រជាពលរដ្ឋមានគ្នាប្រមាណ ២០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា និងមានដុតកងឡាន ប្រើប្រាស់ដបសាំង និងដុំថ្ម ជាដើម ដើម្បីគប់ ប្រឆាំងតបតជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ហើយឈានដល់ផ្ទុំអំពើហឹង្សា។ ចំណែកកម្លាំងសមត្ថកិច្ច ក៏បានផ្ទុះអាវុធមួយប្រាវលាន់ឮដូចលាជផ្ទុះ ដើម្បីបំបែកការតវ៉ា របស់ប្រជាពលរដ្ឋតវ៉ាដីធ្លីទាំងនោះឲ្យរត់ខ្ចាត់ខ្ចាយ។
កម្លាំងសមត្ថកិច្ចចម្រុះ បានឲ្យដឹងថា ក្នុងអំឡុងពេលកម្លាំងសមត្ថកិច្ចបានប៉ះទង្គិចគ្នា ជាមួយប្រជាពលរដ្ឋនោះ គឺបានបណ្តាលឲ្យរបួសសមត្ថកិច្ចមួយចំនួនផង ទើបសមត្ថកិច្ចផ្ទុះអាវុធបាញ់ឡើងលើប្រមាណ២០គ្រាប់ បណ្តាលឲ្យប្រជាពលរដ្ឋរត់បុកគ្នារបួស និងឃើញបុរស់ម្នាក់រងរបួសធ្ងន់ដោយត្រូវគ្រាប់កាំភ្លើង។
ភ្លាមៗបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានបំបែកហ្វូងប្រមូលផ្តុំគ្នាតវ៉ារួចហើយ ក៏ឃើញមានប្រជាពលរដ្ឋចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ខ្នោះដៃ និងចងស្លាបសេក នៅត្រង់ចំណុចទីតាំងកន្លែងកើតហេតុ។ ក្នុងនោះឃើញមានបុរសម្នាក់ ដែលត្រូវគ្រាប់កាំភ្លើងបានដេកដួលនៅលើដីទាំងដៃទាំពីរ ជាប់ចំណង ហើយបានដង្ហោយរកគ្រូពេទ្យឲ្យមកជួយសង្គ្រោះក្នុងសំឡេងខ្សាវៗ។ ហើយបន្តិចក្រោយមក ក៏ឃើញមានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានមកដឹកយកអ្នករបួសចំនួនពីរនាក់ ទៅព្យាបាល ឬសង្គ្រោះ។
ដោយឡែក ចំពោះប្រជាពលរដ្ឋដែលជាជនបង្ក ផ្សេងទៀត ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនចំនួន៤នាក់ ដោយបាននាំយកទៅសាកសួរ និងធ្វើការអប់រំ ណែនាំ រួចក៏បានដោះលែងឲ្យទៅលំនៅដ្ឋានរៀងៗវិញ។ ហើយចំពោះពលរដ្ឋម្នាក់ ដែលរងរបួសស្រាល ក៏បានចេញពីមន្ទីរពេទ្យបង្អែកខេត្ត ហើយបានវិលទៅផ្ទះវិញដោយខ្លួនឯង។ រីឯអ្នករងរបួសធ្ងន់ឈ្មោះ ពៅ សារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានរថយន្តពេទ្យនាំយកទៅសង្គ្រោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យព្រះកុសមៈ ដោយក្រុមគ្រូពេទ្យបានវះយកក្បាលគ្រាប់ ដែលបៀមចេញពីក្នុងខ្លួនរួចហើយ៕ ដោយ ៖ ដែន សីមា