Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ខេត្ត​កោះកុង រអ៊ូ​រទាំ ខ្វះ​ទឹកស្អាត​ប្រើប្រាស់ នៅ​រដូវប្រាំង​ឆ្នាំនេះ​

​ខេត្ត​កោះកុង ​៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ខេត្ត​កោះកុង បង្ហាញ​ការព្រួយបារម្ភ លើ​បញ្ហា​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​មិន​បាន​គ្រប់គ្រាន់ នា​រដូវប្រាំង​ឆ្នាំនេះ ព្រោះ​ជា​ច្រើន​ឆ្នាំ​មកហើយ​នៅ​រដូវប្រាំង​ចូលមក​ដល់​ម្តងៗ​មូលដ្ឋាន​នេះ​តែង​ខ្វះ​ទឹក​ប្រើប្រាស់​។​

​ក្រុម​ប្រជាពលរដ្ឋ បានឲ្យដឹងថា កង្វះ​ទឹកស្អាត​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​នេះ គឺ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​ខេត្ត​កោះកុង ព្រោះ​តែង «​ខ្វះ​ទឹកសាប​» សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ប្រើប្រាស់​នៅ​ក្នុង​រដូវប្រាំង​។​

​ប្រជាពលរដ្ឋ​បន្តថា ក្នុង​ឆ្នាំ​២០១៩​នេះ ទំនង​ជា​ក៏​មិន​ខុស​ពី​ឆ្នាំមុនៗ​ដែរ គឺ​កង្វល់​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​នេះ ធ្វើអោយ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កោះកុង មាន​កង្វល់​យ៉ាងខ្លាំង​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ បាន​លើកឡើង​ថា ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រភព​ទឹកស្អាត​កំពុង​ប្រឈម​កង្វះខាត​ប្រើប្រាស់ ព្រោះ​ក្រុមហ៊ុន ដែល​ផលិត​ទឹកស្អាត​នោះ បាន​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ មិន​បាន​គ្រប់គ្រាន់ ដោយ​នៅ​តាម​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​តាម​គ្រួសារ​នី​មួយៗ បណ្តាញ​ទឹកសាប​បើក​មិន​ចេញ​ទឹក​ទេ​។​

​ប្រជាពលរដ្ឋ​ទៀត​បន្ត​ថា រាល់ថ្ងៃ​នៅ​ក្នុង​ទីប្រជុំជន​កោះកុង គឺ​មាន​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន គឺ​ប្រព័ន្ឋ​ផ្គត់ផ្គង់​ទឹក​បើក​មិន​ចេញទឹក​តែម្តង ជាពិសេស​ពលរដ្ឋ​មាន​លំនៅដ្ឋាន​ស្ថិតក្នុង​តំបន់​ខ្ពស់ៗ គឺ​គ្មាន​ទឹក​ប្រើប្រាស់​តែម្តង​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​អះអាង​ថា សម្រាប់​ទឹកសាប​នៅ​ខេត្ត​កោះកុង គឺ​ត្រូវបាន​គេ​កាត់ផ្តាច់ ដោយ​ចន្លោះ ពោល​គឺ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ នៅតាម​ប្លុក​មួយ​ចំនួន​ដូចជា​៖ នៅតាម​តំបន់​ក្រុមហ៊ុន លី​យ៉ុង​ផាត់ និង​តាម​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ដើម ទើប​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​

​គួរ​រំលឹក​ឲ្យដឹងថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ដោយសារ​តែ​រដូវប្រាំង មាន​រយៈពេល​វែង រីឯ​ប្រភព​ផ្គត់ផ្កង់​ទឹកស្អាត ក៏​ចេះតែ​ស្រក​ជា​លំដាប់ ធ្វើឲ្យ​ប្រជាពលរដ្ឋ រស់​នៅក្នុង​ទីប្រជុំជន​ក្នុង​ក្រុង​កោះកុង ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​។​

​ប្រជាពលរដ្ឋ បញ្ជាក់ថា កាល​នោះ​ក្រុមហ៊ុន លី យ៉ុង​ផាត់ សម្រេច​ផ្គង់​ទឹកស្អាត ដោយ​ធ្វើ​ការបិទ និង​បើក​ប្រព័ន្ធ​បង្ហូរ​ទឹកសាប ឬ​ទឹកស្អាត មាន​ពេលវេលា​កំណត់ ក្នុង​ទី​រួម​ខេត្តកោះកុង​។​

​ប្រជាពលរដ្ឋ អះអាង​ទៀតថា ចំពោះ​ការផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់​មិន​បាន​គ្រប់គ្រាន់ ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ទីប្រជុំជន​ផ្សេងៗ​ទៀត នា​ខេត្តកោះកុង បាន​ធ្វើអោយ​បាត់បង់​ភ្ញៀវ​ទេសរ​ចូលមក​ស្នាក់​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ និង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​កោះកុង ជា​បន្តបន្ទាប់ ដោយសារ​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ធ្វើអោយ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ អាហា​រដ្ឋា​ន និង​តាម​រមណីយដ្ឋាន​មួយចំនួន​រអ៊ូរទាំ និង​រិះគន់​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​កោះកុង ថា មិន​បាន​ជួយ​គិតគូ​រឿង​ខ្វះ​ទឹក​ប្រើប្រាស់​ជា​រៀងរាល់ឆ្នាំ នា​រដូវប្រាំង​ចូលមក​ដល់​ម្តងៗ​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កោះកុង បាន​សំណូមពរ​ដល់​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង និង​ថ្នាក់ដឹកនាំ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​មាន​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ និង​ដោយ​អនុគ្រោះ ព្រោះ​តែ​ពេល​បច្ចុប្បន្ន​នេះ ខេត្ត​កោះកុង មិន​មាន​ទឹក​ស្អាត សម្រាប់​ផ្តល់​ជូន​ពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន​ទេ នៅ​រដូវប្រាំង​ឆ្នាំនេះ​៕ ដោយ​៖ ដែន សីមា​

 

×