ហេតុការណ៍នេះកើតឡើង ខណៈពេលដែល Cheikh Faizal អាយុ ៩ឆ្នាំ កំពុងដើរលេងជាមួយឪពុកខ្លួន ឆ្លងកាត់តំបន់ស្ថានីយ៍រថភ្លើង នៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
នៅស្ថានីយ៍នេះ Cheikh បានសំឡឹងឃើញក្មេងអនាថាម្នាក់ មានអាយុតិចជាងវាកំពុងអង្គុយសុំទានជាមួយម្តាយ វាមានអារម្មណ៍អាណិតក្មេងនោះជាពន់ពេក ព្រោះអាវគ្មានពាក់ ដើរជើងទទេ ។ Cheikh ប្រញាប់ឱនដោះស្បែកជើងរបស់វារួមទាំងស្រោមជើងផង ខួរពាក់ឲ្យក្មេងនេះថែមទៀត ។ មុនចាកចេញទៅវានៅឱនថើបក្មេងនោះដោយពុំមានការរើសអើង ឬខ្ពើម ។
ឪពុករបស់ Cheikh លោក Sofian ពិតជាស្រឡាំងកាំង តែមួយសន្ទុះក្រោយគាត់ពិតជារំភើប និងមោទនភាពចំពោះកូនប្រុសខ្លួន ។ លោកពោល ៖ “សង្ឃឹមថា មនុស្សទាំងអស់លើពិភពលោកអាចបានឃើញសារវិជ្ជមានមួយពីទង្វើរបស់ Cheikh ហើយយើងអាចជួយឲ្យជីវិតមនុស្សគ្រប់រូបបានល្អប្រសើរជាងមុន” ។
“កូនប្រុសខ្ញុំបានបង្ហាញនូវក្តីស្រឡាញ់ចំពោះមនុស្សទាំងអស់ សូម្បីតែមនុស្សអនាថា ។ ចុងក្រោយ Cheikh បានដើរជើងទទេមកផ្ទះវិញ ក្នុងអារម្មណ៍រីករាយសប្បាយចិត្តណាស់” ។
ប្រិយមិត្ត ! ចុះបើអ្នកវិញតើហ៊ានធ្វើដែរឬទេ!?
ចន្ទ្រា