ភ្នំពេញ ៖ ដំណាំស្មៅ sorghum ត្រូវបានលោក Segoshi ជាជនជាតិជប៉ុននិងជាពាណិជ្ជករជប៉ុន និងក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីស្រាវជ្រាវសាកល្បង ដោយមានការគាំទ្រពីក្រសួងកសិកម្ម ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។
តាមរយៈផេកហ្វេសប៊ុក កាលពីថ្ងៃទី១ខែកុម្ភៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា លោកSegoshi ជាជនជាតិជប៉ុន និងជាពាណិជ្ជករជប៉ុនមួយរូប បានខិតខំប្រឹងប្រែង គិតគូរ និងរកគ្រប់មធ្យោបាយដើម្បីជួយធ្វើទំនើបកម្ម កសិកម្ម នៅកម្ពុជា តាមរយៈការដាំដុះស្មៅ sorghum ដែលជាប្រភេទដំណាំកសិកម្មអាចបម្រើគោលដៅ ឧស្សាហកម្ម ដូចជា ផលិតជាប្រេងជីវចម្រុះ អគ្គិសនី ស្ករស និងចំណីសត្វពាហនៈជាដើម។ ដំណាំនេះ មានដាំដុះខ្លាំងនៅអាមេរិក អូស្ត្រាលី ប្រេស៊ីលជាដើម។ ជាពិសេសក្នុងការផលិតជាចំណីសត្វពាហនៈជាកញ្ចប់ ដែលអាចរក្សាទុកបានយូរ មានអនាម័យ និងគុណភាពខ្ពស់។ ដំណាំsorghum ត្រូវបានលោក Segoshi និងក្រុមហ៊ុនYanmar សហការជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីស្រាវជ្រាវសាកល្បង ដោយមានការគាំទ្រពីក្រសួងកសិកម្ម ប្រើអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ដំណាក់កាលឆ្នាំ២០១៨-២០១៩នេះ បានទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ដោយបានផ្តល់ថវិកាជិត១លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង ទិញសម្ភាររួមមានត្រាក់ទ័រ ម៉ាស៊ីនច្រូតកាត់និងវេចខ្ចប់ជាដើម។
លោកអគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា វិញ្ញាសាទាក់ទងទំនើបកម្មកសិកម្មនេះ ជាទិសដៅតែមួយគត់នៃបដិវត្តន៍ ផ្លាស់ប្តូរសហការ ជាមួយនិងឥរិយាបថរបស់ប្រជាកសិករ ឱ្យវិវត្តន៍ប្រែប្រួល ទៅតាមតម្រូវការទីផ្សារនិងវិទ្យាសាស្ត្រ ដែលបង្កើនផលចំណេញ និងកាត់បន្ថយហានិភ័យផ្សេងៗ។ ខែ្មរអាចធ្វើបាន ផលិតបានលើការធ្វើទំនើបកម្មកសិកម្មនេះ តាមរយៈពង្រឹងចំណេះដឹង សម្ភារបច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ សហគមន៍កសិកម្ម និងទំនាក់ទំនងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។ កសិករគឺជាពាណិជ្ជករលើដីស្រែចំការខ្លួនឯង៕ ដោយ ៖ បញ្ញាស័ក្តិ