ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ សីតុណ្ហភាពនឹងមានកំណើនពី ១ ទៅ ២ អង្សាសេបន្ថែមទៀត។
បន្ទាប់ពីអាកាសធាតុនៅកម្ពុជា កំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាបនឹងបង្កឲ្យសីតុណ្ហភាពនៅកម្ពុជា ពោលគឺ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត។
នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធន ធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយបញ្ជាក់ថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាប។
ក្រុមអ្នកព្យាករក្រសួងធនធានទឹករកឃើញទៀតថា លក្ខណៈ បែបនេះ នឹងបង្កឲ្យសីតុណ្ហភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត ក្នុងនោះមាន៖ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ៖ សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។
បណ្តារាជធានី-ខេត្ត ដទៃទៀត៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ៕ ដោយ ៖ កូឡាប