ខេត្តព្រះសីហនុ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានឲ្យដឹងបឋមថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃ បុណ្យចូលឆ្នាំចិន វៀតណាម និងកូរ៉េ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានភ្ញៀវសរុបប្រមាណ ៥៨០០០នាក់។ លោកបន្តថា ចំនួននេះបានថយចុះ៣៤,០៩% បើប្រៀបធៀបពេលវេលាដូចគ្នាឆ្នាំ២០១៨ មានភ្ញៀវសរុប ៨៨០០០នាក់។
លោកសុចិត្ រគ្រឹស្នា បង្ហាញរបាយការណ៍ថា ចំនួនភ្ញៀវចូលមកកម្សាន្តនៅខេត្តព្រះសីហនុ សម្រាប់ភ្ញៀវទេសចរជាតិមានប្រមាណ ៤៥៥០០នាក់ បានថយចុះ ៤២,៤៤%។ ឆ្នាំ២០១៨មានចំនួន ៧៩០៥០នាក់។ ចំណែកភ្ញៀវអន្តរជាតិប្រមាណនាក់ ១២៥០០នាក់ គឺបានកើនឡើងចំនួន ៣៩,៦៦% ដែលកាលពីឆ្នាំមុនមានចំនួន ៨៩៥០នាក់។
ចំណែកភ្ញៀវចូលមកខេត្តព្រះសីះហនុ តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានចំនួន ៤៩ជើងហោះហើរ និងមានភ្ញៀវសរុបប្រមាណ ៥២២០នាក់។ ក្នុងនោះភ្ញៀវជាតិប្រមាណ១៥០នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ៥០៧០នាក់។ ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចេញទៅកម្សាន្តតាមបណ្តាកោះនានាសរុបមានចំនួនប្រមាណ៩២៩០នាក់ ស្រី៣៧៦៧នាក់។ ភ្ញៀវជាតិមានប្រមាណ ២៥៥៥នាក់ ស្រី១២៦៧នាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦៧៣៥នាក់ ស្រី២៥០០នាក់។
រីឯភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ តាមនាវាទេសចរណ៍បរទេស ១គ្រឿង កាលពីថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានទេសចរសរុបចំនួន ២៨៨នាក់ ស្រី១៦៩នាក់ និងមាននាវិកសរុប ១៩៥នាក់ ស្រី៤៧នាក់។
លោក តាំង សុចិត្រគ្រឹស្នា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះភ្ញៀវទេសចរចូលទៅកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុរួមមាន៖ រមណីយដ្ឋានក្បាលឆាយមាន មានភ្ញៀវសរុបប្រមាណ ៣៦៥៤នាក់។ ភ្ញៀវទេសចរជាតិមាន ៣២៨៩នាក់ និងអន្តរជាតិមាន៣៦៥នាក់។ រមណីយដ្ឋានថ្មរ៉ូងមានភ្ញៀវសរុបប្រមាណ ២៣៥០នាក់។ ក្នុងនោះភ្ញៀវជាតិមាន២២៩០នាក់ និងភ្ញៀវអន្តរជាតិចំនួន៦០នាក់។ រមណីយដ្ឋានពិកនិក មានភ្ញៀវទេសចរសរុប ៦៥០នាក់។ ភ្ញៀវទេសចរជាតិ៤៥៥នាក់ និងអន្តរជាតិ១៩៥នាក់៕ ដោយ៖ ដែន សីមា