Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ពិនិត្យមើល​អគារ​ថ្មី​នៃ​ធនាគារជាតិ មុន​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​

​ខេត្ត​ស្វាយរៀង ៖​ ​លោក ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ ​នា​ព្រឹក​ថ្ងៃ​សុក្រ ៤​កើត ខែ​មាឃ​ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ពិនិត្យមើល​អាគារ​ថ្មី​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្ត​ស្វាយរៀង​ដែល​ទើប​សាងសង់​រួចរាល់​នឹងដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ខាងមុខ​នេះ​ក្រោម​អធិតីភាព​ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគាតិ​នៃ​កម្ពុជា​។​

​អញ្ជើញ​ចូលរួម​អមដំណើរ​លោក​អភិបាល​ខេត្ត​នា​ឱកាស​នោះ​ដែរ​មាន លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្ត​ស្វាយរៀង ព្រមទាំង​សហការី​ជាច្រើនរូប​ទៀត​។​

​បើ​តាម​អំពី​ប្រវត្តិ របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឱ្យដឹងថា​៖ ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ​១៩៥៤ បន្ទាប់​ពី​ប្រទេស​ជាតិ​បាន​ទទួលឯករាជ្យ​ពី​អាណានិគមនិយម​បារាំង និង បន្ទាប់​ពី​វិទ្យាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន​ត្រូវបាន​បិទទ្វារ​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់រៀល​ឯករាជ្យ​របស់​ខ្លួន​ដើម្បី​បញ្ចប់​ជា​ស្ថាពរ​នូវ​សម្ព័ន្ធភាព​ជាមួយ​ប្រាក់ វៀតណាម និង ឡាវ ។ ពេល នោះ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ធនាគារ​រដ្ឋ និង ធនាគារ​ឯកជន ធ្វើ​ប្រតិបត្តិការ​ទន្ទឹមគ្នា​លើ​ដែនដី​ប្រទេស​កម្ពុជា​។

​នៅ​ឆ្នាំ ១៩៦៤ ដើម្បី​បំរើ​ឱ្យ​គោលនយោបាយ​កសាង​ជាតិ​នៃ​សង្គម​រាស្ត្រនិយម រដ្ឋ​បាន​ធ្វើ​ការកែទម្រង់​ប្រព័ន្ធ​ធនាគារ​ជា​បន្តបន្ទាប់ ដើម្បី​តម្រូវ​ទៅ​តាម​សេចក្តីត្រូវការ​នៃ​សេដ្ឋកិច្ច​ជាតិ​នា​សម័យ​នោះ ដោយ​បាន​ប្រែក្លាយ​ធនាគារ ជាតិ​នៃ​កម្ពុជា​ពី​ទម្រង់​ស្ថាប័ន​ពាក់កណ្តាល​ស្វ័យ​តទៅ ជា​ធនាគារ​រដ្ឋ​ក្រោម ទម្រង់​ជា​ស្ថាប័ន​សាធារណៈ ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម និង ពាណិជ្ជកម្ម ចំណែកឯ ធនាគារឯកជន​ជាតិ និង​បរទេស​ត្រូវបាន​បិទទ្វារ ហើយ​រដ្ឋ​បាន បង្កើត​ធនាគារ​ដែល​កាន់កាប់​ដោយ​រដ្ឋ​មួយចំនួន​ដូចជា ធនាគារ​ឥណទាន ជាតិ​ធនាគារ​អភិវឌ្ឍន៍​និង​ធនាគារ​កសិកម្ម​ជនបទ​។

​ចាប់តាំងពី​ចុងឆ្នាំ​១៩៧០ រហូតដល់​ខែ​មេសា ឆ្នាំ​១៩៧៥ រដ្ឋ​បាន​ធ្វើ​សេរីភាវូបនីយកម្ម​ជាថ្មី​ទៅលើ​ប្រព័ន្ធ​ធនាគារ​។ ធនាគារ​ឯកជន​ត្រូវបាន​អនុញ្ញាត ឱ្យធ្វើ​សកម្មភាព​ទន្ទឹមគ្នា​នឹង​ធនាគារ​រដ្ឋ​ក្រោម​ការបញ្ជា​ណែនាំ និង​ការត្រួត ពិនិត្យ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

​ជា​អកុសល​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ ១៩៧៥ ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន បិទទ្វារ​ប្រព័ន្ធ​ធនាគារ​ទូទាំង​ប្រទេស​ត្រូវ​បាន​លុបបំបាត់​ចោល​អគា​រធនា​គារ ជាតិ​នៃ​កម្ពុជា​ត្រូវ​បាន​កម្ទេច រូបិយវត្ថុ​ជាតិ​ត្រូវ​បាន​ឈប់​ប្រើប្រាស់​។

​រហូតមកដល់​ឆ្នាំ ១៩៧៩ ទើប​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​រៀបចំ​ឡើង​វិញ ក្នុងនាម​ជា​ធនាគារ​កណ្តាល​របស់​ប្រទេស​នៅ​ថ្ងៃទី ១០ ខែតុលា​។ នៅពេល​នោះ​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​ស្តារឡើងវិញ​ពី​កំរិត​សូន្យ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មនុស្ស​ត្រូវបាន​ប្រមែប្រមូល និង​កសាង​ជា​បណ្តើរ ៗ រហូត​បង្កើត​បាន​ជា​ស្ថាប័ន​ធនាគារ​ជាតិ​មួយ​ដែល​មានឈ្មោះ​ថា “​ធនាគារជាតិ នៃ​ប្រជាជន​កម្ពុជា​” ។

​ដោយសារ​អគា​រធនាគារ​ក្រហម ត្រូវ​បាន​កម្ទេច​ទៅហើយនោះ ធនាគារជាតិ នៃ​ប្រជាជន​កម្ពុជា​បាន​បើក​ស្នាក់ការ​កណ្តាល​របស់​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ លើ​អគារ​អតីត​ធនាគារ​ខ្មែរ​សម្រាប់​ពាណិជ្ជកម្ម ហើយ​បាន​រៀបចំ​រចនាសម្ព័ន្ធ ក្បាលម៉ាស៊ីន​ដឹកនាំ និង​សកម្មភាព​​ប្រតិបត្តិការ​នៅ​ទីស្នាក់ការ​កណ្តាល និង​បាន​ពង្រីក​បណ្តាញ​ទៅ​បណ្តា​ខេត្ត​-​ក្រុង​ទាំង ២០ ទូទាំង​ប្រទេស ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់រៀល​ឡើងវិញ នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​១៩៨០ ដើម្បី​ជួយ​សម្រួល​ដល់​ការទូទាត់​ក្នុង​ជីវភាព​រស់នៅ របស់​ប្រជាជន​។ ចំណែកឯ អគា​រធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាក់បែក​ត្រូវ បាន​រុះរើ និង​សាងសង់​ជា​ថ្មី​ឡើងវិញ​នៅ​ឆ្នាំ ១៩៩០។​

​ចាប់ពី​ឆ្នាំ ១៩៨៩ ប្រព័ន្ធ​ធនាគារ​ត្រូវបាន​ធ្វើ​ការកែទម្រង់​។ ធនាគារ​ខេត្ត​-​ក្រុង ទាំង ២០ ត្រូវបាន​ប្តូរ​ឈ្មោះ​មក​ជា​ធនាគារ​ឯកទេស​ខេត្ត​-​ក្រុង​វិញ ហើយ​ធ្វើ​សកម្មភាព​នៅ​លើ​ដែនដី​របស់​ខ្លួន​តាមរ​បប​ស្វ័យាភិបាល​សេដ្ឋកិច្ច និង ស្វ័យភាព​ហិរញ្ញវត្ថុ ដោយ​មាន​ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​ជា​អ្នកបញ្ជា ណែនាំ​និង​ត្រួតពិនិត្យ​។​

ក្រោយពី​មាន​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ១៩៩១ របត់​នយោបាយ មួយ​ត្រូវបាន​បង្កើតឡើង​របប សេដ្ឋកិច្ច​ត្រូវបាន​ផ្លាស់ ប្តូរ​ពី សេដ្ឋកិច្ច​ផែនការ​មក​ជា​សេដ្ឋកិច្ច​ទីផ្សារ ដែល​ញ៉ាំង​ឱ្យ​មាន​ការកែប្រែ​ប្រព័ន្ធ ធនាគារ​នៅ​កម្ពុជា​ពី​ប្រព័ន្ធ​ធនាគារ​មួយ​ថ្នាក់​មកជា​ប្រព័ន្ធ​ធនាគារ​ពីរ​ថ្នាក់ ហើយ​រដ្ឋ​បាន​បើកទូលាយ ចំពោះ​អាជីវកម្ម​លើ​វិស័យ​ធនាគារ​តាម​រយៈ​ការ អនុញ្ញាត​ឱ្យមាន​ធនាគារពាណិជ្ជ​ក្រោម​ច្បាប់​ក្នុងស្រុក​ឬ ក្រោម​ទម្រង់​ជា សាខា​ធនាគារ​បរទេស​។ ប្រការ​នេះ​តម្រូវ​ឱ្យ ធនាគារជាតិ​នៃ​កម្ពុជា​ពង្រឹង តួនាទី​របស់​ខ្លួន ដើម្បី​បង្កើន​សមត្ថភាព​បញ្ជា​ណែនាំ និង​ត្រួតពិនិត្យ ដោយ បាន​បង្កើត​ច្បាប់ និង​ប្រកាស​ផ្សេងៗ ជា​បន្តបន្ទាប់​រួម​មាន៖

១) ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តិទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋសភា បាន​អនុ​មត័​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​១៩៩៦ ។ ច្បាប់​នេះ​បានកំណត់ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​គឺ “​កំណត់ និង​ដឹកនាំ នយោបាយ​រូបិយវត្ថុ ដើម្បី​រក្សា​ថ្លៃ​អោយ​មាន​ស្ថិរភាព​”

២) ច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្តូរ​ប្រាក់​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ​១៩៩៧

៣) ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ រដ្ឋសភា​អនុម័ត នៅ​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៩ និង​ចុងក្រោយ​នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចងក្រង ឯកសារ​ចក្ខុវិស័យ និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ ២០០១-២០១០ ដែល​ជា​ឯកសារ​ជា​យុទ្ធសាស្ត្រ សម្រាប់ អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ កម្ពុជា​ឱ្យមាន​ភាពជឿនលឿន ប្រកប ដោយ​ជំនឿ​ទុកចិត្ត​ពី​សាធារណជន និង អាច​ធ្វើ​សមាហរណកម្ម​ចូលទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ ៕ ដោយ ៖ ​វ៉ៃកូ​

 

×