ព្រះវិហារ ៖ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារជួបជាមួយអភិបាលខេត្តអ៊ូប៊ុនរបស់ថៃនៅច្រកអានសេះដើម្បីជួបពិភាក្សាជម្រុញការបើកច្រកអានសេះជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។
នៅក្នុងកិច្ចប្រជុំបានទទួលលទ្ធផល ២ ចំណុច៖ ១-បង្កើតក្រុមការងារ ជម្រុញការការបើកច្រក និង២-រៀបចំសណ្តាប់ធ្នាប់ និងរក្សាស្ថានភាពដើម។
លោក អ៊ុន ចាន់ដា បានលើកឡើងថា លោកសង្ឃឹមថា ក្រុមការងារទាំង២ពិតជាបានខិតខំ ដើម្បីដើរទៅរកភាពជោគជ័យ នាំមកនូវការអភិវឌ្ឍរីកចំរើន នៅតាមបណ្តោយព្រំដែន ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ទទួលបាននូវផលប្រយោជន៍ ដែលអាជ្ញាធរពាក់ព័ន្ធ បានចូលរួមសហការ និងគោរពតាមកិច្ចព្រមព្រៀង តាមការណែនាំ នៃប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។
លោកអភិបាលខេត្ត បានបន្តថា នៅថ្ងៃខាងមុខ នឹងមានការប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ។ អីចឹងពាក់ព័ន្ធ និងការរៀបចំសណ្តាប់ធ្នាប់ ការបង្កើននូវកិច្ចសហការល្អ តាមបណ្តោយព្រំដែន ពិសេសច្រកអានសេះនេះ គឺថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ និងលើកយកមកជជែកគ្នាបន្ថែមទៀត។
លោកថា ដូចនេះ ការជួបគ្នារវាងខេត្ត និងខេត្ត ស្រុក និងស្រុក កងទ័ព និងកងទ័ព បានបង្ហាញឲ្យឃើញ ពីការរឹតចំណងសាមគ្គីភាពកិច្ចសហការល្អ តាមបណ្តោយព្រំដែន ធ្វើឲ្យរក្សាបាននូវព្រំដែនសន្តិភាព សម្រាប់ប្រទេសយើងទាំងពីរ។
លោកអភិបាលខេត្ត បានស្នើភាគីខាងខេត្តអ៊ូប៊ុន ដើម្បីពិភាក្សារកវិធានការ ដោះស្រាយរួមគ្នា គឺ បានជំរុញឲ្យដំណើរការច្រកអានសេះ ទៅជាច្រកអន្តរជាតិ ហើយចំពោះការដាក់ឲ្យដំណើរការច្រកអន្តរជាតិនេះ គឺមិនពាក់ព័ន្ធ និងការបោះបង្គោលព្រំដែនទេ រឿងបង្គោលព្រំដែន កន្លែងណាៗ នោះជាភារកិច្ចរបស់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ ដូច្នេះកំរិតខេត្ត និងខេត្ត ត្រូវធ្វើយ៉ាងណាខិតខំ ឲ្យច្រកអានសេះ ក្លាយជាច្រកអន្តរជាតិ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ការនាំចូលកសិផល និងទំនិញផ្សេងៗ ដែលប្រជាពលរដ្ឋទាំងពីរ យកទៅលក់ក្នុងទីផ្សារនៃខេត្តទាំងពីរ សូមឲ្យអនុវត្តដូចលើកមុន ព្រោះរយៈពេលចុងក្រោយនេះ មានការកំណត់ការនាំចូល នូវទំនិញ និងកសិផលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋថៃ។ ស្នើឲ្យខេត្តអ៊ូប៊ុន ជំរុញការដាក់ឲ្យដំណើរការបណ្ណ័ព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ បានចេញចូលដោយស្របច្បាប់។
លោកអភិបាលខេត្តព្រះវិហារ បានស្នើសុំឲ្យបង្កើតភារកិច្ច ដល់ក្រុមចង្អៀតកម្រិតខេត្ត និងខេត្ត។
លោក អ៊ុន ចាន់ដា ក៏បានសំដែងនូវក្តីសង្ឃឹមថា ច្រកអានសេះ និងដាក់ឲ្យដំណើរការជាច្រកអន្តរជាតិ ស្របពេលក្នុងរជ្ជកាលអភិបាលខេត្ត សារិទ្ធិ វិធូន ជាអភិបាលខេត្តអ៊ូប៊ុន ហើយលោកជាអភិបាលខេត្តព្រះវិហារ។លោកថា យើងទាំងពីរនាក់ នឹងត្រួសត្រាយផ្លូវឈាន ទៅដល់ការបើកដំណើរការជាផ្លូវការតែម្តង។
លោកអភិបាលសង្ឃឹមថា ខេត្តព្រះវិហារ និងខេត្តអ៊ូប៊ុន ច្រកអានសេះនឹងដំណើរការជាច្រកអន្តរជាតិ។
លោកអភិបាលខេត្តអ៊ូប៊ុន របស់ថៃ បានឯកភាពចំពោះការលើកឡើង របស់លោកអភិបាលខេត្តព្រះវិហារ ហើយក៏បានសន្យថា និងរួមគ្នាដោះស្រាយ ក្នុងការបើកច្រកអានសេះជាច្រកអន្តរជាតិ ស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ៕ ដោយ ៖ បញ្ញាស័ក្តិ