ត្បូងឃ្មុំ ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានឲ្យដឹងថា អ្នកស្រុកមេមត់ប្រារព្ធពិធីចាប់ត្រីដោយប្រើឧបរណ៍បុរាណរួមក្នុងបឹងក្រម ជាទំនៀមទម្លាប់តាំងពីដូនតា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលខេត្តត្បូឃ្មុំ។
តំបន់បឹងក្រម ជាតំបន់មួយដែលសម្បូរទៅដោយដើមកន្សែង ព្រៃរបោះ និងស្មៅស្គៀជាច្រើន (ទំហំជាង ២០ ហិតា) នៅរដូវវស្សាមានទឹកឡើងគ្របដណ្តប់លើព្រៃនោះទាំងអស់ ធ្វើឲ្យពូជត្រីមួយចំនួនឡើងមកសង្ងំពងក្នុងរដូវត្រីពងនៅតំបន់នេះ នៅពេលរដូវទឹកស្រកវិញ ត្រីអស់ទាំងនោះធ្លាក់ទៅក្នុងបឹងក្រមនោះ ។ អ្នកស្រុកនៅឃុំជាំក្រវៀន បានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់បច្ចុប្បន្ន ក៏ក្លាយជាទំនៀមទម្លាប់ប្រពៃណីមួយ ក្នុងចំណោមប្រពៃណីជាច្រើនទៀត ដែលប្រតិបត្តិដោយអ្នកស្រុក ។
ជាក់ស្ដែងនាថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាជនក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ បានរៀបពិធីចាប់ត្រីរួមគ្នា ក្នុងបឹងក្រម ដូចរាល់ឆ្នាំ ។ ពិធីនេះធ្វើឡើងនៅបឹងមួយ ដែលអ្នកភូមិតែងតែអភិរក្សទុកមិនអនុញ្ញាតឱ្យនេសាទផ្តេសផ្តាសចាប់ពីខែមិថុនា ដើម្បីរក្សាត្រីទុកសម្រាប់ប្រារព្ធពិធីចាប់ត្រី ដោយប្រើឧបករណ៍បុរាណប្រចាំឆ្នាំ ។ មេឃុំជាំក្រវៀន លោក អ៊ួច យឿន បានឱ្យដឹងថា ពិធីរកត្រីនេះធ្វើឡើងមួយឆ្នាំម្តង បន្ទាប់ពីឯកភាពពីចាស់ព្រឹទ្ធាចារ្យ ក្នុងភូមិ និងបានប្រកាសកំណត់ថ្ងៃរកត្រី ដើម្បីយកត្រីទៅធ្វើជាម្ហូម និងធ្វើអាហារសម្រាប់ញាំរៀងៗខ្លួន ។
លោក បានបន្តថា នៅក្នុងផ្ទៃបឹងទាំងមូលប្រហែលជា ១០០ ម៉ែត្របួនជ្រុង គឺមិនមានអនុញ្ញាតឲ្យនេសាទឡើយ ប៉ុន្តែប្រជាជនអាចនេសាទ បាននៅបរិវេណខាងក្រៅបឹងនោះ យកទៅធ្វើម្ហូបហូបជាលក្ខណៈគ្រួសារបែបបុរាណដូចជា ម៉ង ទ្រូ លប សំណាញ់ ឈ្នាង អង្រុត ។ល។ រីឯឧបករណ៍អេឡិកត្រូនិចដូចជា ឆក់ បោកគ្រាប់ ថ្នាំបំពុល -ល- មិនអនុញ្ញាតឡើយ បើនៅបំពានត្រូវចាត់ខ្លួនដោះស្រាយតាមច្បាប់ ។ ចំណែកពេលវេលាមិនអាច កំណត់យកថ្ងៃណាមួយជាក់លាស់បានទេ ដោយអាស្រ័យលើទឹកបឹង (ក្នុងខែកុម្ភៈ ឬដើមមីនា) តែបើសិនទឹកបឹងនៅច្រើន ក៏ពន្យារពេលរង់ចាំទឹកបឹងរីង ដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មម អាចឱ្យប្រជាជននេសាទត្រីបាន និងចំពេលវេលាល្មម ។ អ្នកភូមិដែលមកនេសាទទាំងអស់នោះ មិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំសប្បាយរីករាយ និងមានសាមគ្គីភាពកាន់តែស្និទ្ធស្នាល រវាងប្រជាជននៅក្នុងភូមិថែមទៀតផង ។
ប្រជាពលរដ្ឋអ្នកភូមិនៅទីនោះ បានឱ្យដឹងថា ការមកនេសាទត្រីនេះ នៅពេលដែលរកបានមួយចំនួន យកទៅធ្វើម្ហូម និងមួយទៀតធ្វើជាគរឿងក្លែម ហូបជុំគ្នានៅកន្លែងបឹងក្រមនេះតែម្តង ។ តាមសម្តីរបស់ពលរដ្ឋបានបញ្ជាក់បន្ថែមថា ការរកត្រីនៅបឹងក្រមនេះមានជាយូរមកហើយ ចាស់ៗក្នុងភូមិបានធ្វើតគ្នាពីជំនាន់មួយទៅជំនាន់មួយ ហើយពិធីនេះនៅគង់វង្សដោយសារតែអ្នកភូមិបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃ នឹងបន្តទៅជំនាន់ក្រោយៗទៀត ។
សូមបញ្ជាក់ថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីរាជការក្រោមលំដាប់ថ្នាក់មកចូលរួមកម្មវិធីចាប់ត្រីនេះផងដែរ នាឱកាសនោះគេបានឃើញលោកអភិបាលខេត្ត ចុះទៅចាប់ត្រី ដោយមានអង្រុកមួយ នៅក្នុងដៃ ដោយផ្ទាល់ដៃទៀតផង ។ បន្ទាប់ពីចាប់ត្រីរួច លោកអភិបាល និងលោកស្រី បានរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋធ្វើឱ្យបរិយាកាស ក្នុងកម្មវិធីនេះ កាន់តែអធិកអធ័មថែមទៀត ៕ ដោយ ៖ កូឡាប