ព្រំដែនកម្ពុជា-ថៃ ៖ ករណីប៉ះទង្គិចដោយសារថៃ មកហាមកម្ពុជាក្រាលថ្មស្ថាបនាផ្លូវជាតិភ្ជាប់ព្រំដែនទាំង២ នៅច្រកព្រំដែនតំបន់បឹងត្រកួនកាលពីម្សិលមិញ មកទល់ថ្ងៃទី១៥ធ្នូ នេះ ភាគីទាំង២បានសម្របសម្រួលគ្នា។
សូមរំលឹកថា កម្លាំងចំរុះថៃចំនួន២៣នាក់ ក្នុងនោះតម្រូត(នគរបាល) ព្រំដែនថៃចំនួន១៩នាក់ដឹកនាំដោយលោកវរសេនីយ៌ទោ ឯកផាប ដាវថៃស៊ុង មេបញ្ជាការរងវរៈលេ១២ នឹងទាហានប៉ារ៉ាចំនួន៤នាក់ មកឃាត់គ្រឿងចក្រក្រុមហ៊ុនស្ពានថ្នល់របស់ចិនដែលទទួលជាអ្នកស្ថាបនាផ្លូវជាតិលេខ៥៨ និងខ្នែងផ្លូវខេត្តលេខ២៥៦៣ ភ្ជាប់ទៅច្រកព្រំដែនតំបន់បឹងត្រកួន -តាប្រាយ៉ា។ ចំណុចដែលត្រូវធ្វើផ្លូវនៅត្រង់បង្គោលព្រំដែនលេខ៣៦ នៃនិយាមការ (TA682.469) និងនៅចំណុចប៉ុស្តិនគរបាលការពារព្រំដែនលេខ៨០៧ ប៉ុស្តិច្រកព្រំដែនតំបន់បឹងត្រកួន របស់កម្ពុជា ស្ថិតនៅភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ដែលឈមនឹងច្រកព្រំដែនតំបន់តាប្រាយ៉ាស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ កម្លាំងភាគីថៃបានចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង៣៥ម៉ែត្រ គឺដល់មុខប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបឹងត្រកួន ហើយបានសុំអោយគ្រឿងចក្រក្រុមហ៊ុនចិន ផ្អាកស្ថាបនាផ្លូវក្រាលកៅស៊ូតភ្ជាប់ផ្លូវកៅស៊ូរបស់ថៃ នៅចំណុចនោះជាជាបណ្ដោះអាសន្ន។ គឺអោយទុកគម្លាត៣៥ម៉ែត្រពីបង្គោលលព្រំដែនលេខ៣៦។ ប៉ុន្តែជាក់ស្តែងភាគីថៃបានស្ថាបនាផ្លូវកៅស៊ូមកដល់ត្រង់បង្គោលព្រំដែននោះតាំងពីច្រើនឆ្នាំមកហើយ។ ម្យ៉ាងទៀតបង្គោលព្រំដែនលេខ៣៦នេះ ក៏ត្រូវពលរដ្ឋកងកម្លាំងភាគីទាំង២បានទទួលស្គាល់ថា វាបានដើរចូលមកក្នុងព្រំដែនកម្ពុជារាប់សិប់ម៉ែត្រទៅហើយ។ ភាគីថៃថា សូមរងចាំបទបញ្ជាឬការសម្រេចខាងបច្ចេកទេសនិងគោលនយោបាយពីថ្នាក់លើសិន។ ពោលគឺភាគីថៃអោយករណីនេះសូមឱ្យក្រុមការងារច្រកព្រំដែនបឹងត្រកួនរបស់កម្ពុជានិងច្រកតាប្រាយ៉ារបស់ថៃ នៃការិយាលយ័ទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ជាអ្នកសម្របសម្រូលគ្នាសិន ។
ប៉ុន្តែករណីនេះ លោកវរសេនីយ៍ ចេត សោម មន្ត្រីកងកម្លាំងកម្ពុជានៅបឹងត្រកួនអោយដឹងនៅថ្ងៃទី១៥ធ្នូថា មុនការហាមឃាត់នេះ ក្រុមហ៊ុនចិនបានស្ថាបនាផ្លូវក្រាលគ្រួសបាន១០០ភាគរយ និងក្រាលថ្មបាន៧០ភាគរយទៅហើយ។
ឯលោកវរសេនីយ៍ ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកវរ:៧០៨ និងលោក យង់ យឺន អភិបាលស្រុកថ្មពួកបានប្រាប់ដែរថា ៖ ករណីនេះ ភាគីថៃពុំសមអីនឹងមកហាមឃាត់គ្រឿងចក្រដូច្នេះទេ។ ព្រោះថា ក្នុងប្រវត្តិថៃ បានស្ថាបនាផ្លូវក្រាលកៅស៊ូមកដល់ត្រង់បង្គោលព្រំដែនលេខ៣៦ រួចជាយូរមកហើយឯការស្ថាបនាផ្លូវរបស់កម្ពុជាក៏ដើម្បីតភ្ជាប់នឹងផ្លូវថៃនោះឯង។
ពោលគឺ មិនអាចស្ថាបនាផ្លូវតភ្ជាប់គ្នា ហើយអោយទុកអោយឃា្លតពីបង្គោលប្រវែងជាង៣០ម៉ែត្រដូច្នោះឡើយ។ ជាងនេះទៅទៀត រឿងបង្គោល ខ្សែបន្ទាត់ព្រំដែន ជាសមត្ថកិច្ចថ្នាក់ជាតិជាអ្នកដោះស្រាយ។ ឯការស្ថាបនាតភ្ជាប់ផ្លូវមិនប៉ះពាល់កិច្ចការព្រំដែនសីមាអីឡើយ។ ឯលោក ឌៀប ឈួន អភិបាលស្រុកថ្មពួកប្រាប់នារាត្រីថ្ងៃទី១៤ធ្នូថា ៖ ប្រភពខ្លះថា ករណីនេះអាចមិនជាកំហុសអ្វីទេ។តែភាគីថៃចង់មានប្រៀប ដោយចង់អោយភាគីកម្ពុជាស្នើសុំឬជូនដំណឺងរាល់ពេលស្ថាបនា។ ដូចជាកាលពីក្រាលគ្រួសលើផ្លូវ កម្ពុជាជូនដំណឺងនិងសុំអនុញ្ញាតិ។
លុះដល់យើងក្រាលថ្ម គាត់(ភាគីថៃ) តម្រូវអោយយើង ប្រាប់ឬជូនដំណឺងឬស្នើសុំទៅភាគីថៃទៀត។ រឿងនេះវាដូចជាការង៉ក់ងរចឹង។ មកទល់រសៀលថ្ងៃទី១៥ធ្នូ ប្រភពព៍ត័មានពីព្រំដែនអោយដឹងថា ៖ ករណីនេះ ភាគីទាំង២ បានសម្របសម្រួលគ្នា ហើយដំណើរការស្ថាបនាផ្លូវនេះក៏វិលមកធម្មតាវិញ៕ ដោយ ៖ បន្ទាយ