ខេត្តស្វាយរៀង ៖ លោក សាញ់ សាខុន ចៅសង្កាត់បាវិតរួមនិងតំណាងក្រុមហ៊ុន សូ សេត នៅថ្ងៃទី១០ខែកុម្ភឆ្នាំ២០១៩នេះ បានរៀបចំក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដើម្បីបើកការដ្ឋាននិងនាំគ្រឿងចក្រចុះឈួសឆាយត្រាយដើមឈើចេញសងខាងផ្លូវដើម្បីសម្រួលក្នុងការជួសជុលផ្លូវខ្សែនេះដែលមានសភាពតូចចង្អៀតនិងខូចខាតពិបាកក្នុងការធ្វើដំណើរ។
ចៅសង្កាត់បាវិតបានមានប្រសាសន៍ឱ្យដឹងថាៈដោយមើលឃើញនូវការទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្លូវលំមួយខ្សែចូលតាមក្លោងទ្វារវត្តបុពារាម(ហៅវត្តព្រៃយាយ)ចំផ្លូវបំបែកទៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត មានប្រវែងជាង៥០០ម៉ែត្រអាជ្ញាធរក្រុង/សង្កាត់បាវិតព្រមទាំងមានការឧបត្ថម្ភក្នុងការពីលោកឧកញ៉ា សូ សេត នាយកក្រុមហ៊ុនសូ សេត បានធ្វើការជួសជុលនិងពង្រីកផ្លូវអោយធំជាងមុនខណះដែលបច្ចុប្បន្នផ្លូវមួយនេះមានសភាពតូចចង្អៀតនិងខូចខាតច្រើនហើយនៅរដូវវស្សាវិញនោះមានទឹកដក់និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះក៏ដូចជាបងប្អូនពលរដ្ឋដឹកកសិផលមកកាន់ទីផ្សារ។
លោក សាញ់ សាខុន បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ដោយមានការចង្អុលបង្ហាញពីសំណាក់លោក សេង សីលា អភិបាលក្រុងបាវិតអោយខាងសង្កាត់ចុះជួសជុលផ្លូវដែលមានទទឹង១៥ម៉ែត្រនិងប្រវែងជាង៥០០ម៉ែត្រ ដើម្បីសម្រួលនូវទុក្ខលំបាកបងប្អូនពលរដ្ឋធ្វើដំណើរនៅក្នុងមូលដ្ឋាននោះនិងមានការឧបត្ថម្ភថវិកាជួសជុលផ្លូវមួយខ្សែនេះពីសំណាក់លោកឧកញ៉ា សូ សេត ម្ចាស់ក្រុមហ៊ុន សូ សេត ដែលចំណាយថវិកាអស់៤០០០ដុល្លារក្នុងការស្ថាបនាជួសជុលផ្លូវឡើងវិញដើម្បីអោយប្រជាពលរដ្ឋងាយស្រួលក្នុងធ្វើដំណើរទៅបង្កបង្កើនផលក៏ដូចជាដឹកកសិផលរបស់ពួកមកកាន់ទីផ្សារផងដែរ ហើយផ្លូវដែលអាជ្ញាធរបានជួសជុលធ្វើឡើងវិញសូមអោយបងប្អូនប្រជាពលរដ្ឋចេះថែរក្សានិងប្រើប្រាស់អោយបានយូអង្វែងព្រោះផ្លូវនីមួយៗចំណាយថវិការដ្ឋក៏ដូចជាចូលរួមពីសប្បុរសជននានាតាមរយះអាជ្ញាធរក្រុង/សង្កាត់គឺចំណាយថវិកាអស់ច្រើនណាស់។
លោក សាញ់ សាខុន ក៏បានថ្លែអំណរគុណចំពោះលោកឧកញ៉ា សូ សេត ម្ចាស់ក្រុមហ៊ុនសូសេតដែលជួយជួសជុលមួយខ្សែនេះឡើងវិញដែលកន្លងមកផ្លូវនេះបានខូចខាតពិបាកក្នុងការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងមូលដ្ឋានហើយសូមសប្បុរសជននានាជួយបន្ថែមទៀតក្នុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ជាតិអោយមានការីកចំរើនបន្តទៅមុខទៀត៕ ដោយ ៖ វ៉ៃកូ