ភ្នំពេញ ៖ ដោយមានសម្របសម្រួល ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយសម្រេចថាឲ្យ ព្រះតេជគុណ ហោ សុខុន ចៅអធិការ វត្តច្បារអំពៅ ឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ។
លោក ផន ដាវី ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពុំទាន់មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដូចការចុះផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ ប៉ុន្តែគ្រាន់តែមានការសម្របសម្រួលជាមួយព្រះតេជគុណ ហោ សុខុន តែប៉ុណ្ណោះ។
លោក ផន ដាវី បានបញ្ជាក់ថា នៅមុននេះបន្ដិចមានការសម្របសម្រួលមួយ ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា, គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយជួបជាមួយព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។
បើតាមផេកហ្វេសប៊ុកមរតកជាតិ បានឲ្យដឹងថា “ក្រោយមានការសាកសួរតាំងពីម៉ោងជាង២រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩មកនេះ គណៈកម្មការចម្រុះបានសម្រេចជាបណ្តោះអាសន្ន ឲ្យគុណម្ចាស់ហោ សុខុន ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណា នាំឲ្យមានភាន់ច្រឡ និងឲ្យធ្វើឃ្លីបផ្សព្វផ្សាយព័ត៌មានឡើងវិញ ប្រាប់ទៅសាធារណជន ដោយធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រលំបន្តទៀត។
បញ្ជាក់៖ គិតត្រឹមម៉ោង៥ល្ងាចនេះ មិនមានការចាប់ផ្សឹក ព្រះតេជគុណ ហោ សុខុនទេ””។
ក្រោយពីមានការសម្របសម្រួលរួចហើយ ព្រះតេជគុណ ហោ សុខុន បានទទួលយកការណែនាំរបស់អាជ្ញាធរ ព្រមទាំង Live វីដេអូឡើងវិញពាក់ព័ន្ធករណីដដែលនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹងសារព្រះតេជគុណ ហោ សុខុន តាមរយៈផេកហ្វេសប៊ុក (Facebook Page: Hor Sokhon) ដែលបានសរសេរសារ លើកតម្កើង មកលើសម្តេច។
បើយោងតាមហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ដែលបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានសរសេរថា ” សូមថ្វាយបង្គំព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!។
សម្តេចក្រឡាហោម បានថ្លែងថា ក្រោយពីខ្ញុំព្រះករុណាខ្ញុំបានអានសារនៅលើ ផេកហ្វេសប៊ុក របស់ព្រះតេជគុណ ចុះថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៩នេះ (https://www.facebook.com/HorSokhonNeakareach/posts/618500248602897?__tn__=K-R) ខ្ញុំព្រះករុណាខ្ញុំមានការរំភើបយ៉ាងខ្លាំង ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរ ចំពោះពាក្យពេចន៍ នៅក្នុងសារនេះ ដែលមានន័យ ជាការលើកដាក់ បណ្តុះបង្អាប់ លើកតម្កើងហួសនិស័យ រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា ។
ព្រះតេជគុណប្រហែលជាបានជ្រាបហើយ! ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពី បំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ ។
ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមពិតពុទ្ធដីកា និង ជម្រាប ប្រគេនព្រះតេជគុណ និង ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសកកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែមានការចូលរួម ពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទូទៅ ។
ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គឺគ្រប់ជ័យជម្នះ ក្នុង បេសកកម្មបម្រើជាតិ របស់គណបក្សប្រជាជនកម្ពុជា មិនមែនកើតឡើងដោយសារតែ អច្ឆរិយបុគ្គល ណាមួយឡើយ តែគឺជាការប្រមូលផ្តុំនូវ បញ្ញាញាណ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់ ថ្នាក់ដឹកនាំ សមាជិកគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះគឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ផេកហ្វេសប៊ុករបស់ ព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon) បានសរសេរថា
សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិ ក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធ EBA របស់សភាអឺរ៉ុបផងដែរ ជាពិសេសអាចបញ្ឈប់ការជ្រៀតជ្រែក៕ ដោយ៖កូឡាប