តាកែវ ៖ ពលរដ្ឋរស់នៅឃុំប្រាំបីមុំ ស្រុកទ្រាំង នាំគ្នាសាទរ ខណៈដែលពួកគាត់ទទួលបានផ្លូវកៅស៊ូប្រវែងជិត២គីឡូម៉ែត្រ ដើម្បីសម្រួលលើការធ្វើដំណើរ ពិសេសសម្រួលលើការដឹកដំណាំកសិផលផ្សេងៗទៅលក់នៅទីផ្សារ ។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ដែលមានប្រវែង១៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដោយចាក់កៅស៊ូប្រភេទ DBST ចាប់ពីផ្លូវជាតិលេខ២ ចូលដល់វត្តច្រនៀង ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានធ្វើផ្លូវចាក់កៅស៊ូនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ មិនឲ្យសាងសង់ឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើបងប្អូនប្រជាពលរដ្ឋបានចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ គឺជាការចូលរួមចំណែក និងបង្ហាញឲ្យឃើញពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួមផងដែរ ៕ ដោយ ៖ តាកែវ