ស្វាយរៀង ៖ លោក ហេង សុផាន់ណារិទ្ធ តំណាងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយបេឡាជាតិសន្តិសុខសង្គម និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះបានអញ្ជើញជាអធិបតីនៅក្នុង ពិធីចែកប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រីជា អភិបាលរងខេត្ត លោកប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក និងមន្ត្រីដែរពាក់ពន័ន្ធជាច្រើនរូបទៀត ។
លោក ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា៖ ពិធីផ្សព្វផ្សាយគោលនយោបាយស្ដីពីអនុវត្តរបបសន្តិសុខសង្គម និងប្រគល់ប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ជូនមន្ត្រីរាជការសាលាខេត្ត-ក្រុង-ស្រុក នៃខេត្តស្វារៀង សរុបចំនួន ៣៥២ប័ណ្ណ ហើយមុខសញ្ញាដែលទទួលបានប័ណ្ណសមាជិក ប.ស.ស នាពេលនេះគឺសុទ្ធសឹងតែជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ។
លោកបានមានប្រសាសន៍បន្តទៀតថា ៖ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពផ្សេងៗ សម្រាប់មន្ត្រីសាធារណៈអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលដែលបានគិតគូរ នឹងឆ្លើយតបយ៉ាងសមរម្យទៅនឹងតម្រូវការជាក់ស្តែង និងផ្ដល់អត្ថប្រយោជន៍ផ្នែកសង្គម និងហិរញ្ញវត្ថុរបស់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ការជួយគ្នាទៅវិញទៅមកប្រកបដោយសមធម៌ និងធានានូវធ្លុងសាមគ្គីភាពក្នុងសង្គម ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងក៏បានសំណូមពរដល់បេឡាជាតិសន្តិសុខសង្គម និងក្រុមការងារនៃបសស សូមបន្តជួយពិនិត្យ និងរៀបចំប័ណ្ណសមាជិកប.ស.ស ដែលនៅសេសសល់ ដើម្បីប្រគល់ជូនមន្ត្រីរាជការគ្រប់រូបបានប្រើប្រាស់ នឹងទទួលបានអត្ថប្រយោជន៍នានាពីការប្រើប្រាស់ប័ណ្ណសមាជិកប.ស.ស នេះបន្ថែមទៀត ។ ជាក់ស្ដែងនៅក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី5 នៃរដ្ឋសភាកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (2016-2025) ដែលក្របខ័ណ្ឌគោលនយោបាយនេះគឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង ប្រព័ន្ធគាំពារសង្គមដែលផ្ដោតលើ សសរស្តម្ភ សំខាន់សំខាន់ចំនួនពីរគឺ៖ ប្រព័ន្ធជំនួយសង្គម,និងប្រព័ន្ធសន្តិសុខសង្គម ហើយប្រព័ន្ធសន្តិសុខសង្គមមានធាតុផ្សំ5 រួមមាន៖ សោធន,ការថែទាំសុខភាព,ហានិភ័យការងារ,នីកម្មភាព,និងពិការភាព ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ មន្ទីរពាក់ព័ន្ធទាំងអស់តួយ៉ាងមន្ទីមុខងារសាធារណៈខេត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ជាពិសេសមន្ទីរសុខាភិបាលខេត្ត សូមជួយតាមដានពិនិត្យនិងជម្រុញណែនាំឲ្យការអនុវត្តការងារ ផ្តល់សេវាថែទាំសុខភាព នៅតែមន្ទីរពេទ្យទាំងអស់ ដែលបានចុះកិច្ចសន្យារួចត្រូវយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ឲ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវធ្វើយ៉ាងណាចូលរួមគាំទ្រ គោលនយោបាយនេះ ឲ្យទទួលបានជោគជ័យនឹងផ្ដល់នូវអត្ថប្រយោជន៍ពិតប្រាកដសម្រាប់មន្ត្រីរាជការទាំងអស់នៅក្នុងខេត្តស្វាយរៀងផងដែរ ៕ ដោយ ៖ វ៉ៃកូ