ក្មេងស្រីតូចម្នាក់ ពិតជាសំណាងណាស់ ដែលត្រូវបានជួយសង្គ្រោះរួចពីគ្រោះថ្នាក់ បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងទ្រុងខ្លាឃ្មុំ នៅឯមូលដ្ឋានស្រាវជ្រាវបង្កាត់ពូជខ្លាឃ្មុំផេនដា Chengdu នៅក្នុងខេត្ត Sichuan ប្រទេសចិន ។
ក្មេងស្រីដែលឈ្មោះ និងអាយុរបស់នាងពុំត្រូវបានបញ្ចេញ ប៉ុន្តែ គេជឿថាជាវ័យត្រឹមសាលាបឋម បានធ្លាក់ចូលក្នុងទ្រុងខ្លាឃ្មុំដោយចៃដន្យ ដែលមានកម្ពស់ ៦.៥ ហ្វ៊ីត ។ នាងបានចុតចតនៅក្នុងប្រឡាយជាប់ជញ្ជាំងទ្រុង ដែលហ៊ុំព័ទ្ធជុំវិញដោយទួលស្មៅកណ្តាល ទីកន្លែងដែលខ្លាឃ្មុំផេនដាកំពុងស្ថិតនៅទីនោះ ។ នេះបើយោងតាមកាសែត South China Morning Post ។
គេក៏ពុំដឹងច្បាស់ថា ក្មេងស្រីតូចនេះបានធ្លាក់ចូលក្នុងទ្រុងនោះ ដោយរបៀបណានោះទេ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនាង គឺពិតជាសស្រាក់សស្រាំខ្លាំងណាស់ ។ មនុស្សបានព្យាយាមទាញនាងឡើងលើ ដោយប្រើបង្គោលឈើ ប៉ុន្តែ វិធីនេះបានបរាជ័យ ដូចឃើញនៅក្នុងឃ្លីប ។
បន្ទាប់វិធីសង្គ្រោះនេះបានបរាជ័យ សន្តិសុខម្នាក់បានព្យាយាមយ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីឈោងចាប់ដៃរបស់នាង និងទីបំផុត គាត់អាចទាញនាងឡើងដោយសុវត្ថិភាព ។
មនុស្សជាច្រើន ត្រូវបានឃើញបង្ហាញការភ័យព្រួយយ៉ាងខ្លាំង នៅពេលខ្លាឃ្មុំដ៏ធំៗ២ក្បាល បានព្យាយាមដើរចូល កាន់តែមកកៀកនាង ខណៈការសង្គ្រោះកំពុងប្រឹងប្រែងយ៉ាងខ្លាំង ៕ រក្សា