(កំពង់ស្ពឺ) ៖ លោកអភិបាលខេត្តកំពង់ស្ពឺ បាននិយាយថា អាមេរិកគួរតែយកចិត្តទុកដាក់ លើបញ្ហាគ្រាប់បែកដែលបន្សល់ទុក លើទឹកដីកម្ពុជាខ្លះផង កុំធ្វើបាបកម្ពុជាពេក ប្រជាជនខ្មែរត្រូវការរស់ដូចប្រជាជនអាមេរិកដែរ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ចុះពិនិត្យមើលទីតាំងគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិក ប្រភេទ M117 ទម្ងន់ជាង៣០០គីឡូក្រាម ដែលបានរកឃើញនៅស្រុកគងពិសី។
តាមរយៈផេកហ្វេសប៊ុក ផ្លូវការរបស់លោក អភិបាលខេត្តបានផ្តាំទៅសហរដ្ឋមអាមេរិកថា គួរតែយកចិត្តទុកដាក់លើបញ្ហាគ្រាប់បែក ដែលបន្សល់ទុកពីអតីតកាលលើទឹកដីខ្មែរខ្លះផង កុំខ្វល់ខ្វាយតែរឿងធ្វើបាបកម្ពុជាតែមួយមុខនោះ។
លោក វ៉ី សំណាង បានសរសេរក្នុង Facebook របស់លោកថា «USA គួរតែយកចិត្តដាក់លើបញ្ហាគ្រាប់បែក ដែលបន្សល់ទុកពីអតីតកាលនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាខ្លះផង កុំផ្តោតតែការយកចិត្តទុកដាក់ ទៅលើតែរឿងធ្វើបាបប្រទេសកម្ពុជា ប្រជាជនកម្ពុជា តែមួយមុខពេក។ ពីព្រោះប្រជាជនកម្ពុជា ក៏ត្រូវការរស់រាន្តមានជីវិត និងជីវភាពរស់នៅដូចប្រជាជន USA និង ប្រជាជនប្រទសដទៃដែរ»។
គ្រាប់បែកប្រភេទ M177 ទម្ងន់ជាង ៣០០គីឡូក្រាម ដែលរកឃើញនៅឃុំព្រៃវិហារ ស្រុកគងពិសី ។ គ្រាប់បែក M177 គឺជាប្រភេទគ្រាប់ដែលផលិតដោយសហរដ្ឋអាមេរិក និងត្រូវបានយកមកទម្លាក់លើទឹកដីកម្ពុជា ក្នុងអតីតជំនាន់សង្គ្រាមស៊ីវិលដែលចាប់ផ្តើមដំបូងដោយការធ្វើរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ។
លោកវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រទះឃើញគ្រាប់បែកប្រភេទនេះ ឬអាវុធជាតិផ្ទុះ ផ្សេងៗទៀត សូមកុំប្រថុយ ចាប់ កាន់ ដំលេង ឬដឹកជញ្ជូនដោយខ្លួនឯង ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់បាត់បង់ដល់អាយុជីវិត។
ឆ្លៀតឱកាសនោះដែរ លោកវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបន្តដំណើរចុះពិនិត្យទំនប់ទឹកចំការដូង ផងដែរ ដើម្បីត្រៀមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដោយសាររដូវប្រាំងឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលឥទ្ធិពលបាតុភូត បង្កអាកាសធាតុក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino) នេះ ទើបរាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងថា គ្រាប់បែកនេះត្រូវបានប្រជាពលរដ្ឋជីដីប្រទះឃើញ និងបានរាយការណ៍មកកម្លាំងស៊ីម៉ាក់។ កម្លាំងស៊ីម៉ាក់បានចុះពិនិត្យលក្ខណៈគ្រាប់បែកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកលើកឡើងថា «បងប្អូនជីកដីឃើញគ្រាប់បែកដែលទំលាក់ ក្នុងសម័យសង្គ្រាម មានការភ្ញាក់ផ្អើល និងភ័យខ្លាច។ កំលាំងស៊ីម៉ាក់បានកំណត់ប្រតិបតិ្តការ យកចេញនៅថ្ងៃ១២ ខែកុម្ភៈនេះ បន្ទាប់ពីបានពិនិត្យស្ថានភាពលក្ខណ:បច្ចេកទេស គ្រាប់បែកនេះរួចកាលពីម្សិលមិញ»។
ស៊ីម៉ាក់បានឲ្យដឹងថា អាមេរិកបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យទម្លាក់គ្រាប់ទាំងនោះ ត្រូវបានឯកភាពនៅឆ្នាំ២០០០ ដោយប្រធានាធិបតីជំនាន់ក្រោយ គឺលោក Bill Clinton ដែលបានបញ្ចេញឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាអស់ ២.៨លានតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកម្ទេចពួកយៀកកុង ប៉ុន្តែស្លាប់តែប្រជាពលរដ្ឋខែ្មរ អស់ជាងកន្លះលាននាក់ និងកម្ទេចតែភូមិឋាន ផ្ទះសម្បែងខែ្មរ អស់រាប់ម៉ឺនកន្លែងទៀត៕ ដោយ៖កូឡាប