ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋាន បានប្រកាសថា ដោយសារតែសា្ថប័នសារព័ត៌មាន មួយចំនួនហួសសុពលភាព និងមិនធ្វើអាជីវកម្ម នោះ ដូច្នេះក្រសួងព័ត៌មាន បានសម្រេចថាចាប់ពីឆ្នាំ២០១៨ ក្រសួងនឹងលុបឈ្មោះចេញពីបញ្ជិការរបស់ក្រសួងតែម្តង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសន្ដិភាព និងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្យាយ នៅកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោត ទស្សន៍បាន មានប្រសាសន៍ថា ក្រសួងបានត្រៀមលុបអាជ្ញាប័ណ្ណស្ថាប័នសារព័ត៌មាន ដែលផុតសុពលភាព និងមិនដំណើរការអាជីវម្មនេះ គឺបានរៀបចំឯកសាររួចរាល់ហើយ ដោយបានដាក់ជូនលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន សម្រេចជាចុងក្រោយតែប៉ុណ្ណោះ។
លោកបានលើកឡើងថា ការត្រៀមលុបនេះ ដោយសារតែមើលឃើញថា ស្ថាប័នសាត័ត៌មានមួយចំនួនមិនមានសកម្មភាពក្នុងការចេញផ្សាយ ឬមិនអនុវត្ដន៍សេចក្ដីណែនាំ និងគោរពតាមច្បាប់។
លោកបានបន្ថែមថា បន្ទាប់ពីក្រសួងព័ត៌មានបិទស្ថាប័នសារព័ត៌មានដែលមិនមានសកម្មភាព ក្នុងការចេញផ្សាយរបស់ខ្លួនរួច ហើយ ប្រសិនបើចង់បើកវិញ គឺក្រសួងអនុញ្ញាតឱ្យបើកឡើងវិញបាន ប៉ុន្ដែត្រូវបំពេញនូវលក្ខខណ្ឌ និងបែបបទមួយចំនួន ដែលច្បាប់បានកំណត់ និងគោរពទៅតាមការណែនាំរបស់ក្រសួង។
លោកបានលើកឡើងថា ដោយសារស្ថាប័នសារព័ត៌មានមួយចំនួនបានចុះបញ្ជិការក្រសួងព័ត៌មាន មានរយៈពេលយូរ ហើយមិនបានធ្វើសកម្មភាពរបស់ខ្លួន ដោយសារតែកត្តាសុខភាពរបស់ពួកគាត់ ឬក៏ពួកគាត់បានបោះបង់មុខរបរនេះក៏មិនដឹង ហើយការងារបញ្ជីស្នាមស្ថាប័នសារព័ត៌មាន ក្រសួងព័ត៌មានតម្រូវឲ្យពួកគាត់ មួយឆ្នាំម្តង ឬពីរឆ្នាំម្តង ឲ្យពួកគាត់មកបន្តសុពលភាព ប៉ុន្តែមិនដែលឃើញពួកគាត់មកបន្តសុពលភាព ដូច្នេះយើងសម្រេចថាលុបឈ្មោះស្ថាប័នព័ត៌មានទាំងនោះចោលតែម្តង កុំមានការលំបាក។ ស្ថាប័នសារព័ត៌មានដែលមានចុះបញ្ជិការនៅក្រសួងព័ត៌មាន មានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ប៉ុន្តែដោយសារតែប្រទេសធ្លាប់មានសង្គ្រាម ទើបធ្វើឲ្យយើងភ្លេច ហើយការចុះបញ្ជិការសារព័ត៌មាននេះព្រោះថាសារព័ត៌មានគ្មានអ្វីជាបង្អែកនោះទេ ដូច្នេះការអាជីវកម្មត្រូវតែចុះបញ្ជិការត្រឹមត្រូវ ដូចជាយើងធ្វើផ្ទះត្រូវមានប្លង់ត្រឹមត្រូវ ហើយបើយើងធ្វើអាជីវកម្ម ត្រូវតែចុះបញ្ជិការឲ្យបានត្រឹមត្រូវដែរ ដើម្បីឲ្យច្បាប់ការពារយើង ហើយយើងមិនចុះបញ្ជិការនោះគឺគ្មានច្បាប់ណាការពារយើងនោះទេ។ លោកបានបន្តថា បើយើងមិនចុះបញ្ជិការ គឺខុសច្បាប់ស្តីពីរបបសារព័ត៌មាន រួមជាមួយនឹងច្បាប់ផ្សេងៗទៀត ប៉ុន្តែបើចុះបញ្ជិការនៅក្រសួងព័ត៌មានត្រឹមត្រូវហើយ គឺមានច្បាប់ការពារ នៅពេលដែលសារព័ត៌មានចុះផ្សាយ មានក្បូនខ្នាតត្រឹមត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន ។ ចំណែកឯកសារព័ត៌មានបោះពុម្ពត្រូវបានចុះបញ្ជិការត្រឹមត្រូវ ហើយនៅឡើយតែសារព័ត៌មានអនឡាញមួយចំនួន មិនបានចុះបញ្ជិការ ដោយពួកគាត់ទាំងនោះបានផ្សព្វផ្សាយមិនបានត្រឹមត្រូវ ផ្សព្វផ្សាយផ្តេសផ្តាសទៅជារឿងច្របូកច្របល់ពេញសង្គម ដូច្នេះចាប់ពីពេលនេះតទៅយើងត្រូវតែគ្រប់គ្រងឲ្យបានម៉ត់ចត់។ លោកបន្តថា ឯកសារសម្រាប់បិទស្ថាប័នសារព័ត៌មានចំនួនជាង២៧០នោះ ត្រូវបានដាក់ជូនលោករដ្ឋមន្ត្រីក្រសួងព័ត៌មានជាង១ខែមកហើយ ហើយលោកក៏កំពុងពិនិត្យផងដែរ ។ លោកបញ្ជាក់ឡើងវិញថា ស្ថាប័នសារព័ត៌មានត្រូវបិទនោះ ដោយសារតែផុតសុពលភាព និងមិនមកបន្តអាជ្ញាប័ណ្ណ ឡើងវិញ អីចឹងមានន័យថាពួកគាត់បានបោះបង់សិទ្ធិរបស់ខ្លួនគាត់រួចហើយ ដូច្នេះក្រសួងព័ត៌មានគ្រាន់តែបំពេញឯកសារឲ្យគាត់សម្រាប់ មិនមែនថាយើងទៅលុបស្ថាប័នរបស់គាត់ ដោយសារតែពួកគាត់បានប្រព្រឹត្តខុសច្បាប់អ្វីនោះទេ៕ ដោយ៖កូឡាប