ព្រះអង្គម្ចាស់ក្សត្រីUbolratana Rajakanya Sirivadhana Barnavadi ដែលជាបងស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ បានធ្វើការសុំទោសដោយសារបង្កបញ្ហាដល់ប្រជាជនថៃ មុនការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនាខាងមុខនេះ។
ការចេញមុខសុំទោស និងទទួលស្គាល់កំហុសរបស់ព្រះនាងបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលគណៈកម្មការរៀបចំបោះឆ្នោតថៃ បានដកព្រះនាងចេញបញ្ជីបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត។
គណៈកម្មការបោះឆ្នោតបញ្ជាក់ថា សមាជិកគ្រួសាររាជវង្សទាំងអស់គួរតែនៅឲ្យឆ្ងាយពីនយោបាយ។ ការដកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះនាងចេញ ក្រោយពេលព្រះមហាក្សត្រីថៃសម្តែងការមិនពេញចិត្ត និងបានបញ្ជាក់ថា ការចូលរួមក្នុងឆាកនយោបាយរបស់បងស្រីព្រះអង្គគឺជារឿងមិនសមរម និងមិនគោរពទៅដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ថៃ។
ព្រះនាងបានធ្វើការបង្ហោះនៅក្នុងបណ្តាញសង្គមដូច្នេះថា “អោយខ្ញុំសុំទោស ដែលបំណងរបស់ខ្ញុំក្នុងការធ្វើកិច្ចការដើម្បីប្រទេស និងប្រជាជនថៃ បានបង្កជាបញ្ហា ដែលវាមិនគួរកើតមាននៅក្នុងរជ្ជកាលនេះ”។
គណៈកម្មាការបោះឆ្នោតថៃ ក៏កំពុងពិចារណារំលាយបក្ស Thai Raksa Chart ដោយសារតែបក្សនេះបានតែងតាំងគ្រួសាររាជវង្សជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia