Wednesday, March 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​កែសម្រួល​ខ្លឹមសារ​អនុក្រឹត្យ​ការដាក់ឱ្យ​ប្រើប្រាស់ បញ្ជី​ទំនិញ​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់​

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សហការ​ជាមួយ​ធនាគារពិភពលោក នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ប្រារព្ធ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី​២ ក្នុង​គោលបំណង​បន្ត​ជំរុញ​ដំណើរការ​ពិនិត្យ​កែសម្រួល​ខ្លឹមសារ​អនុក្រឹត្យ​លេខ ២០៩ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០០៧ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់​។​

​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានប្រកាសថា​ ​កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​មានការ​ចូលរួម​ពី​តំណាង​ធនាគារពិភពលោក និង​មន្ត្រីជាន់ខ្ពស់​ជា​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ លោក​បណ្ឌិត គុណ ញឹម បាន​គូសបញ្ជាក់ថា ការកែសម្រួល​បញ្ជី​មុខទំនិញ​ហាមឃាត់​និង​ទំនិញ​ជាប់​កម្រិត​កំណត់ ជា​ឧបសម្ព័ន្ធ​អនុក្រឹត្យ ២០៩ អនក្រ​.​បក ដែល​ត្រូវបាន​ចូល​ជា​ធរមាន​តាំងពី​ឆ្នាំ​២០០៧ មក គឺធ្វើឡើង​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឱ្យមាន​ភាពសមស្រប​ទៅតាម​ការវិវត្ត​នៃ​សភាពការណ៍ ទាំង​លើ​ទិដ្ឋភាព​បច្ចេកវិទ្យា និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អន្តរជាតិ​។ លើសពីនេះ​ទៀត ការកែសម្រួល​ក្នុងទិសដៅ​កាត់បន្ថយ​ចំនួន​មុខទំនិញ​ដែលជា​កម្មវត្ថុ​នៃ​ការហាមឃាត់ ឬ​ជាប់​កម្រិត​កំណត់​លើ​ការនាំចេញ​នាំចូល គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​បង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ឧត្ដមភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា តាមរយៈ​ការកាត់បន្ថយ​របាំង​មិនមែន​ពន្ធ ហើយ​ដែល​ត្រូវធ្វើឡើង​ស្របគ្នា​ជាមួយនឹង​ការកសាង និង​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ អ្នកជំនាញការ​ធនាគា​រ​ពិភពលោក​បានបង្ហាញ​ជូន​អង្គប្រជុំ​នូវ​បទពិសោធន៍ នៃ​ការអនុវត្ត​ល្អជា​អន្តរជាតិ​នានា ជាពិសេស​ពាក់ព័ន្ធ​នឹង​កត្តា​នានា ដែល​ត្រូវ​គិតគូរ​ក្នុងការ​កំណត់​របាំង​មិនមែន​ពន្ធ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានាបាន​តុល្យភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការទប់ស្កាត់​ហានិភ័យ​នានា ព្រមទាំង​កាត់បន្ថយ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។ ទន្ទឹមនេះ អ្នកជំនាញការ​ក៏បានផ្តល់​អនុសាសន៍ ស្តីពី​អភិក្រម​នៃ​កិច្ចដំណើរការ​ពិនិត្យ​និង កែសម្រួល​បញ្ជី​ទំនិញ ចាប់ផ្តើម​ពី​ការវិភាគ និង​កំណត់​អាទិភាព​នៃ​មុខទំនិញ​ដែល​គួរ​ដាក់​បន្ថែម​ឬ​ដកចេញ​, កិច្ច​ពិគ្រោះ​យោបល់ រហូតដល់​យន្តការ​នៃ​ការសម្រេច​មុននឹង ដាក់ជូន​រាជរដ្ឋាភិបាល​ធ្វើការ​អនុម័ត​ជា​ចុងក្រោយ​។​

​ជា​លទ្ធផល អង្គ​ប្រជុំបាន ឯកភាព​កំណត់​នូវ​ទិសដៅ​ការងារ​បន្ត​ចំនួន ៤ គឺ ទី​១. ត្រូវបង្កើត​ក្រុមការងារ​សម្រប​សម្រួល​អន្តរ​ស្ថាប័ន​មួយ ឲ្យ​បាន​ឆាប់​ដើម្បី​ចាប់ផ្តើម​កិច្ចដំណើរការ​ការងារ​នេះ​, ទី​២. ត្រូវ​កំណត់​ទម្រង់​ឬ​អភិក្រម​ច្បាស់លាស់​លើ​ការពិនិត្យ និង​កែសម្រួល​មុខទំនិញ ក្នុង​បញ្ជី​តាម​ការទទួលខុសត្រូវ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ​, ទី​៣. ត្រូវ​កំណត់​យន្តការ នៃ​ការរាយការណ៍ និង​ការសម្រេច​លើ​បញ្ជី​កែសម្រួល ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល និង​ទី​៤. កំណត់​ក្របខ័ណ្ឌ​ពេលវេលា​ជាក់លាក់ នៃ​ការបញ្ចប់​កិច្ចដំណើរការ​កែសម្រួល​អនុក្រឹត្យ​លេខ ២០៩ នេះ​។ ទន្ទឹមនេះ លោ​កម​បណ្ឌិត គុណ ញឹម ប្រធាន​អង្គប្រជុំ​ក៏បាន​ផ្តាំ​ផ្ញើឱ្យ​តំណាង​ក្រសួង​-​ស្ថាប័ន​នីមួយៗ​រៀបចំ​នីតិវិធី​ផ្ទៃក្នុង ដើម្បី​ពិនិត្យ​កែសម្រួល​មុខទំនិញ​ហាមឃាត់ និង​ជាប់​កម្រិត​កំណត់​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​គ្រប់គ្រង​រៀងៗ​ខ្លួន និង​ត្រៀម​បទ​បង្ហាញ អំពី​លទ្ធផល​នៃ​ការកែសម្រួល​ទាំងនោះ ដោយមាន​ការបញ្ជាក់​ពី​ហេតុផល និង​ភាពចាំបាច់​នានា ទាំង​លើ​ទិដ្ឋភាព​ច្បាប់​, ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​ភាពងាយស្រួល​ក្នុងការ​អនុវត្ត សម្រាប់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​៕ ​ដោយ ​៖​ កូ​ឡាប​

×