ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការចូលរួមសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារក្រុងព្រៃវែង ស្ថិតនៅ ភូមិ៣ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង បានរកឃើញទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៨,៩ គីឡូក្រាម នៅផ្សារក្រុងព្រៃវែង។
ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន ១២ មុខ ស្មើនឹង ១៦ គំរូ មានដូចជា៖ គុយទាវកាត់ ត្រីងៀត ត្រីសំយ៉ុង ស្ពៃចង្កឹះ ខ្ញីហាន់ ដើមចេកហាន់ លតស្វិត នំបាញ់ឌុប ប្រហិតសាច់គោ ត្រីសាំបាក់ មឹកស្រល់ បង្គាស្រស់ និងយីហ៊ី ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ ប៉ុន្តែបានរកឃើញទំនិញខូចគុណភាព និងហួសថ្ងៃកំណត់ប្រើប្រាស់ មួយចំនួនដូចជា៖ ទឹកប៉េងបោះ ចំនួន ១៩ កែវ ស្មើ ១៣,៣ គីឡូក្រាម ទឹកជ្រលក់ ៦ ដប ស្មើ ៣ គីឡូក្រាម ត្រីកំប៉ុង ២ កំប៉ុង ស្មើ ០,៥ គីឡូក្រាម គូលែនកំប៉ុង ១ កំប៉ុង ស្មើ ០,៦ គីឡូក្រាម នំបំពង ចំនួន ១០ កញ្ចប់ ស្មើ ១,៥ គីឡូក្រាម សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ១៨,៩ គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិតផលទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕ ដោយ ៖ កូឡាប