តាកែវ ៖ អាជ្ញាធខេត្តតាកែវនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានចាប់ផ្ដើមធ្វើការផ្សព្វផ្សាយពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមព្រមទាំងបានចែកប័ណ្ណដល់សមាជិកបេទ្បាជាតិ សន្តិសុខសង្គម ហៅកាត់ថា (បសស) ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាផងដែរ។
ថ្លែងនៅក្នុងពិធីនេះដែរលោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា គោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គម(បសស) វាគឺការចូលរួមចំណែកដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចំណាយទៅការព្យាបាលជំងឺផ្សេងៗរបស់មន្ត្រីរាជការ និងបងប្អូនពលករ ពលការនី លើការថែទាំសុខភាព និងការពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ។
លោកអភិបាលរងខេត្តបានមានប្រសាសន៏បន្ថែមទៀតថា ប័ណ្ណ បសស នេះ វាពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់មន្ត្រីរាជការ និងកម្មករនិយោជក ដោយពួកគាត់នឹងទទួលបាននូវអត្ថប្រយោជន៍ពី បសស ស្មើៗគ្នា គឺគ្រោះថ្នាក់ការងារ និងការពិនិត្យ សម្រាកព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរបស់រដ្ឋ គឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម ឥលូវនេះដើម្បីជួយសម្រួលដល់មន្ត្រីរាជការសាធារណៈទាំងអស់ នៅឆ្នាំ២០១៩នេះ មន្ត្រីរាជការសាធារណៈនឹងទទួលបានការធានារ៉ាប់រងហានិភ័យការងារដូចគ្នានិងកម្មករផងដែរ ។
លោក មូល វិចិត្រ បន្តថា អត្ថប្រយោជន៍ដែលមន្ត្រីរាជការទទួលបាននូវផ្នែកហានិភ័យការងារនោះ គឺការសង្គ្រាះបន្ទាន់ ការថែទាំ និងព្យាបាលមុខរបួស ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាកពេទ្យចាប់ពី២ថ្ងៃឡើងទៅ ជនរងគ្រោះ៧០ភាគរយនៃប្រាក់ឈ្មួលមធ្យមប្រចាំថ្ងៃ អ្នកថែទាំរក្សា ៥០ភាគរយ នៃ៧០ភាគរយរបស់ជនរងគ្រោះ ការផ្តល់ប្រាក់ធនលាភ ឬប្រាក់វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារជាអចិន្រៃ្តយ៍ ៕ ដោយ ៖ តាកែវ