តាកែវ ៖ ពលរដ្ឋមួយភូមិ ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតិតអភិបាលរងស្រុកគីរីវង់និងបច្ចុប្បន្នជាអនុប្រធានគណៈបក្សប្រជាជនស្រុក ដែលបានសាងសង់សំណង់រឹងមួយកន្លែងរំលោភលើអូរប្រវត្តិសាស្ត្រដែលមានជាយូរយាណាស់មកហើយ សម្រាប់បង្ហូរទឹកនិងបញ្ជៀសការលិចលង់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ទាំងមូលដែលជាមរតកដូនតាបន្សល់ទុកមកដល់បច្ចុប្បន្ននេះ នៅពេលមានភ្លៀងជនម្តងៗ។
តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ១១៧គ្រួសារ ដែលរស់នៅក្នុងភូមិកំពង់ លោក មិញ សុភាព នាយកសាលាបឋមសិក្សា សុខ អាន ទន្លាប់ បាននិយាយរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ចំពោះអូរប្រវត្តិសាស្ត្រនេះ ក្រុមប្រជាពលរដ្ឋធ្លាប់បានធ្វើការប្តឹងតវ៉ាជាច្រើនលើកច្រើនសារមកហើយ តែការប្តឹងផ្តល់នេះត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យប្រជាពលរដ្ឋជាអ្នកចាញ់ទៅវិញ។ ទើបមកដល់ពេលនេះ លោក ម៉េង សុខុម ដែលជាអនុស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្រុកគីរីវង់ ចាប់ផ្តើមសាងសង់និងបុកគ្រិះចាក់ថ្មធ្វើជាសំណង់រឹងនៅចំណុចពីមុខលូស្ពានឆ្លងកាត់ផ្លូវជាតិលេខ២នេះតែម្តង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ាសារជាថ្មីម្តងទៀត ដោយសារតែពួកគាត់មានកង្វល់កើតទុកមិនសុខចិត្តលើការសាងសង់សំណង់រឹងបិទមាត់លូបង្ហូរទឹកនេះ។
លោក មិញ សុភាព បាននិយាយទៀតថា ការធ្វើសំណង់នេះពិតជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន ព្រោះកន្លងមក អូរបង្ហូរទឹកនេះជាផ្លូវទឹកមួយដ៏សំខាន់សម្រាប់បញ្ជៀសការជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ សាលារៀន។
អ្នកមីង ជន សុខា ជាប្រជាពលរដ្ឋរស់នៅភូមិកំពង់បាននិយាយថា កាលពីដើមមកក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ និងជាបន្តបន្ទាប់នៅពេលរដូវវស្សាមកដល់មានភ្លៀងខ្លាំងម្តងៗទឹកបានហូរចុះពីភ្នំជ្រោះផ្អោបធ្លាក់ចុះតាមភូមិកំពង់ លិចវិទ្យាល័យ សុខ អានទម្លាប់ និង លិចដល់ផ្ទះប្រជាពលរដ្ឋរស់នៅពីខាងលិកសាលាបឋមសិក្សា សុខ អាន ទម្លាប់ ច្រើនរយគ្រួសារ បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលកាលនោះ ផ្លូវអូរនេះនៅធំទូលាយណាស់។ តែពេលទឹកជនលិចម្តងៗត្រូវរងគ្រោះយ៉ាងតិច៥យប់ទើបទឹកស្រកទៅវិញអស់ ចុះបើឥឡូវអូរនេះត្រូវបានលោក ម៉េង សុខុម សាងសង់សំណងរឹងបិទពីមុខបែបនេះ តើយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅបានស្ងប់អារម្មណ៍កក់ក្តៅដូចធម្មតាទៅមុខបានដោយរបៀបណា។
ចំណែកឯអ៊ំប្រុស នុត មន្ថា ដែលជាអ្នករស់នៅក្នុងភូមិកំពង់នេះតាំងពីតូចបាននិយាយថា អូរ ដែលជាផ្លូវបង្ហូរទឹកនេះ ពីមុនមកកន្លែងនេះគឺជាអូរ សម្រាប់ជម្លៀសទឹកចេញ មិនមែនជាដីកម្មសិទ្ធិរបស់បុគ្គលណាមួយទេ តែមកទល់ពេលនេះត្រូវបានបុគ្គលឈ្មោះ ម៉េង សុខុម សាងសង់សំណងរឹងរំលោភលើមាត់លូបង្ហូរទឹកនេះបាត់ទៅហើយ។
សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារ បានដាក់ពាក្យបណ្តឹងតវ៉ាទៅ ឯកឧត្តម សុខ សូកាន អ្នកដំណាងរាស្ត្រមណ្ឌលតាកែវរួចហើយ ដើម្បីឲ្យឯកឧត្តមជួយអន្តរាគមន៍ និងដោះស្រាយជួយដល់ពួកគាត់។ ជុំវិញការតវ៉ានេះដែរ លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានប្រាប់អ្នកសារព័ត៌មានតាមរយៈខ្សែទូរស័ព្ទនៅថ្ងៃនេះថា រូបលោកទើបតែទទួលបានដំណឹងនេះ រួចក៏បិទទូរស័ព្ទទៅដោយមិនបានធ្វើការបកស្រាយលំអិតនោះទេ ខណៈដែលរឿងនេះមានការក្តីក្តាំងគ្នាជាច្រើនលើកច្រើនសារមកហើយ៕ ដោយ ៖ តាកែវ