រាជធានីភ្នំពេញ ៖ នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលអាកាសដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅក្នុងផ្សារសេនជូរីផ្លាស្សា ខណ្ឌសែនសុខ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ ខាត់ណា ស្ពៃតឿ សាឡាដ ខ្ញីហាន់ លត មី សរសៃគុយទាវ សាច់ក្រកស៊ីភី និងប្រហិតត្រី ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញប្រហិតត្រីចំនួន ០២ គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ និងបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី។ ក្នុងថ្ងៃដដែលនោះដែរ មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ ដោយ ៖ បញ្ញាស័ក្តិ