ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ថៃទី១៤កុម្ភៈ បានចេញដីការកោះហៅលោក រ៉ុង ឈុន ឲ្យចូលបំភ្លឺនៅ ថ្ងៃទី២៧ ខែកុម្ភៈនេះ ករណីប្ដឹងសុំមោឃភាពសេចក្ដីប្រកាសរបស់ក្រសួងអប់រំដែលបានលុបឈ្មោះគ្រូបង្រៀនជាង១០នាក់។ នៅពេលនេះ លោករ៉ុង ឈុន កំពុងបេសកកម្មនៅក្រៅប្រទេស ដោយចូលរួម និងធ្វើជាវាគ្មិនក្មុងវេទិកាអតីតគណសង្គ្រោះជាតិ ជាមួយលោកសម រស្ស៊ី។
លោករ៉ុង ឈុន សរសេរលើផេកហ្វេសប៊ុកថា តុលាការកោះហៅ លោក រ៉ុង ឈុន ចូលបំភ្លឺ ករណីប្ដឹងក្រសួងអប់រំ (ខណៈលោកជាប់បេសកកម្មនៅក្រៅប្រទេសនៅឡើយ) ។
កាលពីថ្ងៃទី១៦ ខែមករា លោករ៉ុង ឈុន រួមជាមួយអតីតគ្រូបង្រៀន១០នាក់ផ្សេងទៀត បានដាក់ពាក្យប្ដឹងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ដោយស្នើឱ្យតុលាការបដិសេធសេចក្ដីប្រកាសរបស់ក្រសួងអប់រំកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និងផ្ដល់ក្របខ័ណ្ឌជាគ្រូបង្រៀន ដល់ពួកគេវិញ។
ក្នុងដីកាកោះចុះថ្ងៃទី១៤ ខែកុម្ភៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានកោះហៅលោក រ៉ុង ឈុន ឲ្យចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក។
តុលាការ បានបញ្ជាក់ក្នុងលិខិតនោះថា ៖ «ចំពោះសាម៉ីភាគី បើពុំចូលខ្លួននោះ តុលាការអាចទទួលស្គាល់ថា សេចក្ដីអះអាងអំពីចំណុចសាកសួររបស់ភាគីម្ខាងទៀតជាការពិតបាន» ។
កាលពីដើមឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានសម្រេចលុបឈ្មោះគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន១១នាក់ ដែលជាអតីតមន្ត្រីជាប់ឆ្នោត និងមន្ត្រី គ.ជ.ប កូតា មកពីបក្សប្រឆាំង ចេញពីក្របខ័ណ្ឌក្រសួងអប់រំ ក្រោមហេតុផលថាគ្រូបង្រៀនទាំងនោះអវត្តមានពីការងារដោយគ្មានច្បាប់អនុញ្ញាត។
ក្រោយការលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ ក្រុមគ្រូបង្រៀនទាំងនោះបានដាក់លិខិតអន្តរាគមន៍ជាច្រើន ទៅក្រសួងអប់រំ ទៅលោកនាយករដ្ឋមន្ត្រី និងទៅសហគមន៍អន្តរជាតិផងដែរ។
សូមបញ្ជាក់ថា លោករ៉ុង ឈុន និងបក្ខពួក ជាអតីតគ្រូបង្រៀនចំនួន ១០នាក់ នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជាអង្គការ មាននិន្ននាការប្រឆាំង ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដើរតាមផ្លូវតវ៉ាយ៉ាងក្តៅគគុកជាមួយក្រសួងអប់រំយុវជននិងកីឡា ទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។
លោករ៉ុង ឈុន ជាមនុស្សប្រឆាំងជារៀងរហូតដល់ទីបំផុតនោះ បានសរសេរលើផេកហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៩នេះ ខ្ញុំ និងលោកគ្រូ អ្នកគ្រូ ដែលត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌ មកដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ។ អតីតគ្រូបង្រៀនដែលក្រសួងអប់រំ កាប់ឈ្មោះចេញពីក្របខ័ណ្ឌនោះ រួមមាន ជុំ ចាន់ , លី ឌី , ខែម ស៊ីថា, យិន ឈូករ័ត្ន, រ៉ុង ឈុន, វង ទុន្នី, បុត មល្លា, ពៀត ម៉ាប់, ហុង សុជា, ច័ន្ទ សុភា និង គង់ ស៊ីវង្ស។
ក្នុងពេលដាក់ពាក្យបណ្តឹងនោះ លោករ៉ុង ឈុន ព្រមានធ្វើបាតុកម្មប្រឆាំង បើសិនជាមិនមានដំណោះស្រាយតាមផ្លូវច្បាប់។ ពិតជាខ្លាំងមែន លោករ៉ុង ឈុន ជាមនុស្សក្រៅក្របខ័ណ្ឌ ក៏បានបង្គាប់បញ្ជាឲ្យតុលាការ ចេញសាលក្រមបដិសេធរបស់ក្រសួងអប់រំចោល និងចេញសាលក្រមមួយទៀត ផ្តល់សិទ្ធិឲ្យក្រុមគ្រូបង្រៀន ។ លោករ៉ុង ឈុន ក៏យកឱកាសនេះ ឆ្លៀតវាយប្រហារទៅរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ ដោយលោកបញ្ជាក់ថា” ដោយសារតែគណបក្សប្រជាជន លោកនាយករដ្ឋមន្ត្រី កូនចៅលោកនាយករដ្ឋមន្ត្រី ធ្វើការបែបនឹងហើយ បានជានាយករដ្ឋមន្ត្រីបាត់បង់ការគាំទ្រ “។ លោកបាននិយាយអូតខ្លួនឯងទៀតថា “ខ្ញុំមានមន្ត្រី មានកម្មករ មានគ្រូបង្រៀនច្រើន ក៏គាត់សម្តែងការមិនសប្បាយចិត្តដែរ ហើយលោកនាយករដ្ឋមន្ត្រីក៏បានបាត់បង់ តាមរយៈ “អា” មន្ត្រីក្រោមឱវាទធ្វើការមិនគោរពទៅតាមនីតិវិធីហ្នឹង “។
ចំណែកបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា លោករ៉ុង ឈុន ត្រូវក្រសួងអប់រំកាត់ឈ្មោះចេញពីក្របខ័ណ្ឌមិនខុសទេ ពីព្រោះបានមាក់ងាយមន្ត្រីរាជរដ្ឋាភិបាល ជាមន្ត្រីក្រសួងអប់រំតែម្តង ដោយហៅសុទ្ធតែ “អាមន្ត្រី”៕ ដោយ ៖ កូឡាប