ព្រះវិហារ ៖ ពន្ធនាគារខេត្តព្រះវិហារ កំពុងជួបការខ្វះខាតទឹកប្រើប្រាស់ជាខ្លាំង, លោកលឹម គានហោ ប្រកាសផ្តល់អណ្តូងទឹក ចំនួន ០១ សម្រាប់ផ្គត់ផ្គង់នៅទីនោះ ។ នេះបើតាមការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី១៥ ខែកុម្ភៈ។
ក្រសួងជំនាញ បានបន្តថា ការប្រកាសផ្តល់អណ្តូងទឹកខាងលើ ធ្វើឡើងភ្លាមៗបន្ទាប់ពីមានសំណើរពីលោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកប្រធានពន្ធនាគារខេត្ត ដែលបានស្នើឲ្យក្រសួងធនធានទឹក និងឧតុនិយម ជួយដោះស្រាយទឹកប្រើប្រាស់នៅក្នុងពន្ធនាគារខេត្ត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលកំពុងតែជួបការខ្វះខាតទឹកជាខ្លាំង ។ អណ្តូងទឹកនោះគឺគ្រោងនឹងជីកក្នុងជម្រៅប្រមាណ ៥០ ម៉ែត្រ និងមានបំពាក់នូវម៉ាស៊ីនបូមទឹកខ្នាតតូច ចំនួន ០១ គ្រឿង ព្រមទាំងរៀបចំជាប្រព័ន្ធទុយោទឹកដែលអាចបូមចែកចាយនៅក្នុងពន្ធនាគារទាំងមូល ។ ទន្ទឹមនឹងការប្រកាសផ្តល់អណ្តូងទឹកនេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ប្រើប្រាស់រថយន្តបំពាក់ស៊ីទែនទឹកដែល បានផ្តល់ឲ្យនាពេលកន្លងទៅ ដើម្បីដឹកជញ្ជូនទឹកប្រចាំថ្ងៃទៅកាន់ពន្ធនាគារសម្រាប់ផ្គត់ផ្គង់ ឲ្យការប្រើប្រាស់ជាបណ្តោះអាសន្ន រហូតដល់អណ្តូងទឹកជីករួច ។
សូមជម្រាបផងដែរថា ពន្ធនាគារខេត្តព្រះវិហារ មានមន្ត្រីបម្រើការងារ ចំនួន ៥៥ នាក់ និងទណ្ឌិតសរុបចំនួន ៤៥៥ នាក់ ៕ ដោយ ៖ កូឡាប