ព្រៃវែង៖ បន្ទាប់ពីមានសំឡេងម្ចាស់ដេប៉ូឈើ វិបុល បានឆ្លើយឆ្លងជាមួយអ្នកកាសែត ដោយយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់រាជរាជរដ្ឋាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គំរាមអ្នកកាសែតរួចមកនោះ នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ តាមរយៈផេកហ្វេសប៊ុកផ្លូវការ លោក ស សុខា បានធ្វើការបដិសេធទាំងស្រុងដោយមិនពាក់ព័ន្ធនឹងលោកនោះទេ។
ម្ចាស់ដេប៉ូឈើយីហោ “វិបុល” ស្ថិតនៅភូមិព្រៃភ្នៅ ឃុំព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានមានទំនាស់ជាមួយអ្នកកាសែតចំនួន៣នាក់ ដែលទៅផ្តិតយករូបភាពនៃការចរាចរឈើដោយខុសច្បាប់។
លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបដិសេធន៍យ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងចំពោះម្ចាស់ដេប៉ូឈើយីហោ “វិបុល” ស្ថិតនៅភូមិព្រៃភ្នៅ ឃុំព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលបានប្រើឈ្មោះលោក និងសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា មកគំរាមអ្នកសាព័ត៌មាននិងសមត្ថកិច្ច។
លោក ស សុខា បានថ្លែងបញ្ជាក់ថា “ខ្ញុំបាទសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ម្ចាស់ដេប៉ូឈើមួយកន្លែង ដែលមានឈ្មោះ ប៊ី វី (ហៅវិបុល) ដែលបានយកឈ្មោះ សម្តេចតេជោ ហ៊ុន សែន និងឈ្មោះខ្ញុំបាទ ទៅប្រើប្រាស់ក្នុងគោលបំណងគំរាមកំហែង ប្រមាថទៅលើអ្នកសារព័ត៌មាននិងកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច ក្នុងន័យបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន”។
ការបដិសេធនេះ បានធ្វើឡើងតាមបណ្ដាញសង្គហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ បន្ទាប់ពីម្ចាស់អាជីវកម្មដេប៉ូឈើឈ្មោះ “វិបុល” មាន ជម្លោះជាមួយអ្នកកាសែតចំនួន៣នាក់ទី១ឈ្មោះ ខន ខេន ភ្នាក់ងារទូរទស្សន៍អនឡាញ ព្រះនរាយណ៍ប្រចាំខេត្តព្រៃវែង។ ២ឈ្មោះ ខាន់ និត ភ្នាក់ងារទូរទស្សន៍ អនឡាញ,នគរមាស។ ៣ ឈ្មោះ វ៉ាន់ ឈឿង ភ្នាក់ទូរទស្សន៍ អនឡាញ ស្លឹករឹត។ ដោយរងការចោទប្រកាន់និងបណ្ដឹងពីអ្នកសាព័ត៌មានទាំងបីនាក់ថា បានបញ្ជារថយន្តដឹកឈើប៉ុនប៉ងបំបុកសំលាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧នៅចំណុចមុខដេប៉ូឈើរបស់ខ្លួនឈ្មោះ (វីបុល) ស្ថិតនៅចំណុចខាងលើ។
បើតាមសំឡេងដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម ទំនាស់ភ្លាមៗដូចខាងលើ នៅវេលាម៉ោង១១ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោក ចាន់ ថន ភ្នាក់ងារកាសែតរស្មីកម្ពុជា បានទូរស័ព្ទសុំការបំភ្លឺពីម្ចាស់ដេប៉ូខាងលើ ដើម្បីផ្សាយព័ត៌មាន។ លុះដល់ម៉ោង១រសៀលថ្ងៃដដែល កូនម្ចាស់ដេប៉ូឈើខាងលើ បានទូរស័ព្ទមកវិញ ដោយបានលើកឡើងថា បើអ្នកកាសែតទាំងបីនាក់ខ្លាំង មេខ្ញុំគឺឯកឧត្ដម ស សុខា ឲ្យទៅជួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីជាន់ទី៧ បន្ទប់លេខ២ ដោយទៅជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង មិនបាច់ប្ដឹងផ្ដល់អីទេ។ សារសំឡេងឆ្លើយឆ្លងគ្នា រវាកូនម្ចាស់ដេប៉ូឈើ ជាមួយអ្នកកាសែត បានបញ្ជាក់ថា កូនម្ចាស់ដេប៉ូឈើនេះ គឺធ្វើការនៅជាមួយឯក ស សុខា បើថាពិបាកពេកថ្ងៃចន្ទក្រោយ ទៅជួបសម្ដេចតែម្ដង ឲ្យបានដឹង។
ប្រភពបានឲ្យដឹងថា ដេប៉ូឈើឈ្មោះ (វីបុល) នេះមានច្បាប់ តែទិញឈើអត់ច្បាប់ លុះដល់អ្នកកាសែតចុះទៅថតផ្ដិតយករូបភាព ដើម្បីផ្សាយព័ត៌មាន ស្រាប់តែម្ចាស់ដេប៉ូ ខឹងស្រែកបញ្ជាឡាន ឲ្យដេញបុកអ្នកកាសែត៕ ដោយ៖បញ្ញាស័ក្តិ