ខេត្តកំពង់ស្ពឺ ៖ កងកម្លាំងនគរបាលជាតិមានតួនាទី ភារកិច្ចក្នុងការអនុវត្ដនិងត្រៀមខ្លួនជានិច្ចក្នុងកិច្ចប្រតិបត្តិការជួយអន្ដរាគមន៍និងសង្គ្រោះករណីផ្សេងៗរួមទាំងគ្រោះអគ្គីភ័យដែលកើតឡើងជាយថាហេតុ ។
បច្ចុប្បន្នកងកម្លាំងនគរបាលជំនាញ បង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានធ្វើការហ្វឹកហាត់ ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់លើកិច្ចការជំនាញរបស់ខ្លួននិងបានម្ចាស់ការជួយសង្គ្រោះអន្ដរាគមន៍ភ្លាមៗក្នុងករណីចាំបាច់កើតឡើង និងមានការស្នើសុំអោយជួយអន្ដរាគមន៍ ជាក់ស្ដែងកន្លងទៅហេតុការណ៍ គ្រោះអគ្គីភ័យកើតនៅតាមបណ្ដាក្រុង.ស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានការជួយធ្វើអន្ដរាគមន៍ភ្លាមៗ ដូចជាករណីឆេះផ្ទះនៅស្រុកគងពិសី ករណីឆេះរថយន្ដដឹកប្រេងនៅស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច ក្រុងច្បារមន ឆេះកម្ទេចក្រណាត់នៅក្បែររោងចក្រ ករណីឆេះស្មៅនៅក្បែរបងរោងចក្រ ករណីឆេះរថយន្ដឆ្លងចរន្ដអគ្គីសនីនៅតាមផ្លូវជាតិ ករណីឆេះឡសម្ងួតស្រូវនៅស្រុកឧដុង្គ មិនតែប៉ុណ្ណោះកងកម្លាំងរថយន្ដពន្លត់អគ្គីភ័យបានចេញជួយការងារលាងសម្អាតតាមដងផ្លូវករណីស្នើសុំអោយជួយដោយមិនប្រកាន់លើកិច្ចការ និន្នាការ ពណ៌សម្បុរជាតិសាសន៍ ឬការរើសអើងឋានៈអ្នកក្រអ្នកមានទីតាំងឆ្ងាយជិតនោះទេអោយតែមានករណីគរោះអគ្គីភ័យកើតឡើងឬតំរូវការចាំបាច់សង្គ្រោះបន្ទាន់។
តាមការឲ្យដឹងបន្ថែមលោកឧត្ដមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរងទទួលផែនបង្ការពន្លត់អគ្គីភ័យ បញ្ជាក់ថា កន្លងមកអតីតកាលធ្លាប់ឮតែពាក្យចចាមអារ៉ាមថា រថយន្ដពន្លត់អគ្គីភ័យតែងតែយឺតយ៉ាវ អស់ទឹក គ្មានប្រេង បាញ់តែផ្ទះអត់ឆេះ(ផ្ទះអ្នកមានលុយ) ប៉ុន្តែសម្រាប់ខេត្ដកំពង់ស្ពឺពាក្យនេះដូចជាមិនត្រូវបានឮតាមខ្យល់តាមទឹកនោះទេ ក៏ដោយសារតែការយកចិត្ដទុកដាក់និងការគោរពវិន័យបានតាមបទបញ្ជា មានសីលធម៌ សុជីវធម៌ ធ្វើឲ្យវប្បធម៌នៃការបែងចែករើសអើងរលាយសាបសូន្យមិនមានជីវិតរស់នៅលើទឹកដីខេត្ដកំពង់ស្ពឺឡើយ ជាការសំណូមពរក្នុងរដូវប្រាំងឆ្នាំនេះសូមអស់លោក លោកស្រីជានាយកក្រុមហ៊ុន សិប្បកម្ម អាជីវកម្ម សហគ្រាស រោងចក្រ ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស ទីតាំងងាយរងគ្រោះបញ្ហាអគ្គីភ័យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើវិធានការបង្ការ សង្គ្រោះបឋមដូចជាត្រៀមបំពង់ឧបករណ៍សំរាប់ពន្លត់អគ្គីភ័យ លក្ខណៈមានរថយន្ដអគ្គីភ័យផ្ទាល់ខ្លួន ប៉ុន្តែមិនត្រូវមានករបារម្ភនោះពេកទេ ព្រោះមធ្យោបាយសង្គ្រោះរបស់សមត្ថកិច្ច មានត្រៀមចាំជួយអន្ដរាគមន៍ក្នុងករណីកើតមានគ្រោះអគ្គីភ័យដែលកើតមានជាយថាហេតុ ២៤ម៉ោងលើ២៤ម៉ោង ប៉ុន្តែមិនអាចយកទៅត្រៀមចាំនៅទីតាំងផ្ទះរបស់លោក លោកស្រី ឧកញ៉ាណាមួយនោះបានទេ ករណីបន្ទាន់ទំនាក់ទំនងតាមលេខទូរស័ព្ទ ទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ 097 778 0018 និងលេខទូរស័ព្ទលោកស្នងការរង អគ្គីភ័យ 098889 228 សូមអរគុណ! ៕ ដោយ៖កូឡាប