សន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី ១៥ ត្រូវបានរៀបចំដោយ ស្ថាប័នអប់រំ អាយ ឌី ភី ដែលជាស្ថាប័នឈានមុខលើពិភពលោកក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស និងសេវាកម្មអប់រំអន្តរជាតិ បានទទួលស្វាគមន៍អ្នកចូលរួមប្រមាណ ១៧០០ នាក់ មកពីជាង ៣០ ប្រទេសជុំវិញពិភពលោក ដែលច្រើនជាង ៧០% នៃអ្នកចូលរួមមកពីតំបន់អាស៊ីអាគ្នេយ៍។ គួរកត់សម្គាល់ផងដែរថា សន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី ១៥ ផ្ដោតលើប្រធានបទ “គ្រូបង្រៀនជាអ្នកសិក្សា”។
ជារៀងរាល់ឆ្នាំ សន្និសីទ CamTESOL បានប្រមូលផ្ដុំគ្រួបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន សាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស អ្នកតំណាងមកពីក្រសួងអប់រំ យុវជននិងកីទ្បា និងអ្នកអប់រំភាសាអង់គ្លេសកម្រិតអន្តរជាតិ ដែលមានបំណងបង្កើតនិងពង្រឹងនូវទំនាក់ទំនងក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការបើកសន្និសីទជាផ្លូវការ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ក្រោមគណៈអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា លោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស អាយ ឌី ភី និង អេស៊ីអ៊ី ។
នៅក្នុងឱកាសបើកសន្និសីទជាផ្លូវការ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖ “គ្រូបង្រៀន និងការអប់រំត្រូវតែឆ្លើយតបទៅនឹងសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ហើយយើងត្រូវតែគិតអំពីវិធីសាស្ដ្របង្រៀនភាសាអង់គ្លេស។ នៅក្នុងសារនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាម្តងទៀតដែលបានចែករំលែកគំនិត និងចែករំលែកជាមួយគ្រូបង្រៀនកម្ពុជាអំពីរបៀបបង្រៀនភាសាអង់គ្លេសឲ្យកាន់តែប្រសើរទ្បើងនៅក្នុងប្រទេសកម្ពុជា នៅក្នុងសន្និសីទ CamTESOL ។ គ្រូបង្រៀនល្អគឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំ។ ខ្ញុំចង់អរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់នៅក្នុងបន្ទប់នេះ ហើយអរគុណចំពោះការរួមចំណែករបស់ពួកគាត់” ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស អាយ ឌី ភី និង អេស៊ីអ៊ី បានកត់សម្គាល់ថា៖ សន្និសីទ CamTESOL បានពង្រឹងទំនាក់ទំនងរវាងសហគមន៍ ELT នៅអាស៊ីអាគ្នេយ៍និងអន្តរជាតិ ហើយទទួលបានការគាំទ្រពីស្ថាប័នអប់រំ ដែលល្បីល្បាញជាសកល ។ លោកក៏បានលើកឡើងផងដែរថាសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧-៩ ខែកុម្ភៈឆ្នាំ ២០២០ ដែលលោកបានលើកទឹកចិត្តដល់អ្នកឯកទេស ELT ឱ្យដាក់ឯកសារសង្ខេបក្រោមប្រធានបទ ELT សតវត្សទី ២១ ៖ វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព ។ លោកក៏បានថ្លែងកោតសរសើរចំពោះការគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា ស្ថានទូត ស្ថាប័ននិងអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស(ELT) នៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍និងអន្តរជាតិ។ ខ្ញុំសូមសំដែងការកោតសរសើរដល់វាគ្មិន និងអ្នកឧបត្ថម្ភសម្រាប់ការចូលរួម និងសូមអរគុណដល់អ្នកស្ម័គ្រចិត្តជាង ៣00 នាក់នៅកម្ពុជានិងនៅជុំវិញពិភពលោកសម្រាប់ការលះបង់ពេលវេលា និងការខិតខំ ដែលធ្វើឱ្យសន្និសីទនេះក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ។
នៅក្នុងឱកាសបើកសន្និសីទជាផ្លូវការនេះដែរ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ វាពិតជាអស្ចារ្យណាស់ដែលមនុស្សជាច្រើនចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈ បង្កើនទំនាក់ទំនងនិងឱកាសអភិវឌ្ឍវិជ្ជាជីវៈផ្សេងទៀតដែលអាចរកបាននៅសន្និសីទ នៅភ្នំពេញនៅចុងសប្តាហ៍នេះ។ វាក៏ជាឱកាសដ៏អស្ចារ្យមួយសម្រាប់ការសិក្សាវប្បធម៌ចំរុះជាមួយគ្រូបង្រៀនកម្ពុជា ១,000 នាក់ មកពីគ្រប់ទិសទីទូទាំងប្រទេសនិងមានឱកាសជួប និងចែករំលែកបទពិសោធន៍ ។
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាបានកត់សម្គាល់ថា៖ ខ្ញុំមានសេចក្តីរីករាយណាស់ដោយមានវត្តមាននៅទីនេះចុងសប្តាហ៍នេះនិងស្វាគមន៍ប្រតិភូ ១៧០០ នាក់មកពី ៣៤ ប្រទេស។ កម្រិតនៃការចូលរួមនិងការរីកចម្រើនរបស់ CamTESOL ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះគឺជាការបង្ហាញពីតម្លៃនៃគ្រូបង្រៀនក្នុងវិស័យអប់រំដែលចង់បានឱកាសបន្តការសិក្សា។ ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ កំពុងតែជ្រើសរើសយកការវិនិយោគលើជំនាញ ELT សម្រាប់កូនៗរបស់ពួកគេ ហើយវាមិនពិបាកក្នុងការយល់ថាមកពីហេតុអ្វីនោះទេ។ មានរដ្ឋអធិបតេយ្យចំនួន ៥៥ និងរដ្ឋមិនអធិបតេយ្យចំនួន ២៧ ដែលមានភាសាអង់គ្លេសជាភាសាផ្លូវការ ដោយសារភាសាអង់គ្លេសជាភាសាពិភពលោក ។
វាគ្មិនក្នុងកិច្ចពិភាក្សាពេញអង្គរួមមាន លោក Anne Burns ជាសាស្ត្រាចារ្យផ្នែកបង្រៀនភាសានៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី លោក Joe McVeigh ទីប្រឹក្សាអប់រំនិងជាគ្រូបណ្ដុះបណ្ដាល នៅ Middlebury, Vermont, សហរដ្ឋអាមេរិក និង វាគ្មិនជាច្រើនទៀត។ នៅក្នុងឱកាសសន្និសីទនេះដែរ ក៏មានការតាំងបង្ហាញសំភារៈ សេវាកម្មទាក់ទងនឹងផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ពីស្ថាប័ន សមាគមន៍ផ្សេងៗ ដែលមានស្តង់ចំនួន៣៣ ផងដែរ។ ជាមួយគ្នានេះដែរ សន្និសីទដ៏ធំនេះបានរួមបញ្ចូលនូវការធ្វើបទបង្ហាញចំនួនជាង ៤០០ ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ដែលមានប្រធានបទ ២៩ ផ្សេងៗគ្នា។
រយៈពេល ១៥ ឆ្នាំបន្ទាប់ពីការបង្កើតសន្និសីទ CamTESOL នេះ ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) បន្តទទួលស្គាល់ និងសម្តែងការសាទរចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតអូស្ត្រាលី ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស និងស្ថាប័ននានាជាច្រើន ព្រមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិទាំងមូល។ ការគាំទ្រជាបន្តបន្ទាប់នេះបានរួមចំណែកយ៉ាងធំធេងនៅក្នុងការរីកចម្រើនលូតលាស់ជាបន្ត និងភាពល្បីល្បាញរបស់សន្និសីទនេះ ក៏ដូចជាបានរួមចំណែកទៅក្នុងការបង្រៀននិងការរៀនភាសាអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា សន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៦ នឹងធ្វើទ្បើងនៅថ្ងៃទី ៧-៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមប្រធានបទ ELT សតវត្សទី ២១: វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព៕ ដោយ ៖ កូឡាប
ដើម្បីស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងសន្និសីទនេះ សូមចូលទៅកាន់៖ www.camtesol.org