ខេត្តរតនគិរី ៖ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងពិធីប្រកាសផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីកងរាជអាវុធហត្ថ ជំនួសតំណែង លោក គីម រស្មី អតីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។ លោក សៅ សុខា មានប្រសាសន៍ក្នុងសម្តីធ្ងន់ៗ នៅចំពោះមុខមន្ត្រីក្រោមឱវាទ របស់លោកថា មិនត្រូវយកឋានៈ និងតួនាទី របស់ខ្លួន ដើម្បីយកទៅធ្វើជាមុខរបរឡើយ ដើម្បីចៀសវាងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ដែលនាំអោយមានភាពប៉ះពាល់តម្លៃ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងវិន័យ របស់កងកម្លាំង ប៉ូលីសនគរបាល។
នាឱកាសនោះ លោក សៅ សុខា បានព្រមានថា ប្រសិនបើលោករកឃើញមន្ដ្រីរូបណា យកឋានៈ និងតួនាទីទៅប្រព្រឹត្ដិទង្វើទាំងនោះ នឹងត្រូវទទួលទោសជាក់ជាពុំខាន។
លោក សៅ សុខា បានឲ្យដឹងដូច្នេះរួចបញ្ជាក់ថា៖” ក្នុងនាមមន្ត្រី កងរាជអាវុធហត្ថ ដែលជាអ្នកបម្រើប្រជាជន គឺត្រូវតែបំត្រូវពេញនូវកាតព្វកិច្ច របស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវ សេចក្តីថ្លៃថ្នូ សាមគ្គីផ្ទៃក្នុង របស់ អង្គភាពឲ្យ ឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញកិច្ចការងារ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព អោយកាន់តែប្រសើរឡើង។
ព្រមជាមួយគ្នានេះ លោក សៅ សុខា បញ្ជាក់ថា មន្ត្រី កងរាជអាវុធហត្ថទាំងអស់ ត្រូវចៀសវាងអោយបានជាដាច់ខាតរាល់ ការយកឋានៈតួនាទី របស់ខ្លួន ក្នុងជួររដ្ឋាភិបាល ទៅធ្វើជាមុខរបរ ដើម្បីកៀបសង្កត់មន្ត្រីស្ថិតនៅក្រោមឱវាទ ក្នុងអង្គភាពរបស់ខ្លួន ឬតាមគ្រប់រូបភាពណាក៏ដោយ..។
ត្រង់ចំណុចនេះ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្រមានថា ប្រសិនបើរូបលោក រកឃើញថា មន្ត្រីរូបណា បានប្រព្រឹត្តិទង្វើ មិនគប្បី និងអសកម្មណាមួយ ក្នុងអង្គភាពនីមួយៗ មន្ត្រីរូបនោះ នឹងត្រូវទទួលទោស ដោយមិនអាចលើកលេងជាក់ជាពុំខាន ឬមុនអាចលើកលែងឲ្យបាននោះទេ។
ប្រជាពលរដ្ឋភាគច្រើនបានសាទរ និងគាំទ្រចំពោះសារព្រមាន របស់លោក សៅ សុខា ប៉ុន្តែស្នើឲ្យលោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ ត្រូវតាមដានមន្ត្រីថ្នាក់ក្រោម របស់លោកនៅតាមខេត្ត-ក្រុងនីមួយៗ នៅទូទាំប្រទេសកម្ពុជា ឲ្យបានដិតដល់ នុងជាប្រចាំផង ប្រយោជន៍ ដើម្បីឲ្យសារព្រមាន របស់លោកមានប្រសិទ្ធភាព និនានតម្លៃថ្លៃថ្នូរ។ ព្រោះបើមិនដូច្នេះទេ វានឹងគ្មានតម្លៃឡើយ..។
ទាក់ទិនបញ្ហាខាងលើនេះដែរ សម្រាប់ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតាមសហគមន៍មួយចំនួន នាខេត្តព្រះសីហនុ ក៏បានសំណូមពរ និងស្នើឲ្យលោក សៅ សុខា ជួយអង្កេតទៅលើសកម្មភាព របស់ លោក ហេង ប៊ុនទី មេបញ្ជាការកងេជអាវុធហត្ថខេត្តព្រះសីហនុ ដែលជានិច្ចជាកាល តែងបញ្ជូនកម្លាំងក្រោមឱវាទ របស់ខ្លួន ទៅសម្លុតគំរាមកំហែងប្រជាពលរដ្ឋ និងចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាតវ៉ាលើទំនាស់ដីធ្លីជាបន្តបន្ទាប់មកនេះ ឲ្យបានឆាប់ ដោយអនុគ្រោះផង..។
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានអះអាងថា កន្លងមកមក លោក ហេង ប៊ុនទី តែងបញ្ជូនកម្លាំងក្រោមឱវាទ ចុះមកគម្រាមកំហែង និងចាប់ខ្លួនប្រជាពករដ្ឋ ដែលប្រមូលផ្តុំគ្នា តវ៉ាលើទំនាស់ដីធ្លីដោយសន្តុវិធី ហើយបានប្រើហឹង្សា បាញ់គំរាមពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួន នាខេត្តព្រះសីហនុ ដើម្បីកាងការពារ ឬយកដីឲ្យឈ្មួញមានងារជាឧកញ៉ា មន្ត្រីមានអំណាចមួយចំនួន ក្រោមរូបភាពបញ្ជូនកម្លាំងចុះអនុវត្តច្បាប់ជាដើម..។
ប្រជាពលរដ្ឋ បានអះអាងទៀតថា សហគមន៍មានទំនាស់ដីធ្លី ដែលលោក ហេង ប៉ុនទី តែងបញ្ជូន និងបញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រដាប់ដោយអាវុធ ចុះបង្ក្រាបពលរដ្ឋតវ៉ាទំនាស់ដីធ្លីនាពេលកន្លងមករួមមាន៖ នៅសហគមន៍អូរខ្សាច់- សហគមន៍ពយកំពេញ- សហគមន៍អូរដំរី និងជាពិសេស សកម្មភាពចុះបង្ក្រាបការតវ៉ា របស់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកមរា ឆ្នាំ២០១៩ ដែលឈានដល់កម្លាំងចម្រុះផ្ទុះអាវុធ របួសធ្ងន់ប្រជាពលរដ្ឋម្នាក់ ហើយកម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនពលរដ្ឋមួយចំនួន ប៉ុន្តែក្រោយមកត្រូវបានដោះលែងវិញ។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅតាមសហគមន៍មួយចំនួន នាខេត្តព្រះសីហនុ បានសំណូមព្រដល់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយពិនិត្យទៅលើរាល់ការ បញ្ជូនកងកម្លាំងចុះអនុវត្តតួនាទីការងារ របស់ លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានអនុវត្តនាពេលកន្លងមក ថាតើបានអនុវត្តត្រឹមត្រូវដែរឬទេ..? ឬមួយអាចមានជាប់ពាក់ព័ន្ចមានជាប់ពាក់ព័ន្ធការប្រើប្រាស់តួនាទី ដើម្បីធ្វើជាមុខរបរដែរឬយ៉ាងណា..?។
យ៉ាងនេះក្តី មិនទាន់មានការឆ្លើយតបបែបណា ពី លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជុំវិញការអះអាង របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួននាខេត្តព្រះសីហនុ នាននៅឡើយទេនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕ ដោយ៖ ដែន សីមា