ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១រោចខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងហ្នឹងទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំការផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ទៅលើសេចក្តីព្រាងប្រតិទិនការងារ និងគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់រៀបចំផែន ការអភិវឌ្ឍន៍រយះពេលឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២០-២០២២) របស់រដ្ឋបាលខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី អស់លោកជា អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី ប្រធានមន្ទីរ/អង្គភាព តំណាងសមាគមប្រឹក្សា ស្រុក ក្រុង ឃុំ-សង្កាត់ តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត ។
លោកអភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រតិទិនការងារ និងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់រៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២០-២០២២)នាពេលនេះ គឺជាលើកទី៣ ហើយដែលបានរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈ ពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត តាំងពីឆ្នាំ២០០៩មក និងអរគុណចំពោះ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាពដែលមានកំណត់ នៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលកន្លងទៅបានល្អប្រសើរគួជាទីមោទនៈ។
លោក ម៉ែន វិបុល បានបន្តទៀតថា ការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺពិតជាបានផ្ដល់នូវ ផលប្រយោជន៍យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធីជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ២០១០-២០១៩ ។
សូមជម្រាបជូនថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ គឺជាឯកសារយុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជាត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀប ចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ហេតុនេះដើម្បីធានាឲ្យការរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិ និយោគបីឆ្នាំរំកិលបន្ទាប់របស់យើង ប្រព្រឹត្តទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និង គោលការណ៍ណែនាំ គឺទាមទារឲ្យយើងត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូនក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែកគោលនយោបាយសម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល ៕ ដោយ ៖ វ៉ៃកូ