សៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ បារាយណ៍ខាងជើង កំពុងប្រឈមនឹងការខ្វះខាតខ្លាំងនារដូវប្រាំងខាងមុខ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩ ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងពីមូលហេតុនៃការខ្វះខាតទឹកដើម្បីបញ្ជូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ក្រុងអង្គរធំ និងបារាយណ៍ខាងជើងនេះ គឺដោយសារនាយដ្ឋានទឹកបានបើកទ្វារទឹក ដើម្បីបញ្ជូលទឹកទៅស្ទឹងព្រះស្រុកសម្រាប់ស្រោចស្រពស្រែ ប្រជាពលរដ្ឋចំនួន៣០០ហិចតាចំនួនពីរលើក គឺលើកទី១រយៈពេលពីរសប្តាហ៍ និងលើកទី២រយៈពេលមួយសប្តាហ៍ ចេញពីប្រឡាយស្តុកទឹកបម្រុងសម្រាប់ បញ្ជូលទៅក្នុងបារាយណ៍ខាងជើង កសិន្ធុក្រុងអង្គរធំ កសិន្ធុប្រាសាទអង្គរវត្ត។ ម្យ៉ាងវិញទៀត បច្ចុប្បន្នប្រឡាយស្តុកទឹកបម្រុងក៏ពុំមានទឹកទេ ដោយសារបរិមាណទឹកស្ទឹងសៀមរាប ដែលហូរពីភ្នំគូលែនតិចតួចពេក ហើយ ក្រុមការងារក៏បានចែកទឹកមួយផ្នែក មកក្រុងសៀមរាបផងដែរ។
លោកបញ្ជាក់ថា បើធៀបនឹងឆ្នាំមុន កម្ពស់ទឹកបច្ចុប្បន្ននៅបារាយណ៍ខាងជើងមានកម្រិតទាបជាង ០,៨ម៉ែត្រ (ប្រហែលជា២,៦លានម៉ែត្រគូប) កសិន្ធុក្រុងអង្គរធំទាបជាង០,៩៣ម៉ែត្រ (៦៥ម៉ឺនម៉ែត្រគូប) និងកសិន្ធុប្រាសាទអង្គរវត្តទាបជាង០,៤ម៉ែត្រ (៣៨ម៉ឺនម៉ែត្រគូប)។ ជាសរុបយើងបានបាត់បង់ទឹកប្រហែលជា៣,៦៣លានម៉ែត្រគូប ដែលនេះជាចំណុចក្រុមការងារកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាទឹកក្នុងអាងស្តុកទឹកទាំងនេះ។ ទោះជាយ៉ាងណា ការគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរនឹងពុំមានបញ្ហាឡើយ។
ពេលនេះក្រុមការងារកំពុងមមាញឹក ក្នុងការស្តារប្រឡាយនិងបិទទ្វារទឹក ពីស្ទឹងសៀមរាបដើម្បីបញ្ជូលទឹកទៅក្នុងកសិន្ធុក្រុងអង្គរធំ ប្រាសាទអង្គរវត្ត ជៀសវាងរីងស្ងួត នាពេលខាងមុខនេ។ ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែល បានបិទទំនប់កាត់ប្រឡាយស្ទាក់ទឹក សម្រាប់ទុកប្រើប្រាស់ សូមបើកឡើងវិញ ដើម្បីកុំឱ្យមានការលំបាកដល់ការបញ្ជូលទឹក ទៅក្នុងកសិន្ធុប្រាសាទនៅក្នុងតំបន់អង្គរ៕ ដោយ ៖ បញ្ញាស័ក្តិ