ភ្នំពេញ ៖ បន្ទាប់ពីគេហទំព័រស៊ីអ៊ីអិនចុះផ្សាយព័ត៌មានមួយដែលមានចំណងជើងថា “ស្ថានទូតបារាំង មិនឲ្យទិដ្ឋាការដល់សហគមន៍ជនជាតិដើមភាគតិច , សហគមន៍ទាមទាររកយុត្តិធម៌” កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៩កន្លងមកនោះ ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី ( SOCFIN-KCD) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សេចក្តីប្រកាសព័ត៌មាន ដើម្បីបញ្ជាក់ដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលកាលពីថ្មីៗនេះ បានចេញផ្សាយព័ត៌មាន ទាក់ទងទៅនឹងជម្លោះរបស់សហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រា ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា តំណាងជនជាតិភាគតិចព្នង ជាង១០០នាក់ បានធ្វើសន្និសីទកាសែត នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគារ Meta House ទល់មុខមជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ៣៧ មហាវិថីសម្តេចសុធារស នៅទីក្រុងភ្នំពេញ ដើម្បីទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ ដែលស្ថានទូតបារាំងបដិសេធ មិនឲ្យទិដ្ឋាការដល់ តំណាងសហគមន៍ជនជាតិដើមភាគតិច ។
បើតាមក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី ( SOCFIN-KCD) គឺជាក្រុមហ៊ុនមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់គ្រងផ្ទៃដីដាំដំណាំកៅស៊ូ នៅខេត្តមណ្ឌលគិរី និងមានការប្តេជ្ញាចិត្តស្មើភាពគ្នាចំពោះសហគមន៍ ដោយធ្វើការរក្សាប្រតិបត្តិការរបស់ខ្លួន ដូចបានរៀបរាប់នៅក្នុងសេចក្ដីប្រកាសជាសាធារណៈ នៃ “ការប្តេជ្ញាចិត្តមិនកាប់បំផ្លាញព្រៃឈើ” ។
មុននឹងចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុនបានចុះវាយតម្លៃដោយប្រុងប្រយ័ត្ន នូវដីសម្បទានដែលមានសក្តានុពលផ្សេងៗគ្នា។ ដីសម្បទានមួយចំនួន ត្រូវបានធ្វើការបដិសេធ ដោយផ្អែកលើលទ្ធផលនៃការសិក្សាចំពោះផលប៉ះពាល់សង្គម ឬបរិស្ថាន ហើយវាស្ថិតខាងក្រៅក្របខណ្ឌដែលអនុញ្ញាត និងមិនស្របតាមគុណតំលៃរបស់ក្រុមហ៊ុន។ ដីសម្បទាន ដែលគ្រប់គ្រងដោយក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី (Socfin-KCD) សព្វថ្ងៃនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០០៩ និងឆ្នាំ២០១០។ពុំមានសកម្មភាពណាមួយ ត្រូវបានចាប់ផ្តើមធ្វើនៅលើដីសម្បទានទាំងនេះនោះទេ លុះត្រាតែ តម្រូវការទាំងអស់ ដែលបានកំណត់ដោយរដ្ឋាភិបាល ត្រូវបានបំពេញនិងបញ្ចប់ រួមទាំងរបាយការណ៍បឋម នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (IESIA) ដែលបានដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងចងក្រងជាឯកសារជាសាធារណៈ ។
លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលនៃការវាយតម្លៃ និងនៅពេលចាប់ផ្តើមសកម្មភាពនីមួយៗលើដីសម្បទាន ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី (Socfin-KCD) តែងតែមានការសន្ទនាជាប្រចាំ និងជាបន្តបន្ទាប់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈកិច្ចប្រជុំជាសាធារណៈបើកចំហជាច្រើន និងនៅស្នាក់ការរបស់ក្រុមហ៊ុនផ្ទាល់ ដែលត្រូវបានហៅថា “រដ្ឋបាលព្នង” ។
ចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ ជំរើសការទូទាត់សំណងដ៏ទូលំទូលាយមួយ ត្រូវបានបង្ហាញដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់។ បើទោះបីជាការវាយតម្លៃដំបូង ត្រូវបានបង្ហាញថា ផ្ទៃដីដាំដុះនិងដំណាំមានទំហំត្រឹមតែ ១,១៩៣ ហិកតាក៏ដោយ តែក្រុមហ៊ុនបានផ្តល់សំណងក្នុងទំហំសរុបចំនួន ១,៣៤៨ ហិកតា។ កម្មវិធីសំណងនេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ភាសារបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយរដ្ឋបាលព្នង ដែលមានវត្តមានប្រជាពលរដ្ឋ មកពីសហគមន៍ជនជាតិដើមភាគតិចនៅប៊ូស្រាផងដែរ ដើម្បីធានាថា គ្រួសាររបស់ពួកគាត់មានទំនុកចិត្ត ទៅលើដំណើរការ និងលទ្ធផលរបស់វា។ គិតត្រឹមដំណាច់ឆ្នាំ ២០១២ ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី Socfin-KCD បានដោះស្រាយគ្រប់ករណីទាំងអស់ ជាមួយគ្រួសារដែលព្រមទទួលសំណងចំនួន ៨១៦ គ្រួសារ ។
ក្នុងអំឡុងពេលនោះដែរ តំបន់នៅក្នុងដីសហគមន៍ ដែលរួមមាន តំបន់ទីសក្ការៈបូជា, ព្រៃតំណម, ព្រៃអារក្ស និងព្រៃកប់សព ត្រូវបានកំណត់អត្តសញ្ញាណ, គូសផែនទី និងថែរក្សាដោយក្រុមហ៊ុននិងអ្នកតំណាងក្នុងតំបន់ នៃសហគមន៍ជនជាតិដើមភាគតិចនោះ។ នៅក្នុងឆ្នាំ ២០១២ កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខា ជាមួយសហគមន៍មូលដ្ឋាន ដើម្បីបញ្ជាក់ថា ដីក្នុងតំបន់ទាំងអស់ ដែលមានស្រាប់ទាំងនោះ ត្រូវបានរក្សាទុក ហើយពុំមានជម្លោះទាក់ទងទៅនឹងដី ក្នុងតំបន់ប្រភេទនោះទេ ។
ដំណើរការទាំងមូល ត្រូវបានចងក្រងជាឯកសារ និងចែកចាយជាមួយភាគីទាំងអស់ ដែលមានការពាក់ព័ន្ធ។
នៅក្នុងឆ្នាំ ២០១៥ មានសំណូមពរថ្មី ត្រូវបានបង្ហាញដល់ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី ( SOCFIN-KCD) បន្ទាប់ពីពុំមានការប្ដឹងតវ៉ាណាមួយ ចំពោះបញ្ហាដីធ្លីក្នុងតំបន់នោះជាង ២ ឆ្នាំកន្លងមក។ ជាការឆ្លើយតបក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) បានបើកដំណើរការឡើងវិញ នូវវេទិកានៃការសន្ទនាត្រីភាគី ដែលគណៈកម្មាធិការនៅក្នុងវេទិកានោះរួមមាន អាជ្ញាធរមូលដ្ឋាន, អ្នកជាប់ឆ្នោត ដើម្បីធ្វើជាតំណាងឲ្យជនជាតិដើមភាគតិច និងអ្នកតំណាងក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) ។ ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី (Socfin-KCD) ធ្វើការនេះប្រកបដោយតម្លាភាពទាំងស្រុង ជាមួយអង្គការសហប្រជាជាតិ (UN) O.H.C.H.R នៅរាជធានីភ្នំពេញដែលត្រូវបានជូនដំណឹងអំពីកិច្ចប្រជុំនីមួយៗ និងទទួលបានកំណត់ហេតុនូវរ
ាល់កិច្ចប្រជុំទាំងអស់។ គណៈកម្មាធិការនេះ នៅតែមានសកម្មភាពរហូតដល់សព្វថ្ងៃនេះ ហើយត្រូវបានប្រើប្រាស់ដើម្បីផ្លាស់ប្តូរព័ត៌មាន អំពីសកម្មភាពរបស់ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) ជាមួយសហគមន៍ និងដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍រួមគ្នា ។
ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) ជឿជាក់ថា ភាគីទីបីដែលមានភាពឯករាជ្យ និងអព្យាក្រឹតគឺចាំបាច់ដើម្បីធានាបាននូវដំណោះស្រាយ ដោយភាពយុត្តិធម៌ចំពោះការទាមទារទាំងនេះ សម្រាប់ភាគីទាំងអស់។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននិងសហគមន៍ ត្រូវបានចូលរួមនៅក្នុងដំណើរការស្រមុះស្រមួលដោយក្រុមហ៊ុនសម្របសម្រួលឯករាជ្យឈ្មោះ IMG (Independent Mediation Group)។ ដំណើរការនេះគឺជាគម្រោងសាកល្បងមួយ សម្រាប់ប្រទេសកម្ពុជា ហើយជាការស្ម័គ្រចិត្ត និងផ្អែកលើជំនឿទុកចិត្ត។ ការពិភាក្សាទាំងឡាយត្រូវរក្សាការសម្ងាត់នៅពេលនេះ ហើយពុំមានព័ត៌មានណាមួយ អាចធ្វើការចែករំលែកបាននោះទេ រហូតឈានដល់កិច្ចព្រមព្រៀងចុងក្រោយ តបតាមការស្នើសុំរបស់សហគមន៍, អ្នកសង្កេតការណ៍ និងទីប្រឹក្សា ។
គម្រោងរបស់ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) នៅក្នុងឃុំប៊ូស្រាគឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ក្នុងខេត្តមណ្ឌលគិរី ហើយត្រូវបានកំណត់, ណែនាំ និងដឹកនាំដោយអាជ្ញាធរ និងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈនៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ដីចំការដែលត្រូវបានអភិវឌ្ឍគឺជារបស់រដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅកម្ពុជា ហើយបុគ្គលដែលពាក់ព័ន្ធគឺជាជនជាតិខ្មែរ។ ដូច្នេះយុត្តាធិការផ្នែកច្បាប់ ដែលសមស្របក្នុងការដោះស្រាយរឿងក្តីនេះ គួរតែត្រូវធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ក្រោមច្បាប់របស់ប្រទេសកម្ពុជា ។
ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី Socfin-KCD ក៏ចង់ធ្វើការកែតម្រូវនិងផ្ដល់ការឆ្លើយតប ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន អំពីការចោទប្រកាន់របស់សហគមន៍មកលើក្រុមហ៊ុន កាលពីសបា្តហ៍មុន ដូចខាងក្រោមនេះ ៖
មានតែសមាជិកសហគមន៍ចំនួន ៧៧នាក់ ប៉ុណ្ណោះដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី មិនមែនចំនួន ១១៤នាក់ ដូចការចុះផ្សាយនោះទេ ។
ឃុំប៊ូស្រា មានប្រជាពលរដ្ឋជាង ៦៥០០ នាក់។ ក្រុមហ៊ុនសុកហ្វីន – ខេស៊ីឌី (Socfin-KCD) សុំសួរថា មានតែ ៧៧ នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី តែអ្នកតំណាងបែរជាបាននិយាយថាតំណាងឱ្យប្រជាពលរដ្ឋ និងស្ថានភាពនៅក្នុងឃុំទាំងមូល ។
សមាជិកសហគមន៍ចំនួន ៧៧នាក់ ត្រូវបានដោះស្រាយតាមសំណូមពរជាមួយក្រុមហ៊ុន ដើម្បីដកពាក្យបណ្ដឹងរដ្ឋប្បវេណី ប៉ុន្តែត្រូវបានគេរាយការណ៍មកថា មិនបានទទួលការឆ្លើយតបពីមេធាវីរបស់ពួកគេ ។
បុគ្គលដែលបាននិយាយនៅក្នុងសន្និសីទកាសែត ត្រូវបានណែនាំខ្លួនថា គឺជាអ្នកតំណាងឲ្យសហគមន៍ទាំងមូល តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេគ្រាន់តែជាបុគ្គល ដែលទាមទារសំណងនៅប្រទេសបារាំង ក្រោមឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេទាំងអស់នោះមិនមែនជាអ្នកតំណាង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះទេ ។
មនុស្ស២នាក់ ក្នុងចំណោម ១១នាក់ ដែលបានរៀបរាប់នៅក្នុងសន្និសីទសារព័ត៌មាន គឺពុំមានការជាប់ពាក់ព័ន្ធនោះទេ។ គឺមានតែ ៩នាក់ប៉ុណ្ណោះ ដែលជាអ្នកទាមទារសំណង ។
ក្រុមហ៊ុន សុកហ្វីន – ខេស៊ីឌី Socfin-KCD ជឿជាក់ថា ការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវ និងភាពជាដៃគូដ៏រឹងមាំ របស់ភាគីពាក់ព័ន្ធ បង្កើតនូវគុណតម្លៃ និងការរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ខណៈពេលដែលយើងធ្វើការ ដើម្បីបង្កើតនូវគុណតម្លៃ នៃរាល់ការអភិវឌ្ឍរបស់យើង ការយកចិត្តទុកដាក់លើការអនុវត្តចំពោះបរិស្ថាន និងសង្គមនៅក្នុងខ្សែសង្វាក់ គឺជាតម្លៃស្នូលដ៏សំខាន់របស់ក្រុមហ៊ុន ៕ ដោយ៖បញ្ញាស័ក្តិ