ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសារាចរណែនាំ វិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក។
យោងតាមសារាចរណែនាំ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងបន្តឆ្លងរាលដាល នៅបណ្តាប្រទេសមួយចំនួន ក្នុងតំបន់និងក្នុងពិភពលោក។ ដោយឡែក នៅប្រទេសចិន បាននិងកំពុងផ្ទះរាលដាល ចំនួន២៥ខេត្ត និងថ្មីៗនេះតាមព័ត៌មានរ៉យទ័រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសវៀតណាម បានផ្ទុះជំងឺនេះផងដែរ នៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន៣ នៅក្នុងខេត្ត២ គឺខេត្តរឿងយន និងខេត្តតៃប៊ិញ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយ។
ជំងឺនេះជាជំងឺឆ្លងដ៏កាចសាហាវ ពិបាកលុបបំបាត់បំផុត និងបង្គឱ្យសព្វឈឺនិងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគបង្កជំងឺជាវីរុស មិនទាន់មានវ៉ាក់សាំងការពារ ដោយអាចរស់នៅបានយូរក្នុងសាច់ និងផលិតផលសាច់ជ្រូក ទោះបីមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ។ កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានស្នើសុំឱ្យក្រសួងពាក់ព័ន្ធ ចូលរួមសហការក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺនេះ ចូលមកក្នុងកម្ពុជា។
ដូច្នេះដើម្បីបង្ការនិងទប់ស្កាត់ ការឆ្លងរាលដាលឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសនៅពេលដែលមានការផ្ទុះជំងឺនេះ នៅប្រទេសវៀតណាមនាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី-ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវអនុវត្តន៍នូវវិធានការជាក់លាក់ ដូចខាងក្រោម៖ ១៖ ត្រូវបន្តជំរុញការអនុវត្តន៍វិធានការចាំបាច់ និងបន្ទាន់នានា ដើម្បីបង្ការនិងទប់ស្កាត់ ការឆ្លងរាលដាលនៃជំង ប៉េស្តជ្រកអាហ្វ្រិក ដោយត្រូវធ្វើការតាមដានស្រាវជ្រាវ យ៉ាងហ្មត់ចត់និងជាប្រចាំ លើសុខភាពសត្វជ្រូក នៅទូទាំងប្រទេស និងត្រូវអនុវត្តន៍វិធានការជីវសុវត្ថិភាព អនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹមជ្រូក កន្លែងប្រមូលផ្ដុំជ្រូក និងទីផ្សារជ្រូក។ ជាមួយនេះ ក៏ត្រូវពង្រឹងការត្រួតពិនិត្យ អនាម័យជ្រូក និងផលិតផលសាច់ជ្រូក ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងចូលរួមអនុវត្តន៍វិធានការពារឱ្យបានត្រឹមត្រូវ។ ២៖ ត្រូវទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់ ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចច្រកចេញចូលតាមព្រំដែន។ ៣៖ រាល់ការចរាចរសត្វជ្រូក និងផលិតផលសាច់ជ្រូក ត្រូវមានវិញ្ញាបនបត្រអនាម័យ ពីប្រទេសនាំចេញ និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសាច់ពីមន្ត្រីជំនាញបសុពេទ្យ ដោយកាត់សន្និដ្ឋាន លើចំណុចដើមទី និងចំណុចចុងទីឱ្យបានត្រឹមត្រូវ។ ៤៖ បង្កើនការអង្កេតតាមដាន ឃ្លាំមើលស្ថានភាពសុខភាពសត្វជ្រូក នៅតាមមូលដ្ឋាន កន្លែងចិញ្ចឹម និងតាមកសិដ្ឋានជាប្រចាំ ព្រមទាំងប្រមូលសំណាក់ រួចបញ្ជូនមកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វវិភាគរកមេរោគ ដើម្បីអនុវត្តន៍វិធានបសុពេទ្យឱ្យបានទាន់ពេលវេលា។ ៥៖ សហការឱ្យបានល្អជាមួយភាគីប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹង ជំងឺដើម្បីទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ៦៖ អប់រំណែនាំដល់ប្រជាជន ភ្នាក់ងារសុខភាពសត្វភូមិ អ្នកចិញ្ចឹមជ្រូកគ្រប់កម្រិត ពីការរៀបចំទ្រូង ការថែទាំ ផ្តល់ទឹកចំជា តាមដានសុខភាព និងការអនុវត្តវិធានជីវសុវត្ថិភាព ឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស។ ៧៖ បន្តការផ្សព្វផ្សាយដល់ប្រជាជន និងអ្នកចិញ្ចឹមជ្រូក ឱ្យបានជ្រួតជ្រាបពីផលប៉ះពាល់ និងការខូចខាតធ្ងន់ធ្ងរ បើផលិតកម្មជ្រូកផ្នែកសេដ្ឋកិច្ច បណ្តាលមកពី ជំងឺប៉េស្តជ្រកអាហ្វ្រិកនេះ។
លោកបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy បានលើកឡើងថា នារសៀលថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2019 នាយកដ្ឋានសុខភាពសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម) បានប្រារព្ធធ្វើសន្និសីទសារព័ត៌មានជាផ្លូវការ នៅវៀតណាមនិងបានរកឃើញថាមានតំបន់ ASF ចំនួន 8 ក្នុងខេត្ត Hung Yen និងខេត្ត Thai Binh ។ ដើម្បីឆ្លើយតបនិងបង្ការទប់ស្កាត់ករណីនេះ ខ្ញុំបានអំពាវនាវដល់ តាមបណ្ដាកសិដ្ឋានក្រោមឱវាទទាំងខ្នាតតូច មធ្យម និងខ្នាតធំអោយកោះប្រជុំជាបន្ទាន់ដើម្បីដាក់បទបញ្ជា ឲ្យបង្កើនការប្រុងប្រយ័ត្នលើជីវសុវត្ថិភាពឲ្យបានខ្ពស់បំផុត ។
ទន្ទឹមគ្នានេះផងដែរ ខ្ញុំសូមអំពាវនាវដល់ប្រជាកសិករ ដែលប្រកបមុខរបរចិញ្ចឹមជ្រូកទាំងអស់គ្នា សូមចូលរួមបង្ការហានិភ័យនេះ ដោយបង្កើនការប្រុងប្រយ័ត្នលើជីវសុវត្ថិភាពឲ្យបានខ្ពស់បំផុត បើមានករណីនេះកើតឡើងនៅតំបន់ណា សូមកុំលាក់ព័ត៌មាននិងត្រូវតែយកសត្វនោះទៅកប់ចោល និងកុំយកទៅលក់នៅលើទីផ្សារឲ្យសោះនាំឲ្យមានបញ្ហដល់សុខភាពមនុស្ស ៕ ដោយ ៖ បញ្ញាស័ក្តិ