ភ្នំពេញ ៖ លោករដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាជាមួយលោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី អំពីការរៀបចំជំនួយបច្ចេកទេស សម្រាប់កសាងគម្រោង ស្តីពី ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម ដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្ម កាត់បន្ថយឈ្មួញកណ្តាល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភ: ឆ្នាំ២០១៩ ។
លោករដ្ឋមន្ត្រី បានសម្តែងអំណរអរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា ដូចជា ជំនួបនាថ្ងៃនេះ ដោយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នារៀបចំកសាងគម្រោងនេះឡើង ដែលផ្តោតជាសំខាន់ ក្នុងការបំពេញខ្សែសង្វាក់តម្លៃផលិតកម្ម និងកសិផលដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្ម កាត់បន្ថយឈ្មួញកណ្តាល ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម ក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូង ស្រូវ ស្វាយ ស្វាយចន្ទី។ល។
នាឱកាសនេះ លោក Takeshi Ueda បានជម្រាបជូនលោករដ្ឋមន្ត្រី ដោយសង្ខេបអំពីគម្រោងខាងលើថា គម្រោងនឹងគ្របដណ្តប់ លើខេត្តគោលដៅចំនួន ៦ មានខេត្តត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្តឧត្តមានជ័យ ដោយមានទឹកប្រាក់សរុបជាង ៧៦លានដុល្លារអាមេរិក ដែលជាចំនួយហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឋន៍អាស៊ី និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ លទ្ធផលរំពឹងទុករបស់គម្រោងគឺ ១. ជំនួយការងារបច្ចេកទេសក្រោយពេលប្រមូលផល និងដឹកជញ្ជូន ២. ការកសាងរចនាសម្ព័ន្ធគាំទ្រដល់ការបំពេញខ្សែច្រវាក់តម្លៃដូជាការកសាងមន្ទីរពិសោធន៍ អនាម័យ និងភូតភាមអនាម័យ និងការផលិតពូជ ៣.ការកសាងផ្លូវនៅតាមជនប ទដើម្បីបង្កលក្ខណងាយស្រួលដល់ការដឹកជញ្ជូនកសិផល និង ៤.ការកសាងសមត្ថភាព និងការផ្សាភ្ជាប់រវាងគ្រប់ភាគីពាក់ព័ន្ធ៘ គម្រោងនេះក៏បានផ្តល់អាទិភាព ទៅលើដំណាំកសិឧស្សាហកម្មមានដូចជា ស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មមាន់។
លោករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគម្រោងនេះ ហើយសន្យាថានឹងផ្តល់កិច្ចសហការ ឲ្យបានល្អប្រសើរ ដើម្បីឲ្យគម្រោងសម្រេច ទទួលបានលទ្ធផលល្អប្រសើរនាពេលអនាគត។ នាឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានទាញអារម្មណ៍ ADB ឲ្យជួយគិតគូបញ្ចូល ដំណាំពោត ក្នុងផែនការគម្រោង ដោយដំណាំនេះ កំពុងតែមានសក្កានុពលទាំងទីផ្សារក្នុងស្រុក និងបរទេស។ ក្រៅពីនេះ លោកបានស្នើឲ្យ ADB ជួយលើកកម្ពស់ការកសាងសមត្ថភាពរបស់កសិករ សហគមន៍ និងវិស័យឯកជន ដោយផ្តោតលើការកសាងភាពជាដៃគូ រវាងអ្នកផលិត និងអ្នកកែច្នៃ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការធ្វើទំនើបកម្មកសិកម្ម។ ដោយឡែកវិស័យផលិតកម្មគោ ជាពិសេសការប្តូរពូជសត្វគោដែលកំពុងមានទីផ្សារខ្ពស់ ក៏គួរពិនិត្យលទ្ធភាព ក្នុងការជួយគាំទ្រផងដែរ ព្រោះផលិតកម្មគោ គឺជាប្រភពចំណូលដ៏ធំមួយ ហើយដែលបានជួយ កែប្រែកម្រិតជីវភាពរបស់កសិករយ៉ាងល្អប្រសើរ៕ ដោយ៖បញ្ញាស័ក្តិ