តាកែវ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី ១៨ ធ្នូ ២០១៧នេះ។ករណីកូនប្រសារធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឪពុកក្មេករបស់ខ្លួនចំក្បាល បណ្តាលអោយរងរបួសធ្ងន់ កាលពីថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពទ្យរាជធានីភ្នំពេញ តែគ្រូពេទ្យថាមិនមានសង្ឃឹមត្រូវបានក្រុមគ្រួសារបញ្ជូនត្រឡប់មកផ្ទះវិញរួចក៏ដាច់ខ្យល់ស្លាប់តែម្តងទៅ ។ ហេតុការណ៏កូនប្រសារយកដុំថ្មគប់ក្បាលឪពុកក្មេកស្លាប់នេះគឺកើតឡើងនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
លោក ផាន ផល អធិការនគរបាលស្រុកទ្រាំង បានអោយដឹងថា បុរសដែលត្រូវជាកូនប្រសារ ជាជនសង្ស័យ ដែលបានយកដុំថ្មគុបទៅលើឪពុកក្មេកនោះមានឈ្មោះម៉ែន សុវត្ថិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង។ ចំណែកជនរងគ្រោះជាឪពុកក្មេកមាន ឈ្មោះ សួន កែវ ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា ។ ជនសង្ស័យដែលត្រូវជាកូនប្រសារបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលបណ្តាលអោយរូបគេយកដុំថ្មគប់ទៅលើឪពុកក្មេកនោះ គឺមកពីរូបគេខឹងទៅលើឪពុកក្មេករបស់ខ្លួនបានយកដុំថ្មគប់មកផ្ទះរបស់ខ្លួន ហើយបណ្តាលអោយបែកពាងទឹកមួយ ទើបរូបគេមានចិត្តគុំគួន ខឹងយ៉ាងខ្លាំងក៏បានយកដុំថ្មធំមួយគប់ទៅលើជនរងគ្រោះដែលជាឪពុកក្មេកនោះវិញចំក្បាលតែម្តងទៅ៕ តាកែវ