ភ្នំពេញ : រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំការជួបជុំមន្ត្រីរាជការ,លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស,កំលាំងសមត្ថកិច្ច,អាជ្ញាធរដែនដី,ក្រុមហ៊ុនប្រមូលសំរាមនិងកំលាំងកាយាឬទ្ធិព្រមទាំងយុវជនស្មគ្រ័ចិត្តដើម្បីរើសសំរមតាមសួនច្បារ និងតាមដងផ្លូវ,តាមទីសាធារណៈនានានៅព្រឹកថ្ងៃទី២៣កុម្ភ:ក្នុងគោលបំណងបញ្ជ្រាប ការយល់ដឹង និងការសំអាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧នៅថ្ងៃទី២៧កុម្ភ:ខាងមុខក្រោមប្រធានបទ៖ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។
ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មធិការជាតិ វាយតំលៃទីក្រុងស្អាតដែលអានដោយលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា៖ព្រឹត្តិការនេះពិតជាបានរួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រកុលធីតាខ្មែរឲ្យ បន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកំពស់ការអភិ វឌ្ឍន៏បៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៏វិស័យទេសចរណ៏ និងការរីកចំរើននៃសង្គមជាតិយើង។សារលិខិតបន្តថា៖ឆ្នាំនេះជាឆ្នាំទី៧ហើយដែលយើងប្រារព្វទិវាជាតិទីក្រុងស្អាតក្រោមប្រធានបទ៖ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ។
តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា៖ ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមានភាពស្អាត និងបៃតងយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញ លេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អមានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អពោលគឺជាទីកន្លែងដែលអាចផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដសំរាប់ការរស់នៅពួកគាត់។
ដូចគ្នានេះដែរ ភ្ញៀវទេសចរណ៏ក៏រីករាយទស្សនា និងចង់បានទីក្រុងដែលជាផ្នែកមួយនៃគោលដៅទេសចរណ៏របស់គេ ជាទីក្រុងដ៏ល្អស្អាតមានការយកចិត្តទុកដាក់អំពីភាពស្អាត និងបៃតង អនាម័យល្អមានហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសុវត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការផ្តល់បដិសណ្ឋារកិច្ចល្អ មានសម្បទាផលិតផល និងសេវាទេសចរណ៍ប្រកបដោយគុណភាព។ សារលិខិតរបស់សម្តេចតេជោ បានអំពាវនាវឲ្យមានករបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អឲ្យបានផុលផុសដើម្បីឲ្យកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាពនិងទាក់ទាញសម្រាប់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសក្តិសមនឹងកិត្តិនាម៖ កម្ពុជា ព្រះរាជាណចក្រអច្ឆរិយ:ផ្តល់ភាពកក់ក្តៅ៕ ដោយ:កូឡាប