ពួកគាត់ស្រឡាញ់គ្នាតាំងពីនៅតូចក្រូចឆ្មារម្លេះ មិនសមសោះដែល ១១៥ឆ្នាំក្រោយ បែរជាមិនខ្ចីរាប់រកគ្នាទៀត សូម្បីតែមុខក៏មិនមើល ។
Bibi និង Poldi ជាលោកតា លោកយាយអណ្តើកដែលរស់នៅសួនសត្វ Reptilienzoo Happ នាទីក្រុង Klagenfurt ប្រទេសអូទ្រីស ។ គាត់ទាំង២ ធ្លាប់ជាប្តីប្រពន្ធស្រឡាញ់គ្នាស្អិតរមួត សុភមង្គលណាស់ ។ គេទាំង២ តែងចែករំលែកអាហារ ផ្លែប៉េងប៉ោះ ដែលពេញនិយមទាំង២នាក់ ដេកប្រឡែងគ្នានៅក្រោមម្លប់ឈើ ដោយពុំដឹងថានៅអំឡុងពេលនោះពិភពមនុស្សលោកបានឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ច្រើន… សង្គ្រាមលោក ២លើកឯណោះ ។
…១១៥ឆ្នាំក្រោយ ការរួមរស់នឹងគ្នា ស្រាប់តែរវាងពួកគេបានកើតរឿងប្រទូសរ៉ាយ បែកបាក ប្រខាំគ្នា…។ នេះគឺជាខែ ១១ ២០១១ គ្រាបុគ្គលិកសួនសត្វបានទៅត្រួតពិនិត្យ “ផ្ទះ” របស់ Bibi និង Poldi ហើយស្រាប់តែឃើញ យាយ Bibi បានខាំរបើកស្នូកមួយដុំរបស់តា Poldi ។
…ជម្លោះហិង្សាកើតឡើងប៉ុន្មានលើកទៀត រហូតដល់គេបង្ខំនាំយកតា Poldi ទៅនៅទ្រុងផ្សេង ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។
ដូច្នេះអាថ៌កំបាំងដ៏វែងអន្លាយបំផុតមួយ នៃពិភពសត្វលោក ត្រូវបានបញ្ចប់ ដោយគេពុំរកឃើញពីមូលហេតុ ។
ពួកគាត់លែងមើលមុខគ្នាទៀតហើយ សួនសត្វបានប្រឹងប្រែងរួមទាំងអញ្ជើញអ្នកជំនាញការមកផ្សះផ្សាររួមទាំងរៀបចំឱកាសមួយចំនួនដើម្បីគេខិតជិតគ្នាវិញ ។ យ៉ាងណាក៏ដោយ “សន្តិភាពកើតមានតែពេលប៉េងប៉ោះនៅសល់ក្នុងចានប៉ុណ្ណោះ បន្ទាប់មកគឺឈ្លោះគ្នាទៀត ។
ក្រោយមកគេនៅបានធ្វើអណ្តើកជ័រ ២ ដែលមានរូបរាងដូច Bibi និង Poldi បេះបិទសង្ឃឹមថា វាជួយបញ្ចុះបញ្ចូលបាន ។ ប៉ុន្តែ Poldi លេងនឹង Bibi (ជ័រ) បានប៉ុន្មានលើកក៏ធុញទ្រាន់ រីឯ Bibi វិញគឺមិនរវល់នឹង Poldi (ជ័រ) តែម្តង ។
តាំងពីនោះមក គេទាំង២ រស់នៅទ្រុងក្បែរគ្នា ដែលគេសង់ឲ្យដូចគ្នាបេះបិទ ហើយដាក់កញ្ចក់ខណ្ឌចំកណ្តាលទុកគ្រាន់អាចមើលគ្នាឃើញ ហើយអាចពេលណានោះមានការប្តូរចិត្ត ។
ប៉ុន្តែ៧ឆ្នាំក្រោយមក ពួកគេពិតជាដាច់និស្ស័យ សោះអង្គើយនឹងគ្នាដដែល ។ និស្ស័យស្នេហ៍ ១១៥ឆ្នាំ ត្រូវបានបញ្ចប់ ។
យូរៗម្តងពេលដែលយាយ Bibi ក្រឡេកឃើញអតីត “ស្វាមី Poldi” នោះ គាត់ចោលកន្ទុយភ្នែកមើលរួចងាកមុខចេញភ្លាមហាក់ដូចចង់ប្រាប់ថា “ខ្ញុំលែងចង់ឃើញឯងទៀតហើយ” ៕