ខេត្តព្រះសីហនុ ៖ ប្រធានក្រុមមនុស្សធ៌មអូរបី (O3) គឺលោកឧកញ៉ា ទៀ វិចិត្រ បានបន្តធ្វើសកម្មភាពមនុស្សធ៌មជួយសង្គ្រោះអាយុជីវិតមនុស្ស ឲ្យរស់រានមានជីវិតជាបន្តហើយ នៅថ្ងៃនេះ បន្ទាប់ពីទទួលបានដំណឹងមកថា មានជនបរទេសវ័យចំណាស់ម្នាក់មានជំងឺធ្ងន់ និងគ្មានប្រាក់ព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងររង់ចាំតែសេចក្តីស្លាប់ចូលមកដល់ ។
ភ្លាមៗ បន្ទាប់ពីលោកឧកញ៉ា បានទទួលដំណឹងក្រៀមក្រំនេះ ក៏បានចាត់ឲ្យក្រុមការងារ របស់លោក ចុះទៅជួបបុរសជនបរទេសវយ័ចំណាស់ម្នាក់ ដែលកំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ហើយខ្វះថវិកាព្យាបាលជំងឺ កំពុងរស់នៅក្នុងទូកក្តោងចាស់មួយគ្រឿង ដែលចតទុកចោលនៅមុខកោះពស់ នៃឆ្នេរសមុទ្រខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) ផងនោះ បន្តថា ក្រោយរូបលោកបានទទួលដំណឹងថា មានបុរសជនជាតិបរទេស១រូប កំពុងមានជំងឺធ្ងន់ សម្រាន នៅក្នុងទូកក្តោង១គ្រឿង ដែលគេចតទុកនៅខាងមុខកោះពស់ នៃឆ្នេរសមុទ្រក្រុងព្រះសីហនុ ជាមួយស្ត្រីជាភរិយា ដោយសារតែគ្មានប្រាក់រកគ្រូពេទ្យព្យាបាល។ លោកឧកញ៉ា ក៏បានចាត់ចែងក្រុមការងារយកអូប័រ ចេញទៅដឹកយកជនបរទេសវ័យចំណាស់ និងភរិយា រួចបញ្ជូនតាមរថយន្តយក ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ាបន្តថា ក្រោយមកដោយសារក្រុមគ្រូពេទ្យពិនិត្យឃើញថា អាការៈជំងឺ របស់ជនបរទេសរូបនោះធ្ងន់ធ្ងរពេក ក៏បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបូកគោ ក្នុងខេត្តកំពត ហើយក៏បានបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញវិញ។
លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា រាល់ការចំណាយទាំងអស់ ទាំងការដឹកជញ្ជូន និងការព្យាបាល គឺរូបលោកធានារ៉ាប់រងទាំងស្រុង ក្នុងន័យមនុស្សធម៌តែប៉ុណ្ណោះ។ ហើយថា ការងារមនុស្សធ៌មនេះ រូបលោកបានធ្វើ ដោយគ្មានការរើសអ៊ើងជាតិសាសន៍ សាសនា ឬពណ៌សម្បុរអ្វីនោះទេ។ លោកឧកញ៉ាឲ្យដឹងដូច្នេះ រួចបន្ថែមថា រូបលោកមានការរីករាយកាលបើ រូបលោកបានជួយសង្គ្រោះអាយុជីវិតមនុស្ស និងសត្វ ឲ្យរួចផុតពីសេចក្តីស្លាប់ជាបន្តបន្ទាប់ នាពេលកន្លងមកនេះ ហើយរូបលោកក៏មិនដែលនឹកគិតថា ចង់បានអ្វីតបស្នងពីមនុស្ស ដែលរូបលោកបានធ្វើមនុស្សធម៌នោះដែរ។
សមាជិកក្រុមការងារមនុស្សអូរបី ដឹកនាំដោយលោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា បុរសជនបរទេស ដែលមានជំងឺខាងលើនេះ ជាជនជាតិបារាំង និងឈ្មោះ Aill Ronald Gea អាយុ៧២ឆ្នាំ។ នេះបើយោងតាមវិក័យបត្រគិតប្រាក់ របស់មន្ទីរពេទ្យ។
ងាកមកស្ត្រីជាភរិយាជនបរទេសកំពុងមានជំងឺធ្ងន់ខាងលើ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធ៌ម របស់ លោកឧកញ៉ា ទៀ វិចិត្រ ជាមួយកាយវិកាលើកដៃសំពះ លាយឡំដំណក់ទឹកភ្នែកហូរកាត់ផែនថ្ពាល់ដ៏ជ្រីវជ្រួញរបស់គាត់ផង។ អ្នកស្រីមិននឹកស្មានថា គ្រួសារគាត់មានវាសនាបានមកជួបកូនខ្មែរ១រូប ដែលមានទឹកចិត្តសប្បុរស ចេះជួយយកអាសារសង្គ្រោះជនរងគ្រោះ និងបានចំណាយថវិកាច្រើនសន្ធឹកសន្ទាប់ សម្រាប់ចំណាយទៅលើការព្យាបាលជំងឺស្វាម៉ី របស់អ្នកស្រី ដោយមិនប្រកាន់ពូជសាសន៍បែបនេះទេ។ ភរិយាបុរសអ្នកជំងឺជនជាតិបារាំងរូបនេះ ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ ស្វាមី របស់គាត់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ៕ ដោយ ៖ ដែន សីមា