ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មាននាវាទេសចរណ៍បរទេសចំនួន ០២ គ្រឿង ទៀត បានបន្តចូលចត នៅកំពង់ផែក្រុងព្រះសីហនុ។
មន្ត្រីនគរបាលឲ្យដឹងបន្តថា នាវាទាំង២គ្រឿងនោះ នាវាទី១ មានឈ្មោះ MARELLA DISCOVERY ធ្វើដំណើរមកពីកំពង់ផែ Laem Chabang ប្រទេសថៃ។ នាវានេះមានដឹកអ្នកដំណើរចំនួន ១.៧៨៥ នាក់ (ស្រី៩១៦ នាក់) និងនាវិកចំនួន ៧៥៧នាក់ (ស្រី១៣៥នាក់)។ នាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ក្នុងដំណើរឆ្ពោះទៅកាន់កំពង់ផែ Phu Myប្រទេសវៀតណាម។
ចំណែកនាវាទី២ មានឈ្មោះ SEVEN SEAS MARINER មកពីកំពង់ផែ Port Klang ប្រទេសម៉ាឡេស៊ី។ នាវានេះដឹកអ្នកដំណើរចំនួន ៦៥០នាក់ (ស្រី៣២០នាក់) និងនាវិកចំនួន ៤៥២នាក់ (ស្រី៣៤៦នាក់) ហើយនាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ៦០០ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈនេះ ដោយបន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ។
ទាក់ទិនវត្តមាននាវាទេសចរបរទេសនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មាននាវាទេសចរណ៍បរទេស ២គ្រឿងដែរ បានចូលចតកំពង់ផែក្រុងព្រះសីហនុ។ នាវាទី១ បានចូលចតកាលពីម៉ោងជាង ៤ជិតភ្លឺ ដោយដឹកអ្នកទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រទេសកម្ពុជា រយៈ២ថ្ងៃ។ នាវានេះមានអ្នកទេសចរបរទេសចំរុះជាតិសាសន៍ចំនួន ១១៨៦នាក់ និងមាននាវិកអ្នកបម្រើការងារនៅលើនាវាចំនួន ៥៦៥នាក់។ នាវានេះ ធ្វើដំណើរទេសចរណ៍វិលពីប្រទេសថៃ ចូលមកកម្ពុជា ហើយបានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម កាលពីម៉ោង ៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ចំណែកនាវា១គ្រឿងទៀត បានចូលចតវេលាម៉ោង ៦កន្លះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដំណើរដឹកភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។ នាវានេះ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៥៦៩ និងមាននាវិកបម្រើការលើនាវាចំនួន៤៣៤នាក់។ នាវាទី២នេះ មានដំណើរទេសចរណ៍វិលមកពីប្រទេសថៃ និងចាកចេញពីកម្ពុជា បន្តទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង៨យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩៕ ដោយ ៖ ដែន សីមា