នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងលោក Chen Guoming អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាប្រជាជនចិនទូទាំងប្រទេស នៅវិមានរដ្ឋសភាប្រទេសចិន នាទីក្រុងប៉េកាំង។
នៅក្នុងជំនួបនេះ លោក ឈាង វុន បានជម្រាបភាគីចិនថា បច្ចុប្បន្ននេះ កម្ពុជាទទួលរងសម្ពាធសហគមន៍អឺរ៉ុប ក្នុងការកាត់ប្រព័ន្ធអនុគ្រោះពន្ធEBA តែកម្ពុជាមានគោលជំហរច្បាស់លាស់ ក្នុងការថែរក្សាអធិបតីភាព បូរណភាពទឹកដីរបស់ខ្លួន។ លោក ឈាង វុន បានលើកឡើងថា កម្ពុជាបានធ្វើការកែទម្រង់ និងបើកទូលាយទីផ្សារសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគ មកពីគ្រប់ជ្រុងពិភពលោក។ ជាមួយគ្នានេះ កម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ប្រាក់កម្ចីសម្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេស នៅគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ ប្រធានគណៈប្រតិភូសភាកម្ពុជា បានសម្តែងមោទនភាពចំពោះកិច្ចប្រឹងប្រែងរួមគ្នា រវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលបានខិតខំជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្មោះត្រង់ និងជាបងប្អូន នៃប្រទេសទាំងពីរដែលមានតាំងពីយូរមកហើយនោះ ឈានដល់កម្រិតជាប្រវត្តិសាស្ត្រថ្មីមួយទៀត គឺ “កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
លោកឈាង វុន បានវាយតម្លៃខ្ពស់ និងគាំទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ចិន ស្តីពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រសេដ្ឋកិច្ច ។ សម្រាប់ប្រទេសកម្ពុជា គោលនយោបាយនេះ បានដើរតួនាទីសំខាន់ លើផ្នែកសេដ្ឋកិច្ច ដោយបានទាក់ទាញអ្នកវិនិយោគ គម្រោងអភិវឌ្ឍវិស័យឧស្សាហកម្ម អ្នកទេសចរ ពីប្រទេសចិន ចូលមកប្រទេសកម្ពុជា បានច្រើនឡើង ដែលបានជំរុញអោយការអភិវឌ្ឍរបស់កម្ពុជា មានសន្ទុះលឿនឡើង។
លោក Zhang Chunxian បានលើកឡើងថា ការ កសាងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងការ បង្កើតគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលគោលនយោបាយនេះ បានទទួលការគាំទ្រពីប្រទេសកម្ពុជា ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈដែលប្រទេសមួយចំនួនបានជំទាស់។ លោកអនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានមានប្រសាសន៍បន្តថា គោលនយោបាយដែលប្រទេសចិនបានបង្កើតឡើង មិនបានគិតផលប្រយោជន៍ចិនតែមួយនោះទេ គឺគិតដល់ផលប្រយោជន៍រួម ជាផលប្រយោជន៍អាស៊ាន និងពិភពលោក។
“កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលទទួលបានផលប្រយោជន៍ពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន” លោក Zhang Chunxian អនុប្រធានសភាប្រជាជនចិន គូសបញ្ជាក់។
ដោយឡែក លោក Chen Guoming អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានថ្លែងអំណរគុណដល់លោក ឈាង វុន និងគណៈប្រតិភូ ក៏ដូចជាសភាកម្ពុជា ដែលកន្លងមកតែងតែគាំទ្រសភាចិននៅក្នុងវេទិកាសភានានា ទាំងក្នុងតំបន់និងអន្តរជាតិ ដូចជា វេទិកា សភាអាស៊ី-ប៉ាស៊ីហ្វីក សភាអាស៊ាន អន្តរសភា ជាដើម។ លោក បានស្នើដល់សភាកម្ពុជាបន្តថែរក្សា និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ សភាប្រទេសទាំងពីរបន្ថែមទៀត ដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក អោយបានគ្រប់កម្រិត។
លោក ឈាង វុន និងលោកZhang Chunxian បានប្តេជ្ញារួមគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទាំងពីរ។ សភាកម្ពុជានិងចិន បានចាត់ទុកទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងដែកថែប ដែលមានលក្ខណៈរឹងមាំ និងយូរអង្វែង៕ ដោយ៖បញ្ញាស័ក្តិ