ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិភាព កុំឲ្យមានអំពើរភេវរកម្ម ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យតំបន់ររមណីយដ្ឋាន តំបន់ទេសចរណ៍ តំបន់រោងចក្រក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ ដោយក្នុងនោះអាជ្ញាធរត្រូវបន្តអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ ខ្ជួនដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យរួមគ្នា ទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយអំពើភេរវកម្ម ដើម្បីធានាដល់គោលដៅទេសចរណ៍របស់កម្ពុជា ហើយក៏បានថ្លែងអំពាវនាវ ឲ្យរួមគ្នារក្សាឲ្យបាននូវស្ថិរភាពនយោបាយសង្គមនៅកម្ពុជា ព្រោះគ្មានអ្នកទេសចរណា ទៅលេងកម្សាន្តនៅប្រទេស ដែលមានភាពច្របូកច្របល់នោះឡើយ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែផ្តល់ការលើកទឹកចិត្ត និងដាក់ចេញនូវបទបញ្ជា ទាក់ទងនឹងសន្តិភាពនិងស្ថិរភាពខាងនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាធ្វើយ៉ាងម៉េចកុំឲ្យកម្ពុជា មានអំពើភេរវកម្មកើតឡើង នៅតាមតំបន់ទេសចរណ៍នានា។ មិនថាតើនៅតាមតំបន់ទេសចរណ៍ទេ ត្រូវធ្វើឲ្យភូមិមួយ រោងចក្រមួយ សណ្ឋាគារមួយ សហគ្រាសមួយ ក្លាយទៅជាតំបន់សុខសាន្តមួយ»៕ ដោយ ៖ កូឡាប