មណ្ឌលគិរី ៖ លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានស្នើឲ្យកងកម្លាំងមានសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាតករ ដែលបាញ់សម្លាប់សត្វដំរីឈ្មោល១ក្បាល ទម្ងន់ជាង២តោន ដើម្បីយកភ្លុកនិងយកកន្ទុយ។
លោកបានបន្តថា សត្វដំរីនោះ ត្រូវបានក្រុមបរិស្ថាន ប្រទះឃើញដេកងាប់នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយសារតែគ្រាប់កាំភ្លើងបាញ់ត្រូវក្បាល នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បច្ចុប្បន្ននេះ លោកបានចេញបញ្ជាឲ្យមន្ទីរពាក់ព័ន្ធស៊ើប រកជនបង្កមកទទួលទោស។
សុំបញ្ជាក់ថា តាមតួលេខពីលោក កែវសុភ័គ្រ ប្រធានមន្ទីរបរិស្ថានខេត្តថា មានដំរីព្រៃកំពុងរស់នៅក្នុងខេត្តនេះ ពី៤០០ទៅ៥០០ក្បាល។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារ និងអភិរក្សសត្វដំរីនៅកម្ពុជា ឲ្យបានគង់វង្ស និងចៀសវាងការបរបាញ់សត្វដំរី។ រយៈពេល៣ឆ្នាំ ចុងក្រោយនេះ មានសត្វដំរីព្រៃចំនួន៣ក្បាលបានងាប់ នៅក្នុងព្រៃនៃខេត្តមណ្ឌលគិរី គឺដោយសារតែការបាញ់សម្លាប់ និងស្លាប់ដោយវ័យចាស់ជរា។
នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេសន្និដ្ឋានថា មានសត្វដំរីព្រៃរស់នៅប្រមាណពី១២០ ទៅ១៧០ក្បាល។ នៅប្រទេសកម្ពុជាទាំងមូល មានសត្វដំរីព្រៃសរុបប្រមាណ៥០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃនៃប្រទេសកម្ពុជា។
លោក នេត ភក្ដ្រា បានអះអាងថា សព្វថ្ងៃក្រសួងបរិស្ថាន បាននិងកំពុងការពារ និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ មានផ្ទៃដីទំហំប្រមាណ៧,៥លានហិកតា (៤១ភាគរយ នៃផ្ទៃដីសរុបប្រទេសកម្ពុជា)។
សត្វដំរីដែលត្រូវគេសម្លាប់នេះ ត្រូវបានក្រុមមន្ត្រីឧទ្យាននុរក្សប្រទះឃើញ នៅវេលាយប់ថ្ងៃទី២៣ ខែកុម្ភៈ លុះឈានដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបមន្ត្រីជំនាញ អាចនាំយកសម្ភារផ្សេងៗ ចូលទៅធ្វើកោសល្យវិច័យ រកមូលហេតុនៃការងាប់របស់វាបាន។ ដំរីមួយក្បាលនេះ មានទម្ងន់ប្រហែល២តោន និងមានកម្ពស់២,៧០ម៉ែត្រ ប្រវែង៤,៥០ម៉ែត្រ ទទឹង១,៥០ម៉ែត្រ។
ក្រោយការធ្វើកោសល្យវិច្ច័យយ៉ាងល្អិតល្អន់ ទៅលើសពសត្វដំរីនៅថ្ងៃទី២៤ កុម្ភៈនេះ ក្រុមមន្ត្រីជំនាញបានរកឃើញថា សត្វដំរីនេះជាដំរីឈ្មោល មិនមែនដំរីញីនោះទេ និងមានស្នាមគ្រាប់កាំភ្លើង បាញ់ទៅលើវា១គ្រាប់ចំក្បាល ប្រវែងប្រហែល១ចង្អាមពីភ្នែក និងមានស្លាកស្នាមកាត់យកភ្លុកទាំង២របស់វា ព្រមទាំងកន្ទុយផងដែរ។ មន្ត្រីជំនាញ ក៏កំពុងតាមដាន និងស្រាវជ្រាវ ដើម្បីវែកមុខជនពាក់ព័ន្ធ ជាមួយការបាញ់សត្វដំរីនេះមកផ្តន្ទាទោស។ ចំពោះសត្វដំរីដែលងាប់ខាងលើ និងត្រូវយកទៅកប់នៅកន្លែងសុវត្ថិភាពមួយ ដើម្បីរក្សាគ្រោងឆ្អឹងរបស់វា ទុកស្រាវជ្រាវជាបន្តទៀត សម្រាប់ការសិក្សាស្រាវជ្រាវ ជាផលប្រយោជន៍ បែបវិទ្យាសាស្ត្រ ផ្នែកជីវចម្រុះ៕ ដោយ៖បញ្ញាស័ក្តិ