ខេត្តស្វាយរៀង ៖ កាលពីចុងសប្តាហ៍កន្លងទៅក្រុមអ្នកបើករថយន្តដឹកកម្មករជាង៣០០នាក់ បានផ្ទុះការតវ៉ាពាក់ព័ន្ធទៅនឹងខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេនក្រុងបាវិត ដែលបានទាមទារឲ្យម្ចាស់រថយន្តដឹកកម្មករ បង់លុយទៅឲ្យខាងតំបន់ក្នុង១ឆ្នាំ រថយន្តមួយគ្រឿងចំនួន១០ដុល្លារ តែក្រុមរថយន្តដឹកកម្មករមិនព្រមបង់ ដោយសំអាងថា គ្មានតំបន់ណាគេតម្រូវឲ្យបង់ដូច្នេះទេ។
ក្រុមម្ចាស់រថយន្តដឹកកម្មករ បានឲ្យដឹងថាៈនៅក្នុងតំបន់សេដ្ឋកិច្ចមេហាធេននេះ មានរថយន្តដឹកកម្មករចំនួន៣៤៥គ្រឿង ដែលបានដឹកកម្មករជារៀងរាលថ្ងៃ ហើយនៅព្រឹកនេះដែរ ខាងតំបន់បានហៅពួកគាត់ ឲ្យប្រជុំពិភាក្សាគ្នារឿងបង់លុយ ឲ្យខាងតំបន់ចំនួន១០ដុល្លារអាមេរិក ក្នុងមួយឆ្នាំចំពោះរថយន្តមួយគ្រឿង តែក្រុមរថយន្តដឹកកម្មករ មិនព្រមទើបនាពេលកន្លងមកបាននាំគ្នាផ្ទុះការតវ៉ាតែម្តងទៅ។
ក្រុមអ្នកបើករថយន្តដឹកកម្មករ បានបន្តទៀតថា រាល់រថយន្តដឹកកម្មករណា មិនព្រមបង់លុយឲ្យខាងតំបន់ គឺគេមិនឲ្យបើកចូលក្នុងតំបន់នោះទេ ដូច្នេះមានតែឲ្យកម្មករចុះនៅលើថ្នល់ជាតិ ហើយដើរចូលទៅក្នុងរោងចក្រតែម្តង។ នេះជាជម្រើសចុងក្រោយហើយ ដែលខាងតំបន់នៅតែយកលុយទៀតនោះ។
ក្រុមអ្នកបើករថយន្តដឹកកម្មករអះអាងថា តាមបណ្តារោងចក្រនៅក្នុងតំបន់សេដ្ឋពិសេស មេហាធេននេះ ខាងរោងចក្រគេបង់លុយអស់ហើយ ចុះហេតុអ្វីនៅតែយកលុយពីពួគាត់ទៀត ហើយមួយវិញទៀត គ្មានតំបន់សេដ្ឋកិច្ចពិសេសណា គេយកលុយពីរថយន្តដឹកម្មករនោះទេ ទើបតែឃើញតំបន់នេះមួយទេ ដែលតម្រូវឲ្យពួកគាត់បង់លុយ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះផងដែរលោក ខេន តំណាងតំបន់ manhattan បានឲ្យដឹងថា នាពេលកន្លងមកខាងតំបន់ធ្លាប់បានធ្វើការណែនាំផ្សព្វផ្សាយជូនដំណឹងទៅដល់បងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករទាំងអស់នោះរួចហើយផងដែរហើយក្រោយពីមានការតវ៉ាពីខាងម្ចាស់រថយន្តដឹកកម្មករខ្លះមិនព្រមបង់ថវិកា ហើយមួយចំនួនក៏បានបង់ថវិការួចរាល់ហើយព្រោះគេយល់ពីគោលការណ៍ក្នុងការបង់តម្លៃ ១០. ដុល្លារក្នុងមួយឆ្នាំទៅលើសេវាអនាម័យនិងស្ទីកឃ័រសម្រាប់បិទនៅលើកញ្ចក់ឡានរួមនឹងការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់។
ខាងតំណាងតំបន់បានបញ្ជាក់ទៀតថាៈនៅលើ sticker ឡានដឹកកម្មករទាំងនោះមានឈ្មោះនិងលេខអត្តសញ្ញាណប័ណ្ណភូមិកំណើតរបស់ម្ចាស់រថយន្តទាំងអស់ ។ ដូចស្លាកលេខដែរ(ឧ)បើមានករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចអាចចុះឆែកជាមួយក្រុមហ៊ុនរោងចក្រដឹងថា ម្ចាស់រថយន្តនោះរស់នៅទីណាមិនបាប់ទៅឆែកនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តទេ។
លោកក៏បានសំណូមពរទៅដល់ម្ចាស់រថយន្តទាំងអស់ឲ្យចូលរួមចំណែកសំអាតបរិស្ថាននិងអនាម័យហើយក្នុងការបង់ថវិកាបន្តិចបន្តួចនេះមិនមែនក្រុមហ៊ុនយកលុយទៅសម្រាប់ចង់បានចង់មាននោះទេគឺយកថ្លៃសេវាអនាម័យនិង sticker តែប៉ុណ្ណោះហើយក៏បានចេញវិក័យបត្រជូនផងដែរសូមបងប្អូនកុំច្រឡំ។
ក្រុមរថយន្តដឹកកម្មករ ក៏បានសំណូមពរដល់ខាងតំបន់សេដ្ឋកិច្ចពិសេ សូមគិតពិចារណាឡើងវិញ ចំពោះយកលុយពីរថយន្តដឹកកម្មករ ព្រោះអាចខាតច្រើន ដែលអាចកម្មករមិនបានថែមម៉ោង ចំណាយពេលយូរទម្រាំដើរដល់ថ្នល់ជាតិ រករថយន្តជិះ ធ្វើឲ្យខាតបង់ពីថៅកែរោងចក្រ។ ក្នុងនោះក្រុមរថយន្តដឹកកម្មករ សំណូមពរទៅលោកអភិបាលខេត្តស្វាយរៀង ឲ្យជួយអន្តរាគមន៍ចំពោះរឿងនេះផងដែរ ដើម្បីធ្វើយ៉ាងណា កុំឲ្យខាងតំបន់យកលុយពីរថយន្តដឹកកម្មករ ព្រោះនាំឲ្យខាតប្រយោជន៍កម្មករ។
ទោះបីជាយ៉ាងណាក៏ដោយបងប្អូនក្រុមអ្នកបើកបររថយន្តដឹកកម្មករបាននាំគ្នាយល់ព្រមបង់ថ្លៃក្នុងរថយន្តមួយគ្រឿងចំនួន១០ដុល្លារឱ្យទៅខាងតំបន់ជាបណ្តើរៗរួចហើយផងដែរក្រោយពីមានការសម្របសម្រួលពីខាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន៕ វ៉ៃកូ