Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ជម្រាបជូន​គណៈកម្មកា​រ​រដ្ឋសភា អំពី​លទ្ធផល​ការងារ​កន្លងមក និង​ផែនការ​សកម្មភាព របស់​ក្រសួង​សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​

​ភ្នំពេញ​៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​សហការី​មកកាន់ វិមាន​រដ្ឋសភា ដើម្បី​ជម្រាបជូន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ដែលមាន លោក ជា វ៉ាន់​ដេ​ត ជា​ប្រធាន​គណៈកម្មការ អំពី​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវអនុវត្ត​បន្ត សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​។​

​លោក លឹម គានហោ បាន​មានប្រសាសន៍​ទៀតថា កន្លងមក​រហូតដល់​បច្ចុប្បន្ន ក៏ដូចជា​ទិសដៅ​ដែល​ត្រូវអនុវត្ត​បន្ត ក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​ផែនការ​សកម្មភាព និង​វិធានការ​ដោះស្រាយ​ច្បាស់លាស់​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដែលមាន​ដូចជា ការអនុវត្ត យុទ្ធសាស្ត្រ​ពាងទឹក ការគ្រប់គ្រង​អាង​ទន្លេ និង​ធនធានទឹក​ចម្រុះ ការព្យាករណ៍​អាកាសធាតុ ការគ្រប់គ្រង​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ការកសាង​មូលដ្ឋាន​បច្ចេកទេស ការជំរុញ​លើ​ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ការពង្រឹង​សមត្ថភាព ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ជាដើម​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បានលើកឡើង​ដែរ​ថា ទន្ទឹមនឹង​លទ្ធផល​ដែល​ក្រសួង​សម្រេចបាន ក៏​នៅមាន​បញ្ហា​ប្រឈម មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ត​ផងដែរ ដោយ​លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ដល់​រដ្ឋសភា សូមជួយ​អន្តរាគមន៍ គាំទ្រ ជំរុញ​ក្នុង​ការបង្កើន​ថវិកា សម្រាប់​ការងារ​ស្រាវជ្រាវ​វិស័យ​ធនធានទឹក និង​ឧតុនិយម ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក ជា វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង បំពេញការងារ​របស់​ក្រសួង​ក្រោម​ការដឹកនាំ ផ្ទាល់​របស់លោក​មរ​ដ្ឋ​មន្ត្រី ដោយបាន​សម្រេច​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន ក្នុង​ក្របខ័ណ្ឌ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដែល​បានរួម​ចំណែក យ៉ាង​ធំធេង ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ចជាតិ​។​

​លោក​ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ក៏បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម និង​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា តាមរយៈ​ទិសដៅ​ជា​យុទ្ធសាស្ត្រ និង ផែនការ​សកម្ម​ភាពជា​អាទិភាព​ដែល​ក្រសួង​បានដាក់​ចេញ​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា និង​ធ្វើ​ឲ្យ​វិស័យ​ធនធានទឹក ដើរតួនាទី​កាន់តែ​សំខាន់ ថែមទៀត ក្នុង​ដំណើរការ​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​