សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានរំលឹកកុំឲ្យមានការញុះញង់ប្រជាពលរដ្ឋ ទៅរំលោភកាន់កាប់ដីធ្លីក្នុងតំបន់បេតិកភណ្ឌ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌផ្សេងៗទៀត ជា ពិសេសប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងពីបញ្ហានេះ មិនរំលោភដីធ្លី នៅក្នុងតំបន់ការពារ និងតំបន់មានប្រាង្គប្រាសាទតទៅទៀត។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ អំពាវនាវឱ្យមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋរួមគ្នា ថែរក្សាការពារអង្គរឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ខណៈដែលបច្ចុប្បន្ននេះរមណីយដ្ឋានអង្គរបានកំពុងឈរលំដាប់កំពូលលើពិភពលោក ទាំងគោលដៅទេសចរណ៍កិច្ចការ អភិរក្ស និងស្រាវជ្រាវ ។
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា ដែល ហង់ ពៅ ត្រូវបានតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួសលោកម ស៊ុំ ម៉ាប់ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ថ្លែងក្នុងពិធីនោះ លោក ស៊ុំ ម៉ាប់ បានចាត់ទុកការតែងតាំងអគ្គនាយកថ្មីនៅពេលនេះ ថាជាការបើកទំព័រមួយទៀតរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌អង្គរ មរតកដ៏ថ្លៃថ្លារបស់ជាតិ។លោកបន្ដថា សមិទ្ធផលដែលទទួលបាននាពេលកន្លងមក គឺបានកើតចេញពីការខំប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ក្រោមការចង្អុលណែនាំដោយផ្ទាល់ពីសម្ដេចវិបុលបញ្ញា និងក្រោមការតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើការប្តេជ្ញាចិត្តថានឹងបំពេញភារកិច្ចសម្របសម្រួលដើម្បីធានាឲ្យបាននូវភាពរលូន ស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នានៃកិច្ចដំណើរការការងារផ្ទៃក្នុងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាកិច្ចកិច្ចសហការល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូជាតិ-អន្តរជាតិពាក់ព័ន្ធក្នុងគោលបំណងសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងរយៈពេលវែងទៅមុខទៀត។
មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកម ស៊ុំ ម៉ាប់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ដែលបានខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ មានលទ្ធផលជាទីមោទនៈ ព្រមទាំងបានសហការយ៉ាងល្អជាមួយដៃគូជាតិ និងអន្ដរជាតិនានាក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌអង្គរ។ សម្រាប់លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា តួនាទីជាអគ្គនាយកអាជ្ញាធរជាតិអប្សរា មិនមែនជាការងារដែលងាយស្រួលទេ តែវាជាអំរែកមួយដ៏ធ្ងន់លើការងារបេតិកភណ្ឌមួយនេះ។ លើសពី លោកស្រី ក៏រំលឹកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងនាឱកាសនៃការប្រារព្វខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបញ្ជាក់ថា “សូមកុំឲ្យមានការញុះញង់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ទៅរំលោភកាន់កាប់ដីធ្លីក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌផ្សេងៗទៀត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយល់ដឹងពីបញ្ហានេះ មិនរំលោភដីធ្លីនៅក្នុងតំបន់ការពារនិងតំបន់មានប្រាង្គប្រាសាទតទៅទៀត”។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា រមណីយដ្ឋានអង្គរបានកំពុងតែឈរនៅលំដាប់ថ្នាក់កំពូលលើពិភពលោក ទាំងគោលដៅ ទេសចរណ៍ និងកិច្ចការអភិរក្ស ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបេតិកភណ្ឌ។ ត្រូវបានគេមើលឃើញថា ការងារអភិរក្ស ស្រាវជ្រាវ របស់កម្ពុជា កំពុងតែ ឈានមុខក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ហើយរមណីយដ្ឋានអង្គរ ក៏បានក្លាយជា ទីតាំងបុរាណវិទ្យាដ៏ធំជាងគេរបស់អង្គរការយូណេស្កូ សម្រាប់កិច្ចការអភិរក្ស ជួសជុល និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះផងដែរ។
លោកស្រី បានបន្តថា ក្រសួងវប្បធម៌បានកំពុងតែបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹង វប្បធម៌ ដោយធ្វើអ្វីមិនឱ្យមានការគំរាមកំហែងដល់រមណីយដ្ឋានអង្គរនិងប្រាង្គ ប្រាសាទ ផ្សេងៗទេ និងបន្តធ្វើការសិក្សា ស្រាវជ្រាវ និងស្នើដាក់តំបន់ប្រាង្គប្រាសាទ ទីក្រុង និងសម្បត្តិ វប្បធម៌អរូបីដែលមានតម្លៃលេចធ្លោជាសាកល បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោកស្រី បានបញ្ជាក់ ការងារអភិរក្ស ស្រាវជ្រាវ ថែរក្សាការពារសម្បត្តិបេតិក ភណ្ឌនេះមិនងាយស្រួលនោះទេ ដូច្នេះកូនខ្មែរទាំងអស់ត្រូវចេះជួយ ចេះឈឺឆ្អាល ថែរក្សា ការពារអង្គររបស់យើងឱ្យបានល្អ ខណៈដែលបច្ចុប្បន្ននេះមានជនជាតិបរទេសមួយចំនួន ដែលគេមិនមែនជាខ្មែរផង គេបានមកចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការងារ ជួសជុលប្រាសាទ អភិរក្ស ថែរក្សាអង្គរ ៕ ដោយ ៖ កូឡាប