ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំដាស់តឿនការរក្សាថែទាំទឹក និងប្រភពទឹក និងការប្រើប្រាស់ សន្សំសំចៃទឹក ជាមួយនឹងការជូនដំណឹង អំពីការព្យាករណ៍ការកើនកម្តៅ នៅក្នុងខែមេសា ឬឧសភា ដែលអាចហក់ខ្ពស់ រហូតពី៤០ដល់៥០អង្សាសេ ឬ ស្មើនឹង១២២អង្សា Fahrenheit ។
បើសិនជាសីតុណ្ហភាពកម្តៅអាចឡើងខ្ពស់ ដល់៥០អង្សាសេមែននោះ នោះគឺជាលើកដំបូងហើយ ដែលកម្ពុជា នឹងត្រូវឆ្លងកាត់នូវកម្តៅដ៏ក្តៅមិនដែលធ្លាប់ជួបប្រទះ ក្នុងរដូវប្រាំងនាពេលកន្លងមក។ សេចក្តីណែនាំជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី២៥កុម្ភៈ បានធ្វើឡើងក្នុងពេលដែលកម្ពុជា កំពុងរងនឹងបាតុភូតកម្តៅ El Nino ដែលបង្កអោយមានភាពក្តៅ ហួតហែង និងរំពឹងការខ្វះទឹកតាមកន្លែងមួយចំនួននោះថែមទៀត។
កម្ពុជា ធ្លាប់រងនឹងបាតុភូតកម្តៅអែលនីញ៉ូចុងក្រោយមួយកាលពីដើមឆ្នាំ២០១៦ ដោយបានធ្វើអោយប្រជាពលរដ្ឋ ជាពិសេសតាមខេត្តនិងជនបទ បានប្រឈមនឹងការខ្វះទឹក ការរងឆេះព្រៃ ដំណាំកសិផលបានរងនឹងការស្វិតស្វិត ក្រៀម ងាប់ គ្មានសល់ ចំណែកសត្វគោក្របី ជ្រូកមាន់ទា បានស្លាប់ជាច្រើនថែមទៀតផងដែរ ដោយសារការក្តៅគ្មានទឹក និងការរងនឹងជម្ងឺដង្កាត់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទដដែល បានដាក់ចេញការបង្ការ៤ចំណុច ទាក់ទងនឹងការរក្សាទឹកនិងប្រភពទឹក៖
១-ត្រូវចុះពិនិត្យមើលអណ្តូងស្រះទឹក និងរកវិធីដោះស្រាយជាបន្ទាន់នៅពេលអណ្តូងខូច និងស្រះទឹករីងស្ងួត។
២-ត្រូវធ្វើការណែនាំនិងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះដោយសារខ្វះខាតទឹក អោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃ។
៣-ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការជាតិនិងអន្តរជាតិដើម្បីឆ្លើយតបភ្លាមៗ ដល់ប្រជាBលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់។
និងទី៤-ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួងដើម្បីមានវិធានការណ៍បន្ទាន់៕ ដោយ ៖ កូឡាប