ពិតណាស់! ទារកព្រោះវានៅតូចពុំដឹងអ្វីទេ ។ ស្ត្រីជាម្តាយទាំងឡាយតែងខ្វាយខ្វល់ពេលនាំកូនជិះមធ្យោបាយសាធារណៈ ពិសេសផ្លូវឆ្ងាយ ។ នាងខ្លាចក្រែងកូនយំរំខានដល់អ្នកដទៃ ។
ថ្មីៗនេះទង្វើដ៏សុជីវធម៌ និងស៊ីវីល័យរបស់នារីកូរ៉េខាងត្បូងម្នាក់ក្នុងជើងហោះហើរពីប្រទេសនេះទៅកាន់អាមេរិក បានធ្វើឲ្យពួកគេចែករំលែកទុកជាបទពិសោធន៍ ។
តាមនោះព្រោះកង្វល់ខាងលើ នាងបានត្រៀម ហើយចែករបស់ ២០០កញ្ចប់ ដល់អ្នកដំណើរក្នុងជើងយន្តហោះជាមួយ ។ ក្នុងនោះមានស្ករគ្រាប់ ប្រដាប់បិទត្រចៀក និងសំបុត្រមួយ ។ ជើងហោះហើរនេះត្រូវចុះនៅ San Francisco អាមេរិកក្នុងអំឡុងពេល ១០ម៉ោងក្រោយ ។
សំបុត្រក្នុងកញ្ចប់នោះសរសេរថា ៖ “កូនជម្រាបសួរ! កូនឈ្មោះ Junwoo ហើយកូនទើបមានអាយុ ៤ខែ ថ្ងៃនេះកូនជិះយន្តហោះទៅអាមេរិកជាមួយម្តាយនិងសាច់ញាតិ ។ នេះជាលើកទី១ ដែលកូនជិះយន្តហោះ កូនភិតភ័យ ហើយខ្លាច ហេតុនេះកូនអាចយំឬបង្កការរំខាន ។ កូនមិនហ៊ានសន្យាឲ្យប្រាកដទេ តែនឹងប្រឹងនៅស្ងៀម ។ អ្នកទាំងអស់កុំខឹងកូនណា៎! ម្តាយរបស់កូនជូនស្ករគ្រាប់ និងប្រដាប់បិទត្រចៀក ហើយបើកូនបង្កស្នូររំខានមេត្តាជួយបិទត្រចៀកទៅណា៎! កូនសុំអរគុណជូនពរអ្នកទាំងអស់មានដំណើរហោះហើរសុវត្ថិភាព!” ។
ត្រឹមតែប៉ុណ្ណឹងសោះ! អ្នកណាៗលើយន្តហោះសុទ្ធតែរីករាយ ។ ព្រោះថា ១០ម៉ោង លើយន្តហោះជាពេលវេលាមួយមិនខ្លីទេ ពិសេសម្តាយមានកូនខ្ចី ត្រូវប្រឹងខ្លាំងណាស់! ៕ ចន្ទ្រា